ឯកឧត្តម នេត្រ ភក្រ្តា៖ ព័ត៌មានក្លែងក្លាយមិនទាន់មាននិន្នាការថយចុះនៅឡើយទេ តែប្រជាពលរដ្ឋ កាន់តែយល់ដឹងច្រើន ហើយខ្លះថែមទាំងចូលរួមទប់ស្កាត់ថែមទៀត
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ -- គិតរហូតមកដល់ពេលនេះព័ត៌មានក្លែងក្លាយ បើទោះបីក្រសួងព័ត៌មាន បានខិតខំផ្សព្វផ្សាយ និងអប់រំឱ្យយល់ដឹងអំពីព័ត៌មានណាក្លែងក្លាយ និងព័ត៌មានណាពិត តែក៏នៅមិនទាន់មាននិន្នាការថយចុះនៅឡើយទេ ប៉ុន្តែយ៉ាងណាក្តីពលរដ្ឋកម្ពុជា កាន់តែច្រើនឡើងបានយល់ដឹងអំពីព័ត៌មាននេះគឺកាន់តែច្រើនឡើង និងមួយចំនួនថែមទាំងចូលរួមទប់ស្កាត់ថែមទៀត។ នេះគឺជាការលើកឡើងរបស់ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ក្រោយពីបញ្ចប់វេទិកា ប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពារង្វាន់ជ័យលាភីអ្នកផលិតមាតិកាឆ្នាំ២០២៦ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ឯកឧត្ដម នេត្រ ភក្រ្ដា បានបញ្ជាក់ថា ប្រភពព័ត៌មានក្លែងក្លាយពុំទាន់មានការថយចុះ ហើយព័ត៌មានទាំងនេះមួយចំនួនកើតឡើងពីពលរដ្ឋរស់នៅក្រៅប្រទេស ដែលពួកគេបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីប្រយោជន៍នយោបាយ ឬបញ្ហាសេដ្ឋកិច្ចណាមួយ។ ឯកឧត្តម រដ្ឋមន្រ្ដីបានគូសបញ្ជាក់បន្ថែមថា ក្រសួងព័ត៌មាន បានវាយត្រាជាប់ជាប្រចាំនូវរាល់ព័ត៌មានទាំងឡាយណាដែលមានចរិកញុះញ៉ុង ដែលជាព័ត៌មានខុសពីការពិត បង្កើតព័ត៌មានក្លែងក្លាយដើម្បីឱ្យប្រជាពលរដ្ឋបានដឹង ហើយមិនចែករំលែកបន្ត ខណៈពេលខ្លះព័ត៌មានក្លែងក្លាយនេះគឺមានការបិតចោលតែម្តងដើម្បីកុំឱ្យមានការមើលឃើញថែមទៀត។ ឯកឧត្ដមរដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រសួងព័ត៌មានខិតខំផ្សព្វផ្សាយអប់រំសំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានចំណេះដឹងត្រឹមត្រូវ ហើយរួមគ្នាទប់ស្កាត់ព័ត៌មានប្រភេទគ្រោះថ្នាក់មួយបែបនេះ។ កន្លងមក ក្រសួងព័ត៌មាន បានធ្វើយុទ្ធនាការជាច្រើនលើកដោយបានផ្តោតសំខាន់ទៅលើសិស្សសាលាដោយសារពួកគេជាច្រើនបានប្រើប្រាស់ទូរស័ព្ទដៃ ដោយត្រូវធ្វើយ៉ាងណាឱ្យយុវជនដែលបានប្រើប្រាស់ទូរស័ព្ទដៃមានប្រយោជន៍ និងបម្រើលើការរៀនសូត្រ។ ក្រៅពីនេះ ក៏ត្រូវយកចិត្តទុកដាក់មិនលង់ទៅនឹងព័ត៌មានក្លែងក្លាយដែលជាគ្រោះថ្នាក់មួយសម្រាប់ពួកគេដែរ។»

ពាក់ព័ន្ធចំពោះជនដែលធ្វើការបង្ហោះព័ត៌មានក្លែងក្លាយវិញ ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់ឱ្យដឹងថា ការផ្សព្វផ្សាយព័ត៌មានជាសិទ្ធិរបស់ពួកគេ តែបើការបង្ហោះព័ត៌មាននោះហួសបន្ទាត់ក្រហម ដោយប្រើការព្សព្វផ្សាយដើម្បីការញុះញ៉ុង ឬក៏បង្កចលាចល បង្កើតបញ្ហាដល់សង្គម ឬក៏បរិហារកេរ្តិ៍ដល់អ្នកដទៃ ឬធ្វើអ្វីមួយដែលមិនស្របតាមច្បាប់ គឺត្រូវតែប្រឈមទៅនឹងបញ្ហាច្បាប់ហើយ។ ឯកឧត្ដមរដ្ឋបានរម្លឹកផងដែរថា កន្លងទៅនេះ ក្រសួងបានទទួលបណ្តឹងពីអ្នកដែលទទួលរងប៉ះពាល់ដល់កិត្តិយសរបស់ពួកគេ ហើយបានប្តឹងមកក្រសួងដើម្បីដោះស្រាយបញ្ហា។

ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា៖ «ហេតុនេះ ក្រសួងត្រូវកោះហៅអ្នកសារព័ត៌មានដែលមានបញ្ហានោះចូលខ្លួនមកអប់រំ និងមកដោះស្រាយជាមួយអ្នកមានបញ្ហា ដែលជាអ្នករងគ្រោះ។ ចំណែក អ្នកទទួលរងប៉ះពាល់ខ្លាំង ក្នុងនេះដូចជាប៉ះពាល់ដល់សន្តិសុខជាតិដូចជាផ្តល់រូបភាពសកម្មភាពរបស់យោធា រួចហើយបញ្ជូនទៅកាន់ក្រៅប្រទេសដែលជាអ្នកឈ្លានពានយើងនោះជាការធ្វើចារកម្មហើយ។ អីចឹង ក្រសួងបានចាត់វិធានការនេះទៅតាមច្បាប់»៕
ដោយ៖ មករា, រូបថត៖ យឹម សុវឌ្ឍនា





