លោក ឡាវរ៉ូវ៖ រុស្ស៊ីត្រៀមខ្លួនសម្រាប់ការចរចាជាមួយអ៊ុយក្រែន ប៉ុន្តែទប់ស្កាត់វត្តមានអង្គការណាតូ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សើហ្គេយ ឡាវរ៉ូវ (Sergey Lavrov) បានថ្លែងកាលពីថ្ងៃអង្គារថាប្រទេសរុស្ស៊ីត្រៀមខ្លួនរួចរាល់ក្នុងការស្វែងរកការសម្របសម្រួលលើបញ្ហាអ៊ុយក្រែន ប៉ុន្តែមិនដែលផ្លាស់ប្តូរជំហររបស់ខ្លួនក្នុងការទប់ស្កាត់វត្តមានរបស់អង្គការណាតូ (NATO) នៅតាមព្រំដែនរបស់ខ្លួនឡើយ។
លោក ឡាវរ៉ូវ បានថ្លែងក្នុងកិច្ចពិភាក្សាតុមូលជាមួយឯកអគ្គរដ្ឋទូតនានាអំពីដំណោះស្រាយបញ្ហាអ៊ុយក្រែនថា៖ «ក្នុងក្របខ័ណ្ឌនៃជំហរនេះ យើងត្រៀមខ្លួនស្វែងរកការសម្របសម្រួលប្រកបដោយហេតុផល ប៉ុន្តែជាគោលការណ៍សំខាន់ យើងមិនបានផ្លាស់ប្តូរគោលដៅរបស់យើងទេ គឺការធានាសន្តិសុខរបស់យើង និងការទប់ស្កាត់វត្តមានរបស់អង្គការណាតូនៅតាមព្រំដែនរបស់យើង»។
លោក ឡាវរ៉ូវ បានបន្ថែមថា រុស្ស៊ីស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់សហរដ្ឋអាមេរិកក្នុងការជួយសម្រួលដល់ដំណោះស្រាយនៅអ៊ុយក្រែន។ លោកបានមានប្រសាសន៍ថា៖ «ចំណុចសំខាន់គឺថាសហរដ្ឋអាមេរិកយល់ច្បាស់អំពីឫសគល់នៃជម្លោះនេះ ដែលខុសប្លែកពីបណ្តាប្រទេសលោកខាងលិចផ្សេងទៀត»។
នៅពេលនិយាយអំពីលទ្ធភាពនៃការចរចា លោក ឡាវរ៉ូវ បានបញ្ជាក់ឡើងវិញថា រុស្ស៊ីមិនដែលបដិសេធចំពោះការចរចានោះទេ ហើយត្រៀមខ្លួនរួចរាល់ក្នុងការធ្វើកិច្ចចរចាទាំងក្នុងទម្រង់ទ្វេភាគី និងត្រីភាគី៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





