អ្នកជំនាញចិន ចែករំលែកបទពិសោធន៍ក្នុងការប្រើប្រាស់កម្មវិធី Avid Media Composer សម្រាប់ការកាត់តវីដេអូកម្រិតអាជីព
AKP ប៉េកាំង, ប្រទេសចិន ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦-- នៅក្នុងវគ្គបណ្តុះបណ្តាលផ្លូវការស្តីពី «ប្រព័ន្ធផ្សព្វផ្សាយថ្មី ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មប្រកបដោយគុណភាពខ្ពស់ សម្រាប់បណ្តាប្រទេសអាស៊ាន» ដែលរៀបចំឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ សិក្ខាកាមទាំងអស់បានចូលរួមក្នុងវគ្គសិក្សាផ្ទាល់នៅក្នុងថ្នាក់ (Classroom Instruction) ស្តីពី «បច្ចេកទេសកាត់តវីដេអូ និងការអនុវត្តជាក់ស្តែង ដោយប្រើប្រាស់កម្មវិធី Avid Media Composer» ដែលធ្វើបទបង្ហាញដោយ លោក Qin Shengjie ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមការឧបត្ថម្ភពីក្រសួងពាណិជ្ជកម្មចិន ដឹកនាំសម្របសម្រួលដោយអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ជាតិចិន (NRTA) និងរៀបចំដោយក្រុមហ៊ុន China Broadcasting International Economic and Technical Cooperation Co., Ltd. (CBIC)។
នៅក្នុងវគ្គសិក្សានេះ លោក Qin Shengjie បានចែករំលែកនូវចំណុចសំខាន់ៗ និងបច្ចេកទេសជាក់ស្តែងជាច្រើន រួមមានបច្ចេកទេសកាត់តកម្រិតអាជីព (Intuitive & Professional Editing) ដោយការប្រើប្រាស់កម្មវិធី Avid Media Composer ដែលជាប្រព័ន្ធកាត់តវីដេអូខ្នាតអន្តរជាតិដ៏ពេញនិយមក្នុងឧស្សាហកម្មភាពយន្ត ទូរទស្សន៍ និងព័ត៌មានខ្នាតធំ។ លោកបានប្រៀបប្រដូចការកាត់តលើ Avid ទៅនឹង "ការលេងឧបករណ៍តន្ត្រី" ដែលអនុញ្ញាតឱ្យអ្នកកាត់តធ្វើការយ៉ាងរហ័សតាមចង្វាក់ តាមរយៈការប្រើប្រាស់ (Keyboard Shortcuts) ដោយមិនបាច់ចំណាយពេលចុចមុខងារស៊ាំញ៉ាំឡើយ។


សូមជម្រាបជូនថា សម្រាប់ទម្រង់ និងពណ៌របស់កម្មវិធី Avid ត្រូវបានរក្សាឱ្យនៅថេរបានជាង ២០ ឆ្នាំ ដែលជួយឱ្យអ្នកកាត់តងាយស្រួលធ្វើការ។ បន្ថែមពីនេះ កម្មវិធីនេះ បានផ្តល់ភាពងាយស្រួលសម្រាប់ការកាត់តតាម Laptop និងបានណែនាំពីការប្រើប្រាស់ Light Gray Mode ដើម្បីកាត់បន្ថយការប៉ះពាល់លើភ្នែកពេលធ្វើការយូរ។
បើតាមអ្នកជំនាញរូបនេះបានបន្ថែមឱ្យដឹងថា៖ «ជាងនេះទៅទៀត ការគ្រប់គ្រងទិន្នន័យ (Media Management) យើងអាចរក្សាទុក និងទាញយកទិន្នន័យវីដេអូយ៉ាងមានសុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់សម្រាប់គម្រោងផលិតកម្មធំៗថែមទៀតផង»៕


ដោយ៖ ទូច វលក័្ខណ





