មន្ត្រីក្រសួងព័ត៌មានកម្ពុជា១៤ រូប បញ្ចប់វគ្គបណ្តុះបណ្តាលឯកទេសស្តីពី «ប្រព័ន្ធផ្សព្វផ្សាយយុគសម័យថ្មី» ដោយជោគជ័យក្នុងសប្ដាហ៍ទី១នៅប្រទេសឥណ្ឌា
AKP ញូវដេលី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦--
មន្ត្រីកម្ពុជាចំនួន ១៤ រូប បានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី «ប្រព័ន្ធផ្សព្វផ្សាយយុគសម័យថ្មី និងបច្ចេកវិទ្យាព័ត៌មាន» ដោយជោគជ័យក្នុងសប្ដាហ៍ទី១ នៅវិទ្យាស្ថានជំនាញច្នៃប្រឌិតឥណ្ឌា (Indian Institute of Creative Skills) ក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា។

កម្មវិធីបណ្តុះបណ្តាលដែលរៀបចំដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍បច្ចេកវិទ្យាកុំព្យូទ័រទំនើប (C-DAC) នៅទីក្រុងញូវដេលី សហការជាមួយវិទ្យាស្ថានជំនាញច្នៃប្រឌិតឥណ្ឌា (Indian Institute of Creative Skills) ផ្តល់ឱ្យសិក្ខាកាមនូវបទពិសោធន៍អនុវត្តផ្ទាល់លើវិស័យជាច្រើន រួមមាន ការបង្កើតវីដេអូខ្លីៗ និង Reels ដោយប្រើបច្ចេកវិទ្យា VFX, ការកាត់តសំឡេង, ការអភិវឌ្ឍគេហទំព័រ WordPress, សារព័ត៌មានទិន្នន័យ (Data Journalism), ច្បាប់បច្ចេកវិទ្យាព័ត៌មាន និងឯកជនភាព ព្រមទាំងបទដ្ឋានក្រមសីលធម៌ និងការផ្ទៀងផ្ទាត់ការពិត។

សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលឯកទេសស្តីពី «ប្រព័ន្ធផ្សព្វផ្សាយយុគសម័យថ្មី និងបច្ចេកវិទ្យាព័ត៌មាន» ចាប់ផ្ដើមពីថ្ងៃទី១៤ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៦ នៅវិទ្យាស្ថានជំនាញច្នៃប្រឌិតឥណ្ឌា (Indian Institute of Creative Skills) ក្នុងទីក្រុងញូវដេលី។ កម្មវិធីបណ្តុះបណ្តាលឯកទេសនេះ ត្រូវបានរៀបចំឡើងក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC) ដែលជាគំនិតផ្តួចផ្តើមពង្រឹងសមត្ថភាពដ៏សំខាន់របស់ប្រទេសឥណ្ឌា ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៦៤៕

ដោយ៖ គង់ សិរីរ័ត្ន





