ឯកឧត្ដម នេត្រ ភក្រ្ដា៖ បច្ចេកវិទ្យា គឺជាឧបករណ៍ ប៉ុន្តែមាតិកា គឺជាបេះដូង ហើយប្រព័ន្ធ គឺជាមធ្យោបាយ ប៉ុន្តែភាពជឿទុកចិត្តរបស់ប្រជាពលរដ្ឋ គឺជាគោលដៅ
AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា បច្ចេកវិទ្យា គឺជាឧបករណ៍ ប៉ុន្តែមាតិកា គឺជាបេះដូង ហើយប្រព័ន្ធ គឺជាមធ្យោបាយ ប៉ុន្តែភាពជឿទុកចិត្តរបស់ប្រជាពលរដ្ឋ គឺជាគោលដៅ។
ដូច្នេះ ការមានគេហទំព័រល្អ មិនទាន់គ្រប់គ្រាន់ទេ អ្វីដែលសំខាន់ជាងនេះ តើយើងអាចធ្វើឱ្យគេហទំព័រទាំងនេះ រស់រវើក មានប្រយោជន៍ ទាន់ពេលវេលា និងមានភាពជឿជាក់ បានកម្រិតណា។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «គេហទំព័ររួមមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥» នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ឯកឧត្ដម នេត្រ ភក្រ្ដា បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការគេហទំព័ររួមរបស់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥ នៅថ្ងៃនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការឆ្លើយតបនឹងតម្រូវការថ្មី ហើយតាមរយៈការបង្កើត «អត្តសញ្ញាណឌីជីថលរួម» (Unified Digital Identity) ក្រោមដែនជាតិ «.info.gov.kh» យើងកំពុងបង្កើតភាពងាយស្រួលក្នុងការស្គាល់ និងស្វែងរកប្រភពព័ត៌មានផ្លូវការរបស់មន្ទីរព័ត៌មានរាជធានី-ខេត្ត។ ឯកឧត្ដមបានថ្លែងបញ្ជាក់ថា៖ «អត្តសញ្ញាណរួមនេះ គឺជាចំណុចសំខាន់មួយសម្រាប់ការកសាងទំនុកចិត្ត»។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា នៅក្នុងពិភពឌីជីថល ដែលព័ត៌មានមានច្រើនរាប់មិនអស់ ហើយព័ត៌មានពិត និងព័ត៌មានមិនពិតអាចរីករាលដាលក្នុងល្បឿនដូចគ្នា ខណៈគេហទំព័រផ្លូវការទាំង ២៥ នេះ ត្រូវក្លាយជាប្រភពដែលប្រជាពលរដ្ឋអាចចូលទៅស្វែងរកព័ត៌មានផ្លូវការ និងព័ត៌មានដែលអាចផ្ទៀងផ្ទាត់បាន។

ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា អ្វីដែលធ្វើឱ្យមានមោទនភាពខ្លាំងបំផុត គឺគម្រោងនេះមិនបានបញ្ចប់ត្រឹមការរចនាប្រព័ន្ធ ឬការបណ្តុះបណ្តាលប៉ុណ្ណោះទេ ហើយវាបានបង្កើតជាលទ្ធផលជាក់ស្តែង និងកំពុងបម្រើសង្គមរួចជាស្រេច។ ឯកឧត្ដមបានឱ្យដឹងផងដែរថា គិតមកត្រឹមថ្ងៃនេះ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥ បានផលិត និងផ្សព្វផ្សាយព័ត៌មាន ព្រមទាំងមាតិកាឌីជីថល សរុបប្រមាណ ជាង ១៤.០០០ អត្ថបទ ហើយមានអ្នកចូលទស្សនាសរុប ជាង ១០០.០០០នាក់។ ឯកឧត្ដមរដ្ឋមន្រ្ដីបានអះអាងថា តួលេខទាំងនេះ មិនមែនគ្រាន់តែជាលេខនៅលើរបាយការណ៍នោះទេ នៅពីក្រោយតួលេខនីមួយៗ គឺជាការខិតខំរបស់មន្ត្រីព័ត៌មាន ហើយនៅពីក្រោយអត្ថបទនីមួយៗ គឺជាព័ត៌មានសម្រាប់សាធារណជន និងការគាំទ្រពីក្រសួងប្រៃសណីយ៍ ខណៈនៅពីក្រោយអ្នកចូលទស្សនានីមួយៗ គឺជាប្រជាពលរដ្ឋដែលកំពុងស្វែងរកព័ត៌មាន។ ឯកឧត្ដមរដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា៖ «នេះជាសក្ខីភាពយ៉ាងច្បាស់ថា មន្ទីរព័ត៌មានរាជធានី-ខេត្ត បាននិងកំពុងចាប់ផ្តើមបំពេញតួនាទីជាប្រភព និងជាមជ្ឈមណ្ឌលព័ត៌មានឌីជីថលនៅថ្នាក់មូលដ្ឋាន ប្រកបដោយភាពសកម្ម ទំនួលខុសត្រូវ និងវិជ្ជាជីវៈ។ អ្វីដែលសំខាន់ជាងនេះ គឺយើងត្រូវបន្តធ្វើឱ្យគ្រប់ព័ត៌មានដែលផ្សព្វផ្សាយ មានគុណភាព មានប្រយោជន៍ និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ»។
ក្នុងឱកាសនោះ ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានបន្ថែមទៀតថា ថ្ងៃនេះ យើងមិនបានសម្ពោធត្រឹមតែគេហទំព័រចំនួន ២៥ ប៉ុណ្ណោះទេ យើងកំពុងសម្ពោធនូវបណ្តាញព័ត៌មានឌីជីថលរបស់ក្រសួងព័ត៌មាន ដែលបានចាប់ផ្តើមបម្រើប្រជាពលរដ្ឋរួចជាស្រេច ហើយយើងកំពុងបង្កើតស្ពានថ្មីមួយ ដែលភ្ជាប់ព័ត៌មានពីមូលដ្ឋានទៅថ្នាក់ជាតិ និងភ្ជាប់ព័ត៌មានពីស្ថាប័នរដ្ឋទៅកាន់សាធារណជន។ «សំខាន់ជាងនេះទៀត យើងកំពុងបង្ហាញឱ្យឃើញថា ការធ្វើបរិវត្តកម្មឌីជីថលរបស់ក្រសួងព័ត៌មាន មិនមែនជាចក្ខុវិស័យសម្រាប់ថ្ងៃស្អែកទេ។ វាគឺជាការពិតដែលកំពុងកើតឡើងនៅថ្ងៃនេះ។» នេះគឺជាការអះអាងបន្ថែមរបស់ឯកឧត្ដម នេត្រ ភក្រ្ដា។

បើតាមឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងព័ត៌មាន នេះគឺជាជំហានមួយ ប៉ុន្តែជាជំហានដ៏មានន័យ ហើយពីជំហាននេះ យើងនឹងបន្តទៅជំហានបន្ទាប់ គឺពីគេហទំព័រ ទៅកាន់ថ្នាលពហុប្រព័ន្ធ ពីព័ត៌មានប្រពៃណី ទៅកាន់ព័ត៌មានឌីជីថល ពីការផ្សព្វផ្សាយព័ត៌មាន ទៅកាន់ការផ្តល់សេវាព័ត៌មានដែលកាន់តែឆ្លើយតបនឹងប្រជាពលរដ្ឋ ពីប្រព័ន្ធដាច់ដោយឡែក ទៅកាន់ប្រព័ន្ធដែលមានការតភ្ជាប់ និងសមាហរណកម្ម។ ឯកឧត្ដមរដ្ឋមន្រ្ដីថ្លែងឱ្យដឹងបន្ថែមថា៖ «នេះគឺជាទិសដៅរបស់យើង ហើយនេះគឺជាអនាគតនៃវិស័យព័ត៌មានកម្ពុជា នៅក្នុងយុគសម័យឌីជីថល»៕
ដោយ៖ មករា





