លោក គីម ប្តេជ្ញាពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី ជាការឆ្លើយតបទៅកាន់លោក ពូទីន
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ -- ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអង្គារថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន(Kim Jong-un) បានប្តេជ្ញាពង្រីក និងពង្រឹង «កិច្ចសហប្រតិបត្តិការរួម»ជាមួយទីក្រុងម៉ូស្គូ នៅក្នុងសារមួយផ្ញើជូនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀពូទីន (Vladimir Putin) ដោយទំនាក់ទំនងផ្នែកយោធា និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរកំពុងត្រូវបានពង្រឹង។
យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង (KCNA) បានឱ្យដឹងថា លោក គីម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ពូទីននៅក្នុងសារឆ្លើយតបទៅនឹងសារអបអរសាទររបស់ប្រធានាធិបតីរុស្ស៊ីរូបនេះដែលបានផ្ញើមកនាពេលថ្មីៗនេះ ដើម្បីអបអរខួបលើកទី ៧៨ នៃការបង្កើតប្រទេសកូរ៉េខាងជើង ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែកញ្ញា។
លិខិតនោះបានបង្ហាញថា បំណងប្រាថ្នារបស់កូរ៉េខាងជើងនៅតែ«មុតមាំដោយគ្មានការសង្ស័យ ក្នុងការបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរួមជាមួយសហព័ន្ធរុស្ស៊ីតាមរបៀបដ៏ទូលំទូលាយ... ដោយផ្អែកលើប្រពៃណីនៃមិត្តភាព ភាពជាអ្នកជិតខាងល្អ ការជួយគ្នាទៅវិញទៅមក និងទំនាក់ទំនងសម្ព័ន្ធភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ»។
លោកមិនបានបញ្ជាក់លម្អិតថា «កិច្ចសហប្រតិបត្តិការរួម» នោះសំដៅលើអ្វីជាក់លាក់នោះទេ ប៉ុន្តែវាហាក់ដូចជាសំដៅទៅលើការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកយោធា និងសេដ្ឋកិច្ចរវាងកូរ៉េខាងជើង និងរុស្ស៊ី។
ទីភ្នាក់ងារ KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងរូបនេះបានលើកឡើងថា ប្រទេសទាំងពីរកំពុងបន្ត «សរសេរទំព័រថ្មីនៃប្រវត្តិសាស្ត្រដ៏អស្ចារ្យនៃសម្ព័ន្ធភាព» នៅចំពោះមុខ «ព្យុះប្រវត្តិសាស្ត្រដ៏ស្មុគស្មាញ»ហើយបានសន្យាផ្តល់ការគាំទ្រយ៉ាងមុតមាំដល់រុស្ស៊ីនៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។
ប្រទេសកូរ៉េខាងជើង និងរុស្ស៊ី បានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ពូទីន ទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីខែមិថុនាឆ្នាំ២០២៤។ សន្ធិសញ្ញានេះតម្រូវឱ្យមានការផ្តល់ជំនួយផ្នែកយោធា «ដោយមិនបង្អង់យូរ» ប្រសិនបើភាគីណាមួយរងការវាយប្រហារ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





