មន្ត្រីក្រសួងព័ត៌មានកម្ពុជា ១៤ រូបធ្វើទស្សនកិច្ចសិក្សានៅស្ថានីយទូរទស្សន៍ឥណ្ឌា
AKP ញូវដេលី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦--
មន្ត្រីក្រសួងព័ត៌មានកម្ពុជាចំនួន ១៤ រូប នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានធ្វើទស្សនកិច្ចសិក្សានៅស្ថានីយទូរទស្សន៍ឥណ្ឌា(India TV) ដើម្បីសិក្សាឈ្វេងយល់អំពីការអនុវត្តប្រព័ន្ធផ្សព្វផ្សាយ និងការគ្រប់គ្រងបច្ចេកទេសប្រព័ន្ធផ្សព្វផ្សាយ ទាំងបែបប្រពៃណី និងបែបទំនើប។

ដំណើរទស្សនកិច្ចនេះ រៀបចំដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍បច្ចេកវិទ្យាកុំព្យូទ័រទំនើប (C-DAC) នៅទីក្រុងញូវដេលី សហការជាមួយវិទ្យាស្ថានជំនាញច្នៃប្រឌិតឥណ្ឌា (Indian Institute of Creative Skills)។ ក្នុងដំណើរទស្សនកិច្ចនេះមន្ត្រីគ្រប់រូប បានសិក្សាដោយផ្ទាល់នៅតាមការិយាល័យនិពន្ធព័ត៌មាន ព្រមទាំងបានសាកសួរពីរបៀបគ្រប់គ្រងកម្មវិធី និងដំណើរប្រព័ន្ធផ្សព្វផ្សាយជាក់ស្តែង។

មន្ត្រីទូរទស្សន៍ឥណ្ឌា បានពន្យល់យ៉ាងក្បោះក្បាយពីដំណើរផ្សព្វផ្សាយពីផ្នែកមួយទៅផ្នែកមួយដល់មន្ត្រីក្រសួងព័ត៌មានកម្ពុជាបានស្ដាប់យ៉ាងជក់ចិត្ត និងមានសំនួរចម្លើយទៅវិញទៅមកផងដែរ។

ទន្ទឹមនេះ មន្ត្រីក្រសួងព័ត៌មានកម្ពុជា ក៏បានថ្លែងអំណរគុណដល់មជ្ឈមណ្ឌលអភិវឌ្ឍន៍បច្ចេកវិទ្យាកុំព្យូទ័រទំនើប (C-DAC) និងវិទ្យាស្ថានជំនាញច្នៃប្រឌិតឥណ្ឌា (Indian Institute of Creative Skills)ដែលបានរៀបចំដំណើរទស្សនកិច្ចនេះ និងបានថ្លែងអំណរគុណដល់មន្ត្រីទស្សន៍ឥណ្ឌាដែលបានទទួលស្វាគមន៍ដោយភាពកក់ក្ដៅ និងរួសរាយរាក់ទាក់៕
ដោយ៖ គង់ សិរីរ័ត្ន





