លោក លី និងប្រធានទីភ្នាក់ងារថាមពលអន្ដរជាតិ ពិភាក្សាអំពីការឆ្លើយតបទៅនឹងវិបត្តិថាមពល
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ -- លោក លី ជេម្យុង (Lee Jae Myung) បានជួបពិភាក្សាជាមួយលោក ហ្វាទីហ៍ ប៊ីរ៉ូល (Fatih Birol)នាយកប្រតិបត្តិនៃទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) កាលពីថ្ងៃព្រហស្បតិ៍អំពីវិធានការឆ្លើយតបទៅនឹងវិបត្តិថាមពលសកល។
នៅក្នុងកិច្ចប្រជុំនៅឯវិមានប្រធានាធិបតី (Cheong Wa Dae) លោកលី បានលើកឡើងថា ប្រទេសកូរ៉េខាងត្បូងកំពុងប្រឈមមុខនឹងបញ្ហាប្រឈមនានាក្នុងដំណើរការផ្លាស់ប្តូរទៅរកប្រភពថាមពលកកើតឡើងវិញដោយសារតែវិបត្តិថាមពលដែលបង្កឡើងដោយជម្លោះកំពុងបន្តកើតមាននៅក្នុងតំបន់មជ្ឈិមបូព៌ា។
លោកបានស្នើឱ្យលោក ប៊ីរ៉ូល ចែករំលែកទស្សនៈអំពីរបៀបឆ្លើយតបទៅនឹងវិបត្តិនេះ និងការរំពឹងទុកអំពីការវិវត្តនៃស្ថានភាពនាពេលខាងមុខ ដោយបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូងនឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីសហការជាមួយផែនការយុទ្ធសាស្ត្ររបស់ទីភ្នាក់ងារ IEA។
ប្រធានទីភ្នាក់ងារ IEA បានកត់សម្គាល់ពីការកើនឡើងនៃការប្រើប្រាស់ថាមពលអគ្គិសនី ឬការផ្លាស់ប្តូរពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលទៅជាថាមពលអគ្គិសនី ដែលនេះគឺជាចំណុចសំខាន់នៃគោលនយោបាយសម្រាប់សន្តិសុខថាមពល។
លោកបានកោតសរសើររដ្ឋាភិបាលកូរ៉េខាងត្បូងចំពោះការបោះជំហានឆ្ពោះទៅរកការប្រើប្រាស់ថាមពលអគ្គិសនី ដោយលើកឡើងថាគំនិតផ្តួចផ្តើមនេះមិនត្រឹមតែជួយគាំទ្រដល់អធិបតេយ្យភាព និងសេដ្ឋកិច្ចរបស់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ។
យោងតាមការិយាល័យប្រធានាធិបតីបានឱ្យដឹងថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីបន្តពីសំណើរបស់លោក លី ក្នុងអំឡុងកិច្ចប្រជុំកំពូលG7 កាលពីខែមិថុនា ដែលបានពិភាក្សាអំពីវិធីសាស្ត្រសហការដើម្បីពង្រឹងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលរបស់បណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





