សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ខ្ញុំមិនអនុញ្ញាតឱ្យធ្វើតាមរូបមន្ដ វិស័យឯកជនមកយកទីតាំងរដ្ឋ ធ្វើការវិនិយោគ និងផ្ដល់សេវាឯកជន នៅក្នុងទីតាំងរបស់រដ្ឋបាននោះទេ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់រដ្ឋមន្រ្ដីក្រសួងសុខាភិបាល អភិបាលរាជធានី ខេត្ដ មិនអនុញ្ញាតធ្វើតាមរូបមន្ដយកវិស័យឯកជនមកយកទីតាំងរដ្ឋ ធ្វើការវិនិយោគ និងផ្ដល់សេវាឯកជន ក្នុងទីតាំងរបស់រដ្ឋ បាននោះទេ និងមិនឯកភាពទេ មិនថា មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកស្រុក គឺអត់បានទេ។ ការណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ ហ្លួងម៉ែ ដែលជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឹមហារីក មានទីតាំងក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជូនទៅដល់រដ្ឋមន្រ្ដីក្រសួងសុខាភិបាល អភិបាលរាជធានី ខេត្ដ គឺមិនអនុញ្ញាតឱ្យយកទីតាំងរបស់ពេទ្យរដ្ឋ សាលារៀនរដ្ឋ ដើម្បីវិនិយោគបង្កើតសាលា ឬកន្លែងព្យាបាល ផ្ដល់សេវាឯកជនពេញម៉ោងនៅក្នុងកន្លែងរបស់យើងនោះទេ ដាច់ខាតទុកឱ្យរដ្ឋធ្វើ ដែលឥឡូវនេះ រដ្ឋមានសមត្ថភាពខ្លួនឯងច្រើនហើយ និងអាចម្ចាស់ការច្រើនវិស័យហើយ។ សម្ដេចធិបតីបានថ្លែងបញ្ជាក់ថា សូមជូនដំណឹងឱ្យហើយ និងសូមលើកទឹកចិត្ដឱ្យចាប់ដៃគូ តែទៅវិនិយោគបង្កើតពេទ្យនៅខាងក្រៅទៅ កុំមកយកគ្រែបន្ថែម ឬកុំមកយកដីបន្ថែម ដើម្បីទុកដីពង្រីកពេទ្យ នៅថ្ងៃខាងមុខ។ «កុំមកដណ្ដើមកន្លែងរដ្ឋ ប៉ុន្ដែ ទោះបីជាយ៉ាងណាកន្លែងនោះ នៅតែជាកន្លែងដែលរដ្ឋគ្រប់គ្រង១០០% ព្រោះកន្លែងរដ្ឋគឺជាកន្លែងដែលត្រូវអនុវត្ដគោលនយោបាយរបស់រាជរដ្ឋាភិបាល ទាំងសេវា ទាំងថ្លៃណាមួយដែលរដ្ឋចាំបាច់ត្រូវកំណត់ ហើយទុកបរិវេណកន្លែងហ្នឹងគឺជាការទទួលខុសត្រូវរបស់រដ្ឋ»។ នេះគឺជាការបញ្ជាក់បន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។
ជាមួយគ្នានេះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានលើកឡើងថា រូបមន្ដនេះ ប្រសិនបើមានវិនិយោគិនជាតិ អន្ដរជាតិណាដែលចាប់អារម្មណ៍ ចង់វិនិយោគរូបមន្ដនេះ ដោយយកទីតាំងរបស់រដ្ឋ ដើម្បីធ្វើការវិនិយោគបង្កើតសេវាឯកជន គ្រប់គ្រងដោយក្រុមហ៊ុនឯកជន ឬសហការក្នុងកម្រិតណារបស់ក្រុមហ៊ុនឯកជន យើងបដិសេដ្ឋមិនអនុញ្ញាតឱ្យនោះទេ។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា៖ «អីចឹង ខ្ញុំសូមបញ្ជាក់ឡើងវិញ រូបមន្ដនេះ ទាំងវិស័យអប់រំ ទាំងវិស័យសុខាភិបាល ឬវិស័យណាក៏ដោយ បើយើងអនុញ្ញាឱ្យធ្វើសេវាស្រដៀងគ្នា ឬដូចគ្នាជាមួយរដ្ឋទៀត មិនអាចធ្វើបាននោះទេ ហើយជាទូទៅទុកកន្លែងរដ្ឋ ទុកវិនិយោគសាធារណៈ ដើម្បីធ្វើការ ហើយយើងក៏ទទួលជំនួយពីដៃគូអភិវឌ្ឍន៍ ប៉ុន្ដែនេះត្រូវផ្ទេរមកឱ្យរដ្ឋគ្រប់គ្រង និងបង្កើនសមត្ថភាពរដ្ឋ»។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីក៏បានស្នើសូមទុករក្សាកន្លែងរដ្ឋ ទុកលទ្ធភាព ដើម្បីបង្កើនសមត្ថភាពកន្លែងរដ្ឋទៅថ្ងៃក្រោយ ដើម្បីព្យាបាលប្រជាពលរដ្ឋរបស់យើងនិងការទទួលខុសត្រូវប្រជាពលរដ្ឋរបស់យើងដោយរដ្ឋ និងការអនុវត្ដគោលនយោបាយរបស់យើង ទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងពេទ្យរបស់យើងតែម្ដង។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា៖ «រឿងគាត់ទៅធ្វើការក្រៅម៉ោង ទៅឱ្យឯកជនជារឿងរបស់គាត់ ប៉ុន្ដែក្នុងម៉ោងរដ្ឋ មិនអាចធ្វើការឱ្យឯកជនតាមរយៈរូបមន្ដ មិនថាជា PPP មិនថាជារូបមន្ដអ្វីក៏ដោយ។ ទុកពេទ្យរដ្ឋ សមត្ថភាពរបស់យើង សមត្ថភាពខ្លួនឯងបង្កើតខ្លួនឯង ដើម្បីយើងធានានូវភាពម្ចាស់ការ និងការទទួលខុសត្រូវ ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ»។
ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងនូវករណីនេះជាក់ស្ដែងថា មានក្រុមហ៊ុនមួយមកពីក្រៅប្រទេស ចង់មកវិនិយោគចាប់ដៃគូជាមួយមន្ទីរពេទ្យមួយ នៅរាជធានីភ្នំពេញ ដើម្បីសាងសង់អគារបំពាក់ឧបករណ៍ព្យាបាលជំងឺមហារីកនៅទីនោះ ដោយសារតែមន្ទីរពេទ្យមានឧបករណ៍ចាស់ៗ ហើយត្រូវការដៃគូឯកជនវិនិយោគ និងត្រូវសុំគោលការណ៍សាងសង់អគារ ឬប្រើប្រាស់ផ្នែកខ្លះនៃអគារមន្ទីរពេទ្យរដ្ឋ ដោយត្រូវបំពាក់នូវឧបករណ៍ និងចំណាយថវិកាប្រមាណ៣០ ទៅ៤០លានដុល្លារ។
សម្ដេចធិបតីបានរំលេចផងដែរថា ក្នុងពេលជាមួយគ្នានេះ ទី១ គាត់សុំសិទ្ធិបើកសេវាឯកជន នៅទីកន្លែងនេះ នៅក្នុងមូលដ្ឋានពេទ្យរដ្ឋយើង ទី២ គាត់សុំសិទ្ធិក្នុងការប្រើប្រាស់បុគ្គលិកពេទ្យរដ្ឋ ឱ្យមកធ្វើការនៅក្នុងកន្លែងឯកជន។ បើយើងធ្វើតាមរូបមន្ដនេះ ពេទ្យរដ្ឋ នឹងមានទុនសម្រាប់វិនិយោគ និងមានសម្ភារៈ ឧបករណ៍ពេទ្យលឿន មានដៃគូ យើងមិនចាំបាច់ចំណាយលុយ។ ប៉ុន្ដែបើយើងមើលទៅម្ខាងទៀតគឺប៉ះពាល់ដល់សមត្ថភាពពេទ្យរបស់យើងក្នុងការពង្រីកមន្ទីរពេទ្យ ទី១ រដ្ឋបានវិនិយោគច្រើនណាស់ហើយរាប់រយលានដុល្លារ ទៅលើពេទ្យទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធនេះ ដើម្បីអនុវត្ដន៍គោលនយោបាយផ្ដល់សេវារបស់រដ្ឋ នៅក្នុងពេទ្យរដ្ឋ។ ទី២ បុគ្គលិករបស់រដ្ឋ បណ្ដុះបណ្ដាលផ្ដល់ប្រាក់ខែច្រើនណាស់ ដើម្បីធ្វើការផ្ដល់សេវា និងអនុវត្ដន៍គោលនយោបាយរបស់រដ្ឋគឺមិនទាន់គ្រប់ផង ហើយឥឡូវត្រូវហែកបុគ្គលិកមកធ្វើការឱ្យពេទ្យឯកជន សំខាន់គឺផ្ដល់ឱ្យកូតាឯកជន ព្រោះការធ្វើការនេះ ពេទ្យរដ្ឋជាអ្នកអនុវត្ដន៍ ហើយគ្រប់គ្រងទៅឯកជនហើយ ព្រោះធ្វើ BOT កុងត្រា៣០ឆ្នាំ ធ្វើហើយ ពេលដែលឯកជនបានលុយមក គាត់ចែកពេទ្យ៣០ភាគរយ គាត់ទុក៧០ភាគរយ។ សម្ដេចធិបតីបានអះអាងផងដែរថា៖ «ក្នុងរូបមន្ដនេះ ខ្ញុំមិនឯកភាពទេ ការប្រើទីតាំងរបស់រដ្ឋ និងបុគ្គលិកពេទ្យរបស់រដ្ឋ ក្នុងម៉ោងរដ្ឋ គឺត្រូវបម្រើឱ្យប្រជាពលរដ្ឋ និងត្រូវនឹងគោលនយោបាយរបស់រដ្ឋគឺរក្សាគោលការណ៍នេះ មិនថា ពេទ្យខេត្ដនោះទេ»។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានលើកយកឧទាហរណ៍ថា ដូចមន្ទីរពេទ្យ ហ្លួងម៉ែ បើសិនជាឱ្យពេទ្យឯកជនមកបើកនៅទីនេះ ទី១ ឈ្មោះអ្វី? អីចឹងអត់ដឹងថា ពេទ្យឯកជន ឬពេទ្យរដ្ឋ ហើយពេទ្យរដ្ឋ ត្រូវទទួលខុសត្រូវ។ ទី២ គោលនយោបាយរបស់យើង ឧទាហរណ៍ យើងចង់ដាក់គោលនយោបាយ សេវាប៉ុណ្ណា មកកន្លែងនេះ កន្លែងនេះបង់ថ្លៃរបស់រដ្ឋ កន្លែងនេះបង់ថ្លៃរបស់ឯកជន។ ទី៣ ពេទ្យរបស់រដ្ឋ ត្រូវមកធ្វើការនៅកន្លែងឯកជននេះ។ អីចឹង ញែកអត់ដាច់រវាងពេទ្យរដ្ឋ និងពេទ្យឯកជនទេ នៅពេលដែលរដ្ឋយើងកំពុងតែខ្វះពេទ្យ ខ្វះកន្លែងទីលានសម្រាប់ពង្រីកកន្លែង ដើម្បីផ្ដល់សេវារបស់រដ្ឋបន្ថែមទៀត។
បន្ថែមពីនេះទៀត សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានអះអាងបន្ថែមថា៖ «សម្រាប់ការវិនិយោគទាំងវិស័យអប់រំ និងសុខាភិបាល ខ្ញុំសូមលើកទឹកចិត្ដឱ្យចូលរួមក្នុងការវិនិយោគ ពង្រីកសមត្ថភាពនៅទីតាំងខាងក្រៅ ដើម្បីធានាឱ្យការផ្ដល់សេវាកាន់តែទំនើប កាន់តែខិតជិតប្រជាពលរដ្ឋនៅក្នុងប្រទេស ជាជាងប្រជាជនរបស់យើងចេញទៅក្រៅ។ យើងមិនបដិសេដ្ឋក្នុងការចូលរួមរបស់វិស័យឯកជននោះទេ យើងស្វាគមន៍ តែរូបមន្ដនេះ យើងមិនអនុញ្ញាតទេ»៕
ដោយ៖ រិទ្ធី





