ស្ថានទូតអាម៉េរិកនៅភ្នំពេញ ដាក់តាំងពិព័រណ៍សារមន្ទីរស្ថាបនិកសេរីភាព ២៥០ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ -
ដើម្បីអបអរសាទរខួប ២៥០ ឆ្នាំនៃការកកើតសហរដ្ឋអាមេរិក លោកស្រី Aleks Zittle ភារធារីស្ថានទូតអាម៉េរិក និងលោកបណ្ឌិត Matthew Schenk សាកលវិទ្យាធិការ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានអញ្ជើញជាអធិបតីក្នុងការបើកការតាំងពិព័រណ៍ សារមន្ទីរ ស្ថាបនិក សេរីភាព២៥០ ឆ្នាំ នៅសាកលវិទ្យាល័យ AUPP។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា។
សារមន្ទីរស្ថាបនិក គឺជាគំនិតផ្តួចផ្តើមរបស់សេតវិមាន ដែលជាពិព័រណ៍អប់រំបែបអន្តរកម្ម បង្ហាញនូវប្រវត្តិ សាស្ត្រ និងវប្បធម៌អាម៉េរិកប្រកបដោយភាពរស់រវើក។ ពិព័រណ៍នេះ មានដាក់បង្ហាញនូវការប្រមូលផ្តុំយ៉ាង សម្រិតសម្រាំង រំលេចពីក្រុមស្ថាបនិកប្រទេស ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗ និងវីរបុរសអាម៉េរិក ដែលភាពក្លាហាន និងគំនិតច្នៃប្រឌិតរបស់ពួកគាត់ បាននិងកំពុងបន្តជំរុញកសាងសហរដ្ឋអាមេរិក។ ភ្ញៀវចូលរួមអាចស្កែនកូដ QR លើទូរសព្ទដៃរបស់ពួកគេ ដើម្បីទស្សនាវីដេអូមានចលនា របស់ឥស្សរជន អាម៉េរិកល្បីៗ ដើម្បីចែករំលែករឿងរ៉ាវផ្ទាល់ខ្លួនរបស់ពួកគាត់។

លោកស្រី Aleks Zittle ភារធារីស្ថានទូតអាម៉េរិក បានមានប្រសាសន៍ថា៖ «ថ្ងៃនេះ យើងសូមស្វាគមន៍សា ជាថ្មីម្តងទៀត នូវសារមន្ទីរស្ថាបនិកសេរីភាព២៥០ ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីបានធ្វើដំណើរជុំវិញ ប្រទេសកម្ពុជា ក៏ដូចជាបានតាំងបង្ហាញនៅតាមបណ្ណាល័យអាម៉េរិក American Corner ក្នុងឆ្នាំនេះ។ សារមន្ទីរស្ថាបនិកនេះ គឺជាផ្នែកមួយដ៏សំខាន់នៃការអបអរសាទរខួបទី ២៥០ ឆ្នាំរបស់យើង ដែលភ្ញៀវ ទស្សនា អាចយល់ដឹងអំពីប្រវត្តិសាស្ត្រអាម៉េរិក និងស្វែងយល់ពីមនុស្ស ព្រមទាំងព្រឹត្តិការណ៍នានា ដែលបានជួយកសាងសហរដ្ឋអាមេរិកឡើង»។
សូមជម្រាបជូនថា ការតាំងពិព័រណ៍ ស្ថាបនិកសេរីភាព ២៥០ នៅសាកលវិទ្យាល័យ AUPP នេះ ជាផ្នែកមួយនៃយុទ្ធនាការ អបអរសាទរសេរីភាព ២៥០ របស់ស្ថានទូតអាមេរិកនៅភ្នំពេញ ដោយបង្ហាញពីប្រវត្តិសាស្ត្រអាមេរិក និង អបអរសាទរនូវសមិទ្ធផលយូរអង្វែងរបស់សហរដ្ឋអាមេរិក ជាមួយសិស្ស និស្សិត និងសាធារណជន ទូទៅនៅកម្ពុជា។ សារមន្ទីរស្ថាបនិកនេះ នឹងដាក់បង្ហាញជូនសាធារណជនទស្សនានៅសាកលវិទ្យាល័យ AUPP ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២៦៕


ដោយ៖ រិទ្ធី





