ចាស់ជរា ជនពិការ ស្រីមានផ្ទៃពោះ ស្រី្តមានកូនតូច អ្នករស់នៅជាមួយមេរោគអេដស៍ និងគ្រួសារក្រីក្រងាយរងគ្រោះ១៨គ្រួសារ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ -- លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងក្រុមការងារ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ បានអញ្ជើញ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនចាស់ជរា ជនពិការ ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច អ្នករស់នៅជាមួយមេរោគអេដស៍ និងគ្រួសារក្រីក្រងាយរងគ្រោះ សរុបចំនួន ១៨គ្រួសារ ដែលរស់នៅក្នុងភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ និងភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។

លោកជំទាវអគ្គលេខាធិការ បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងក្តីអាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែយកចិត្តទុកដាក់ខ្ពស់ពីសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះគ្រប់ពេលវេលា។

ជាមួយគ្នានេះក្រុមការងារ បានផ្សព្វផ្សាយនូវសារអប់រំសុខភាពសំខាន់ៗ ដោយបានជំរុញលើកទឹកចិត្តឱ្យ ស្ត្រីមានផ្ទៃពោះ ត្រូវអញ្ជើញទៅពិនិត្យសុខភាព និងតាមដានផ្ទៃពោះឱ្យបានយ៉ាងតិច ៤ដង នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកឱ្យបានទៀងទាត់ ព្រមទាំងថែរក្សាសុខភាពអនាម័យ និងអាហាររូបត្ថម្ភឱ្យបានត្រឹមត្រូវដោយប្រកាន់នូវស្អាតទាំងបីគឺ ផឹកស្អាត ហូបស្អាត និងរស់នៅស្អាត។អ្នករស់នៅជាមួយមេរោគអេដស៍ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ហូបស្អាត ផឹកស្អាត និងរស់នៅស្អាតដូចគ្នា ពិសារថ្នាំប្រឆាំងមេរោគអេដស៍ឱ្យបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់តាមការណែនាំរបស់គ្រូពេទ្យ ដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយ ព្រមទាំងចូលរួមចែករំលែក និងផ្សព្វផ្សាយសារអប់រំទាំងនេះបន្តដល់អ្នកជុំវិញខ្លួនក្នុងសហគមន៍។

អំណោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកបរិសុទ្ធ ១កេស, ប្រេងឆា ១ដប,ទឹកស៊ីអ៊ីវ ១យួរ,ទឹកត្រី ១យួរ,សាប៊ូកក់ ២ដប,អង្រឹង ១, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកាមួយចំនួន៕


ដោយ៖ ពេជ្រ សំអឿន(ប្រភព៖កាកបាទក្រហមកម្ពុជា)





