ក្រសួងសង្គមកិច្ចផ្តល់បណ្ណសំគាល់ដល់ជនមានពិការភាព និងបណ្ណសមធម៌សម្រាប់កុមារមានពិការភាព
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ -- ឯកឧត្តម តូច ចាន់នី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញបើកកិច្ចប្រជុំស្តីពីការផ្តល់បណ្ណសំគាល់ជនមានពិការភាព និងបណ្ណសមធម៌សម្រាប់កុមារមានពិការភាពកំពុងស្នាក់នៅក្នុងមណ្ឌលថែទាំកុមារ និងសហគមន៍ ។

ឯកឧត្តម រដ្ឋលេខាធិការ តូច ចាន់នី បានលើកឡើងថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ជំរុញឧត្តមប្រយោជន៍ និងការផ្តល់សេវាសង្គម ដើម្បីលើកកម្ពស់ការថែទាំកុមារមានពិការភាពនៅតាមគ្រួសារ ដែលបានធ្វើសមាហរណកម្មចេញពីមណ្ឌលថែទាំជំនួស ដោយផ្តោតលើការបង្រួបបង្រួមគ្រួសារ ការទុកដាក់នៅតាមគ្រួសារសាច់ញាតិ និងគ្រួសារធម៌ និង ដើម្បីពិភាក្សាអំពីនីតិវិធីជំរុញឧត្តមប្រយោជន៍ និងការផ្តល់សេវាសង្គមចាំបាច់សម្រាប់គាំទ្រដល់ការធ្វើសមាហរណកម្មកុមារមានពិការភាពចេញពីមណ្ឌលថែទាំកុមារទៅកាន់គ្រួសារក្នុងសហគមន៍ប្រកបដោយប្រសិទ្ធភាព និងជោគជ័យ ។

ក្នុងកិច្ចប្រជុំនោះក៏មានការចូលរួមពី ឯកឧត្តម អ៊ុ សុផាន់ណារ៉ា អគ្គនាយកសេវាសង្គមកិច្ច ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងក្រសួង នាយកដ្ឋានជំនាញ ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ ដែលមានអ្នកចូលរួមសរុបចំនួន ៤០រូប ៕

ដោយ ណយ នឿន (ប្រភព៖ក្រសួងសង្គមកិច្ច)





