មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចូលរួមអបអរសាទរ «ទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦»
AKP សៀមរាប ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦--មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចូលរួមអបអរសាទរ ទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦ ប្រធានបទ «ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជំងឺមិនឆ្លង» និងក្រោមពាក្យស្លោក “ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជីវិត” ដើម្បីលើកកម្ពស់គុណភាពនិងសុវត្ថិភាពសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ។

លោកស្រី លាក់ ឡាំលាវ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាបបានឱ្យដឹងនៅថ្ងៃនេះថា ជារៀងរាល់ថ្ងៃ គ្រួសារអ្នកជំងឺរាប់ពាន់អ្នកបានផ្ញើសេចក្ដីទុកចិត្ត និងជីវិតរបស់ពួកគាត់មកលើមន្ទីរពេទ្យនេះ។ សេចក្ដីទុកចិត្តដ៏ឧត្តុង្គឧត្តមនេះ គឺជាបេសកកម្មដែលយើងត្រូវឆ្លើយតបវិញដោយភាពទទួលខុសត្រូវខ្ពស់បំផុត។ ក្នុងទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦នេះ សូមឱ្យក្រុមគ្រូពេទ្យទាំងអស់ បន្តប្រកាន់ខ្ជាប់នូវស្ដង់ដារដ៏ឧត្តមនេះ ព្រោះរាល់ការផ្ទៀងផ្ទាត់ និងការយកចិត្តទុកដាក់របស់យើង គឺជាការការពារជីវិត និងអនាគតរបស់មនុស្សម្នាក់ៗ។

ក្នុងនាមជាប្រធានមន្ទីរពេទ្យ លោកស្រី បានប្ដេជ្ញាសាង «វប្បធម៌សុវត្ថិភាព និងរៀនសូត្រជាប់ជាបន្ត ជាទីកន្លែងដែល «សុវត្ថិភាពជាអាទិភាពខ្ពស់បំផុត» ហើយបុគ្គលិកគ្រប់រូបមានភាពក្លាហានក្នុងការបញ្ចេញមតិ ឬរាយការណ៍ពីហានិភ័យដើម្បីកែលម្អប្រព័ន្ធការងារ។
លោកស្រីសម្ដែងនូវការគោរព និងមានមោទនភាពបំផុតចំពោះថាមពល និងការលះបង់របស់លោកគ្រូ អ្នកគ្រូពេទ្យ និងបុគ្គលិកទាំងអស់ដែលខិតខំអស់ពីកម្លាំងកាយ ចិត្តដើម្បីសុវត្ថិភាពអ្នកជំងឺ។

សូមបញ្ជាក់ថា សារៈសំខាន់នៃយុទ្ធនាការពណ៌ទឹកក្រូច គឺជាពណ៌តំណាងផ្លូវការ នៃទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ដែលជានិមិត្តរូបនៃតួនាទីស្នូលរបស់សុវត្ថិភាពអ្នកជំងឺ ក្នុងការជំរុញការគ្របដណ្ដប់សុខភាពជាសកល។ ការបំភ្លឺភ្លើងពណ៌ទឹកក្រូចនៅលើអគារនានានៃមន្ទីរពេទ្យ គឺជាសញ្ញាសម្គាល់ជាក់ស្ដែងនៃការប្ដេជ្ញាចិត្តរួម និងសាមគ្គីភាព ក៏ដូចជាការរំលឹកដាស់តឿនថា ការថែទាំប្រកបដោយសុវត្ថិភាព គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់សុខភាពមនុស្សគ្រប់រូប៕
ដោយ ឃុត សៅ



