មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំដឹកនាំកងកម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ
AKPកំពង់ធំថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២៦ -- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជា ការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំអមដំណើរដោយលោក ស៊ាន់ សុភាព អភិបាលរងស្រុកកំពង់ស្វាយកាលពីថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៦បានដឹកនាំកងកម្លាំងចម្រុះ ដែលមានអាជ្ញាធរដែនដីនិងសមត្ថកិច្ចជំនាញរដ្ឋបាលជលផលក្នុងការធ្វើសកម្មភាពបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅតំបន់អាង២០០០និងអាង៨០០ស្ថិតនៅក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយនិងមួយផ្នែកនៃសង្កាត់ស្រយ៉ូវក្រុងស្ទឹងសែនខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លទ្ធផលក្នុងការធ្វើសកម្មភាពនៅក្នុងតំបន់អាង២០០០និងអាង៨០០ថ្ងៃនេះបានកាប់បំផ្លាញចោលនៅនឹងកន្លែងនូវរបាំងស្បៃមុងខុសច្បាប់បាន១០របាំង ប្រវែង៣០០ម៉ែត្រឡុក១០ លបឬលូ១០មាត់។ របាំងសាច់អួនក្រឡាញឹកខុសច្បាប់ ចំនួន២របាំងប្រវែង៦០០ ម៉ែត្រដែលខុសប្រវែងច្បាប់កំណត់ប្រមាណជាង២០០ម៉ែត្រឡុក៤លបឬលូ៨មាត់ បង្គោលឈើចំនួន៤០០ដើមនិងបានចាក់លែងកូនត្រីចម្រុះប្រមាណ៣៥ គីឡូក្រាមចូលបឹងធម្មជាតិវិញ។

ក្នុងឱកាសនោះឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់កងកម្លាំងចម្រុះទាំងអស់ ដែលប្រចាំការការពារ ទប់ ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រឃុំកំពង់គោនិងឃុំផាត់ សណ្ដាយស្រុកកំពង់ស្វាយត្រូវបន្តយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទ ល្មើសនេសាទខុសច្បាប់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ពិសេសរបាំស្បៃមុងកុំឱ្យមានតទៅទៀតព្រោះវាបានបំផ្លាញដល់ធនធានមច្ឆជាតិរបស់យើង ដែលមិនអាចធំលូតលាស់បាន។

ជាមួយនោះដែរឧត្តមសេនីយ៍ទោសោម ស៊ុនបានជំរុញឱ្យសមត្ថកិច្ចជំនាញ ស្រាវជ្រាវរកមុខសញ្ញាជនប្រើប្រាស់ឧបករណ៍ឆក់ត្រីដើម្បីអនុវត្តតាមនីតិវិធីច្បាប់ដោយគ្មានការលើកលែងឡើយ ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ប្រេងឥន្ធនៈ ៣៦០លីត្រ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនលោកអនុសេនីយ៍ឯក ហែម ថន ប្រធានទីបញ្ជាការស្រាលបង្ក្រាបបទល្មើនេសាទនៅឃុំផាត់ សណ្ដាយ និងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ដើម្បីបន្តសកម្មភាពក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ឱ្យមានប្រសិទ្ធភាពនិងទទួលបានជោគជ័យបន្ថែមទៀត៕




ដោយ៖ ស៊ុម វណ្ណា





