អង្គការ WCS បង្ហាញ ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើល និងរីករាយបំផុតសម្រាប់ការអភិរក្សធនធានធម្មជាតិនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ -- អង្គការ WCS ក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធបានបង្ហាញកំណត់ត្រាជាប្រវត្តិសាស្រ្តដំបូងបំផុតសម្រាប់តំបន់ការពារនិងអភិរក្ស នៃភូមិសាស្ត្រ ស្រុកស្រែអំបិល ខេត្តកោះកុង ដោយថនិកសត្វដ៏កម្របំផុតចំនួនបីប្រភេទគឺ សត្វក្ដាន់ សត្វសំពោចធំ និងសត្វភេរោមច្រមុះ ត្រូវបានថតជាប់ដោយម៉ាស៊ីនថតស្វ័យប្រវត្តិនៅក្នុងតំបន់នោះ។

រូបថត និងវីដេអូជាច្រើនត្រូវបានថតពីចន្លោះខែតុលា ឆ្នាំ២០២៥ ដល់ខែមករា ឆ្នាំ២០២៦ ក្នុងអំឡុងពេលសិក្សាស្រាវជ្រាវតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិនៅតំបន់នោះ ដែលជាកិច្ចសហការរួមគ្នារវាងអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន អគ្គនាយកដ្ឋានជលផល នៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហគ្រាស ហ្វីស៊ីងខេត អេកូឡូជីខល អេនធើប្រាយ ខូ អ៊ិល ធី ឌី (FCEE) និងអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS)។

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ កំណត់ត្រាជាលើកដំបូងនៃវត្តមានសត្វកម្រជិតផុតពូជចំនួន ៣ប្រភេទ ក្នុងតំបន់ការពារ និងអភិរក្ស នៃភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុង ប្រទេសកម្ពុជា។កំណត់ត្រាជាប្រវត្តិសាស្ត្រដំបូងបំផុតសម្រាប់តំបន់ការពារ និងអភិរក្ស នៃភូមិសាស្ត្រស្រុកស្រែអំបិល ខេត្ត កោះកុងមាន ថនិកសត្វដ៏កម្របំផុតចំនួន ៣ប្រភេទ ត្រូវបានថតជាប់ដោយម៉ាស៊ីនថតស្វ័យប្រវត្តិ មានប្រភេទសត្វ កំពុងរងគ្រោះថ្នាក់ជិតផុតពូជដូចជា សត្វក្តាន់ សត្វសំពោចធំ សត្វភេរោមច្រមុះ។

កំណត់ត្រាដំបូងទាំងនេះគឺជាសញ្ញាលើកទឹកចិត្តដល់ការអភិរក្សប្រភេទសត្វក្នុងចំណោមប្រភេទសត្វថនិកសត្វថ្នាក់ធំដែលរងការគំរាមកំហែងនៅតំបន់ឥណ្ឌូចិន។ នៅប្រទេសកម្ពុជា សត្វក្តាន់ ត្រូវបានគេរកឃើញជាថ្មី នៅខេត្តក្រចេះ ក្នុងឆ្នាំ២០០៦ ដូច្នេះភស្តុតាងនៃវត្តមានជាថ្មីរបស់ប្រភេទនេះគឺជាព័ត៌មានដ៏គួរឲ្យរំភើបរីករាយ។
ស្រដៀងគ្នានេះដែរ កំណត់ត្រាថ្មីរបស់សត្វភេរោមច្រមុះ គឺជាកំណត់ត្រាដ៏មានសារៈសំខាន់។ សត្វភេរោមច្រមុះគឺជា ប្រភេទកម្របំផុតនៅក្នុងពិភពលោក ហើយប្រភេទសត្វនេះមានវត្តមានតែនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះ។ តែ ទោះជាយ៉ាងណាក៏ដោយ មានគេស្គាល់តិចតួចណាស់អំពីប្រភេទនេះ ហើយក៏ពុំអាចសន្និដ្ឋានដឹងបានដែរថា តើវា នៅចំនួនប៉ុន្មានក្នុងធម្មជាតិ។ អ្វីដែលកាន់តែគួរឲ្យសោកស្តាយជាងនេះទៅទៀតនោះ គឺចំនួនរបស់ពួកវាហាក់ដូចជា កំពុងថយចុះ ដោយសារកត្តាគំរាមកំហែងមួយចំនួនដូចជា ការបាត់បង់ជម្រក ការបំពុលបរិស្ថាន និងការប្រមាញ់ ខុសច្បាប់។ ដោយឡែកនៅកម្ពុជា កំណត់ត្រាអំពីភេរោមច្រមុះនាពេលកន្លងមក មានប្រភពមកពីព្រៃលិចទឹកនៅបឹងទន្លេសាប និងព្រៃកោងកាងតាមដងស្ទឹងក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង ដែលមន្ទីរបរិស្ថាន ខេត្តពាក់ពន្ធ និង FCEE កំពុងធ្វើការសិក្សាស្រាវជ្រាវ និងតាមដានវត្តមាន និងចំនួនរបស់ប្រភេទសត្វនេះ។
ចំនួនសត្វសំពោចធំមានការថយចុះយ៉ាងគំហុកជាសកល ក៏ប៉ុន្តែប្រទេសកម្ពុជាទំនងជាមានចំនួនសត្វនេះច្រើនជាងគេ ព្រោះកម្ពុជាមានដែនជម្រកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគិរី ជាទីជម្រកចុងក្រោយមួយដែលមានសក្តានុពល សម្រាប់ប្រភេទសត្វនេះ។ អ្វីដែលកាន់តែគួរឲ្យរំភើបជាងនេះទៅទៀតនោះគឺ កំណត់ត្រាលើកដំបូងនៃសត្វសំពោចធំ នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង គឺថតជាប់ជាគ្រួសារមួយដែលមាន មេចំនួន ១ក្បាល និងកូនចំនួន ២ ក្បាល ដែលជាកំណត់ត្រាដ៏កម្រ និងជាភស្តុតាងដែលបញ្ជាក់អំពីការបង្កាត់ពូជ។
លោកស្រី Vanessa Herranz Muñoz នាយិកា FCEE មានប្រសាសន៍ថា បេសកកម្មរបស់យើងខ្ញុំគឺផ្តោតលើ ព្រៃកោងកាងតំបន់ខ្ពង់រាប និងព្រៃស្មាច់ក្នុងតំបន់ប្រព័ន្ធព្រែកស្រែអំបិល ដើម្បីស្វែងរកប្រភេទសត្វកម្រដូចជា សត្វ សំពោចធំ និងសត្វភេរោមច្រមុះ ដែលជាការសិក្សាស្រាវជ្រាវ បង្កើនចំណេះដឹង និងផ្តល់ជាទិន្នន័យសម្រាប់ សកម្មភាពអភិរក្សជីវៈចម្រុះក្នុងតំបន់នោះ។ ការរកឃើញសត្វទាំង ៣ប្រភេទនេះ គឺជាលទ្ធផលគួជាទីមោទនៈ។
កំណត់ត្រាជាលើកដំបូងទាំងនេះ បានផ្តល់ក្តីសង្ឃឹមជាថ្មីម្តងទៀតសម្រាប់ការអភិរក្សប្រភេទសត្វថនិកសត្វដ៏កម្រ ដែលងាយរងគ្រោះថ្នាក់ខ្លាំងឈាន ទៅរកការផុតពូជ។ វត្តមានរបស់ប្រភេទសត្វខាងលើ ជាការជំរុញដល់ដំណើរការ អភិរក្សឲ្យកាន់តែមុតមាំបន្ថែមទៀត ចំពោះជម្រកសត្វលើដីជុំវិញប្រព័ន្ធព្រែកស្រែអំបិល។
លោក Chee Yoong, Woo មន្ត្រីសម្របសម្រួលផ្នែកប្រភេទសត្វនៃអង្គការ IUCN បានលើកឡើងថា៖ សម្រាប់ សត្វភេរោមច្រមុះ ការរកឃើញប្រភេទសត្វដែលកម្រ និងពូកែលាក់ខ្លួនដូចជាសត្វភេរោមច្រមុះនេះ គឺជារឿងគួរឲ្យ រំភើបរីករាយខ្លាំងណាស់។ កំណត់ត្រានេះផ្តល់បន្ថែមភស្តុតាងថា កម្ពុជាជាទីជម្រកដ៏សំខាន់មួយក្នុងសកលលោក សម្រាប់ប្រភេទសត្វនេះ។
លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល បានមានប្រសាសន៍ថា៖ ជាង២៥ឆ្នាំ មកនេះ អគ្គនាយកដ្ឋានជលផលបាន និងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការ និងដៃគូអភិរក្សផ្សេងទៀត ដើម្បី ការពារជីវៈចម្រុះដ៏ពិសេសប្លែកនៃតំបន់ទេសភាពស្រែអំបិល។ លោកបានបន្ថែមទៀតថា៖ ការប្តេជ្ញាចិត្តរយៈពេលវែងរបស់យើង បានរួមចំណែកដល់ការស្តារឡើងវិញ និងការអភិរក្សប្រភេទសត្វដែលកំពុងរងការគំរាមកំហែងជាសកល ដូចជា សត្វអណ្តើកហ្លួង និងសត្វក្រពើភ្នំ ដែលជាប្រភេទសត្វជិតផុតពូជបំផុត។ កំណត់ត្រាថ្មីៗអំពីប្រភេទ ថនិកសត្វទាំងនេះ បានពង្រឹងបន្ថែមនូវសារៈសំខាន់ថ្នាក់ជាតិ និងអន្តរជាតិ នៃតំបន់ដីសើមស្រែអំបិល ព្រមទាំង បង្ហាញថា ការវិនិយោគប្រកបដោយចីរភាពលើការការពារជម្រកសត្វ ការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ និង កិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំជាមួយសហគមន៍មូលដ្ឋាន នៅតែបន្តផ្តល់នូវលទ្ធផលអភិរក្សដ៏មានអត្ថន័យ។ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអភិរក្សប្រព័ន្ធអេកូឡូស៊ីទឹកសាប និងឆ្នេរសមុទ្រដ៏មាន សារៈសំខាន់ សម្រាប់កូនចៅជំនាន់ក្រោយ។
ឯកឧត្តម ខៃ អាទិត្យ អនុរដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថានមានប្រសាសន៍ថា៖ តំបន់ប្រើប្រាស់ ច្រើនយ៉ាងដងពែង ភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុង គឺជាប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើមតំបន់ឆ្នេរដ៏មានសារៈ សំខាន់ដូចជា ប្រព័ន្ធព្រែក ព្រៃកោងកាង វាលភក់ និងតំបន់ដីមមោក ដែលជាទីជម្រកសម្រាប់ប្រភេទជីវចម្រុះសំខាន់ៗ ជាពិសេសប្រភេទសត្វកម្រ ដែលបច្ចុប្បន្ននេះទើបប្រទះឃើញប្រភេទសត្វជិតផុតពូជចំនួន ៣ប្រភេទ រួមមាន សត្វក្តាន់ សត្វសំពោចធំ សត្វភេរោមច្រមុះ ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ ធានានូវការរស់រានតជំនាន់នៃសត្វព្រៃកម្រ តាមរយៈការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ជាពិសេសសសរស្តម្ភទី២ «ភាពបៃតង» ក្នុងការពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការស្តារ ធនធានធម្មជាតិ និងការអនុវត្តច្បាប់។
ក្រោមកិច្ចសហការរវាង ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរបរិស្ថានខេត្តកោះកុង FCEE សមាជិកគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ សមាជិកសហគមន៍នេសាទក្នុងមូលដ្ឋាន និងអង្គការសមាគម អភិរក្សសត្វព្រៃកម្ពុជា បានបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ ដើម្បីសិក្សាវត្តមានជីវៈចម្រុះ។ ការចូលរួមរបស់ភាគីពាក់ព័ន្ធ ក្នុងមូលដ្ឋានបង្ហាញថា ប្រជាពលរដ្ឋនៅតំបន់នេះក៏បានស្គាល់ប្រភេទសត្វទាំងនេះមួយចំនួនដែរ។
កំណត់ត្រាប្រភេទថ្មីៗទាំងនេះត្រូវបានរកឃើញនៅក្នុងជម្រកតាមដងព្រែកដែលជាជម្រករបស់ខ្លួនតំណាងជាតិ កម្ពុជាគឺសត្វអណ្ដើកលួង។ លទ្ធផលនេះបានបង្ហាញពីភាពជោគជ័យរបស់កម្ពុជាក្នុងការអភិរក្សតំបន់ការពារធម្មជាតិ ដែលជាទីជម្រកដ៏សំខាន់សម្រាប់ប្រភេទជីវៈចម្រុះជិតផុតពូជ ៕



ដោយ ណយ នឿន (ប្រភព៖WCS)





