សិក្ខាកាមមកពីប្រទេសអាស៊ាន ចុះទស្សនកិច្ចសិក្សាការងារនៅប៉មវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (Central TV Tower) និងក្រុមហ៊ុន Huafeng Film & Television Group
AKP ប៉េកាំង, ប្រទេសចិន ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ -- នៅក្នុងវគ្គបណ្តុះបណ្តាល «ប្រព័ន្ធផ្សព្វផ្សាយថ្មី ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មប្រកបដោយគុណភាពខ្ពស់ សម្រាប់បណ្តាប្រទេសអាស៊ាន» ពីថ្ងៃទី១៥-២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ សិក្ខាកាមទាំងអស់បានចុះធ្វើទស្សនកិច្ចសិក្សាការងារនៅ ប៉មវិទ្យុ និងទូរទស្សន៍មជ្ឈិម (Central TV Tower) ដែលជាសំណង់ប៉មផ្សព្វផ្សាយ និងជាប្រព័ន្ធបច្ចេកវិទ្យាយ៉ាងទំនើបរបស់រាជធានីប៉េកាំង ព្រមទាំងបន្តទស្សនកិច្ចនៅ ក្រុមហ៊ុន Huafeng Film & Television Group ផងដែរ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមការឧបត្ថម្ភពីក្រសួងពាណិជ្ជកម្មចិន ដឹកនាំសម្របសម្រួលដោយអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ជាតិចិន (NRTA) និងរៀបចំដោយក្រុមហ៊ុន China Broadcasting International Economic and Technical Cooperation Co., Ltd. (CBIC)។

ប៉មវិទ្យុ និងទូរទស្សន៍មជ្ឈិម (Central TV Tower) គឺជាសំណង់ខ្ពស់ជាងគេក្នុងរាជធានីប៉េកាំង ដោយមានកម្ពស់រហូតដល់ ៤០៥ ម៉ែត្រ និងត្រូវបានចាត់ថ្នាក់ជាតំបន់ទេសចរណ៍កម្រិត 4A។ សំណង់ប្រវត្តិសាស្ត្រដែលកសាងឡើងក្នុងទសវត្សរ៍ឆ្នាំ ៩០ មួយនេះ ដើរតួនាទីជាមជ្ឈមណ្ឌលបច្ចេកវិទ្យាយ៉ាងទំនើបសម្រាប់ការផ្សាយរលកធាតុអាកាសវិទ្យុ និងទូរទស្សន៍ជាតិចិន ព្រមទាំងមានផ្ទៃទស្សនានៅកម្ពស់ ២៣៨ ម៉ែត្រ ដែលអាចមើលឃើញទិដ្ឋភាពរាជធានីប៉េកាំងទាំងមូល (Bird's-eye view) និងតំបន់ប្រវត្តិសាស្ត្រសំខាន់ៗដូចជា វិមានរដូវក្តៅ (Summer Palace) និងសួន Yu-Yuan Pool ផងដែរ។


បើតាមរយៈការចុះពិនិត្យទីតាំងផ្ទាល់ និងការសិក្សាពីច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុន Huafeng Film & Television Group សិក្ខាកាមទាំងអស់បានស្វែងយល់យ៉ាងស៊ីជម្រៅអំពីការអភិវឌ្ឍបច្ចេកវិទ្យាផ្សព្វផ្សាយទំនើប ការរៀបចំស្ទូឌីយោ និងការបំពាក់ឧបករណ៍បច្ចេកទេសឌីជីថលជាន់ខ្ពស់។ ទស្សនកិច្ចនេះ បានផ្តល់នូវបទពិសោធន៍ជាក់ស្តែង បន្ថែមលើការសិក្សាទ្រឹស្តីនៅក្នុងថ្នាក់ ដើម្បីត្រៀមលក្ខណៈក្នុងការផលិតវីដេអូខ្លីសម្រាប់ការចុះទស្សនកិច្ចសិក្សា និងការចូលរួមប្រកួតប្រជែងក្នុងកម្មវិធី International Short Video Contest 2026 ខាងមុខនេះ៕
ដោយ៖ ទូច វលក័្ខណ





