ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ បង្ហាញពីសក្តានុពលនៃវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា ក្នុងកិច្ចប្រជុំកំពូលធានារ៉ាប់រងអាយុជីវិតអាស៊ី ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ —
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ បានបង្ហាញសក្តានុពលជាវិជ្ជមាននៃវិស័យធានារ៉ាប់រងអាយុជីវិតរបស់កម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលធានារ៉ាប់រងអាយុជីវិត អាស៊ី ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅទីក្រុងហុងកុង នាពេលថ្មីៗនេះ ដោយបានលើកឡើងថា វិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក ព្រូ ស៊ីថន អគ្គនាយក ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ បានថ្លែងទៅកាន់ថ្នាក់ដឹកនាំ និងអ្នកតាក់តែងគោលនយោបាយក្នុងវិស័យធានារ៉ាប់រងប្រចាំតំបន់ ដោយបានបង្ហាញពីផែនការយុទ្ធសាស្ត្រដ៏ពេញលេញមួយ ក្នុងគោលដៅកាត់បន្ថយគម្លាតនៃការការពារផ្នែកហិរញ្ញវត្ថុសម្រាប់ការចូលនិវត្តន៍សម្រាប់ទីផ្សារដែលកំពុងរីកចម្រើនថ្មីៗ និងទីផ្សារដែលមានការអភិវឌ្ឍខ្ពស់នៅអាស៊ី។
នៅក្នុងបទបង្ហាញក្រោមប្រធានបទ «ការកាត់បន្ថយគម្លាតនៃការការពារផ្នែកហិរញ្ញវត្ថុសម្រាប់ការចូលនិវត្តន៍នៅអាស៊ី និងទស្សនវិស័យនៃវិស័យធានារ៉ាប់រងអាយុជីវិតនាឆ្នាំ ២០៣០» លោក ព្រូ ស៊ីថន បានបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាឧទាហរណ៍គំរូដ៏ល្អមួយនៃទីផ្សារកំពុងមានការរីកចម្រើនដែលមានសក្តានុពលខ្ពស់ ជាមួយនឹងរចនាសម្ព័ន្ធសេដ្ឋកិច្ចវ័យក្មេង។ លោកបានបញ្ជាក់ឱ្យដឹងទៀតថា ជាមួយក្រុមប្រជាជនដែលមានអាយុជាមធ្យមត្រឹមតែ ២៧ ឆ្នាំ កម្ពុជា មានភាពខុសគ្នាយ៉ាងខ្លាំងពីទីផ្សារដែលមានភាពចាស់ទុំនៅអាស៊ីខាងជើង ដែលក្រុមប្រជាជនមានអាយុមធ្យមប្រមាណជា ៤៨ ឆ្នាំ។ ទន្ទឹមនេះ អត្ថប្រយោជន៍ផ្នែកប្រជាសាស្ត្រនេះ ផ្តល់ឱកាសដ៏ពិសេសមួយសម្រាប់កម្ពុជាក្នុងការកសាងមូលដ្ឋានគ្រឹះហិរញ្ញវត្ថុប្រកបដោយចីរភាព មុនពេលការកើនឡើងនៃចំនួនប្រជាជនដែលមានវ័យចំណាស់ក្នុងតំបន់។
លោក ព្រូ ស៊ីថន ក៏បានពន្យល់យ៉ាងលម្អិតផងដែរអំពី «លំដាប់នៃការការពារហិរញ្ញវត្ថុ» ដែលត្រូវបានរៀបចំឡើងយ៉ាងពិសេសសម្រាប់កម្លាំងពលកម្មនៅក្នុងទីផ្សារកំពុងអភិវឌ្ឍន៍ ដោយបែងចែកជា ៤ ដំណាក់កាល ដើម្បីសម្រេចឱ្យបាននូវសន្តិសុខផ្នែកហិរញ្ញវត្ថុ ក្នុងនោះ រួមមាន៖ ១. សុវត្ថិភាពហិរញ្ញវត្ថុ៖ ការកសាងមូលដ្ឋានគ្រឹះនៃសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុសម្រាប់ក្រុមគ្រួសារ។ ២. ប្រាក់បម្រុង៖ បង្កើតសាច់ប្រាក់ដែលអាចប្រើប្រាស់បានភ្លាមៗ និងមូលនិធិសម្រាប់គ្រាអាសន្នរយៈពេលខ្លី។ ៣.ការកសាងទ្រព្យសម្បត្តិ៖ បង្កើនទ្រព្យសម្បត្តិរយៈពេលវែងក្នុងវ័យដែលមានផលិតភាពខ្ពស់។ ៤. ចំណូលជាប្រចាំ៖ បម្លែងទ្រព្យសម្បត្តិដែលសន្សំបាន ទៅជាលំហូរសាច់ប្រាក់ដែលមានស្ថិរភាព សម្រាប់ធានា ជីវិតចូលនិវត្តន៍ប្រកបដោយសេចក្តីថ្លៃថ្នូរ។


លោកអគ្គនាយករូបនេះក៏បានលើកឡើងបន្ថែមថា៖ «យើងត្រូវធ្វើដំណើរក្នុងទិសដៅត្រឹមត្រូវមួយ ដោយចាប់ផ្តើមពីផលិតផលការការពារសុទ្ធសាធជាមូលដ្ឋានគ្រឹះជាមុនសិន។ តាមរយៈការផ្តល់អាទិភាពដល់ការការពារចាប់តាំងពីដំណាក់កាលដំបូង យើងអាចនឹងធានាថាគ្រួសារគ្រប់រូបៗ នឹងនៅតែអាចរក្សាបាននូវកម្រិតជីវភាពសមរម្យ ទោះបីជាត្រូវប្រឈមមុខនឹងហេតុការណ៍ចៃដន្យ ឬការបាត់បង់ជីវិតណាមួយដោយមិនបានព្រៀងទុកជាមុន»។ លោកអគ្គនាយកបានថ្លែងឱ្យដឹងថា ការការពារនេះ នឹងនៅតែបន្តមានប្រសិទ្ធភាពពេញមួយដំណើរជីវិតរបស់អតិថិជន ដោយជួយដឹកដៃពួកគាត់ឈានទៅរកការចូលនិវត្តន៍មួយប្រកបដោយសេចក្តីថ្លៃថ្នូរ និងមានប្រាក់បម្រុងគ្រប់គ្រាន់។ លោកបានគូសបញ្ជាក់បន្ថែមអំពីយុទ្ធសាស្រ្តក្នុងការរបស់វិស័យនេះថា៖ «សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចវ័យក្មេងដូចជាប្រទេសកម្ពុជា ការផ្តោតសំខាន់របស់យើងមិនអាចគ្រាន់តែផ្អែកចំនួនតួលេខនៃបុព្វលាភធានារ៉ាប់រងប៉ុណ្ណោះទេ។ យើងត្រូវផ្តោតយ៉ាងខ្លាំងលើការពង្រីកចំនួនអតិថិជនដែលយើងអាចផ្តល់ការការពារ។ នៅពេលចំនួនអតិថិជនមានកាន់តែច្រើននៅក្នុងសំណាញ់សុវត្ថិភាពនេះ យើងអាចកសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់បានកាន់តែរឹងមាំ រួមចំណែកលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការយល់ដឹងអំពីទីផ្សារជាប្រព័ន្ធនៅទូទាំងប្រទេស»។ លោកអគ្គនាយកក៏បានឱ្យដឹងផងដែរថា សម្រាប់ធានារ៉ាប់រងអាយុជីវិត អត្ថប្រយោជន៍នឹងត្រូវបានទូទាត់គឺនៅពេលមរណភាព ប៉ុន្តែសម្រាប់ធានារ៉ាប់រងចូលនិវត្តន៍ អត្ថប្រយោជន៍នឹងត្រូវបានផ្ដល់ជូននៅពេលអតិថិជន នៅមានជីវិត។ ដូច្នេះ ភាពជោគជ័យរបស់វិស័យយើងក្នុងការជួយអតិថិជនឱ្យរស់នៅបានយូរ និងមានសុខភាពល្អ គឺមានន័យថាយើងមានទំនួលខុសត្រូវខ្ពស់ក្នុងការគាំទ្រពួកគាត់ពេញមួយដំណើរជីវិត។

សូមជម្រាបជូនថា ទំហំនៃផលប៉ះពាល់ជាវិជ្ជមានដល់សង្គម គឺវាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈទំហំទីផ្សារដែលបច្ចុប្បន្នវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា បានផ្តល់ការការពារដល់ប្រជាជនប្រមាណ ១,៥ លាននាក់។ ក្នុងនាមជាអ្នកត្រួសត្រាយដ៏សំខាន់មួយក្នុងវិស័យនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ មិនត្រឹមតែបានកាន់កាប់ចំណែកទីផ្សាររហូតដល់ ៤៤% នៃទីផ្សារប៉ុណ្ណោះទេ វាក៏បានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ក្រុមហ៊ុនក្នុងការរួមចំណែកដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុរបស់ប្រទេសជាតិផងដែរ។

លោក ព្រូ ស៊ីថន អគ្គនាយក ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍បានអះអាងបន្ថែមថា៖ «វិសាលភាពនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ បាននាំមកជាមួយនូវទំនួលខុសត្រូវដ៏សំខាន់មួយក្នុងកម្រិតតំបន់ ហើយការដែលបានតំណាងឱ្យជាសំលេងរបស់កម្ពុជានៅលើវេទិកាដ៏មានកិត្យានុភាពនេះ បានអនុញ្ញាតឱ្យយើងបញ្ជាក់ថា ប្រទេសអាស៊ានដែលកំពុងមានការអភិវឌ្ឍ អាចកសាងប្រព័ន្ធអេកូហិរញ្ញវត្ថុប្រកបដោយចីរភាព និងទំនុកចិត្តខ្ពស់។ យើងមិនមែនគ្រាន់តែលក់ផលិតផលនោះទេ ប៉ុន្តែកំពុងរៀបចំ និងកសាងអនាគតនៃការការពារហិរញ្ញវត្ថុសម្រាប់ការចូលនិវត្តន៍របស់ប្រជាជននៅក្នុងតំបន់តាមបែបផែនប្រព័ន្ធមួយច្បាស់លាស់»៕
ដោយ៖ រិទ្ធី





