ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី នឹងអញ្ជើញមកដឹកនាំស្ថានទូតអាម៉េរិក និងបំពេញការងារនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីស្បថចូលកាន់តំណែង
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦--នៅថ្ងៃនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក Rubio បានរៀបចំពិធីស្បថចូលកាន់តំណែងជូនលោក ឯកអគ្គរដ្ឋទូត Christopher Anderson ដើម្បីមកដឹកនាំស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញ និងជំរុញទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ឱ្យឈានទៅកាន់ជំពូកថ្មីមួយ ដោយលើកកម្ពស់ផល ប្រយោជន៍របស់សហរដ្ឋអាមេរិក ព្រមទាំងគាំទ្រកម្ពុជា ឱ្យកាន់តែរឹងមាំ និងមានវិបុលភាព។ នេះបើយោតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា។

បើតាមស្ថានទូតអាម៉េរិក ក្នុងនាមជាអតីតទាហាននៃកងទ័ពជើងគោកសហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូត Anderson នឹងមកដល់រាជធានីភ្នំពេញ ដោយបំពេញការងារផ្តោតលើការពង្រីកពាណិជ្ជកម្ម និងការវិនិយោគ ការពង្រឹងកិច្ច សហប្រតិបត្តិការផ្នែកសន្តិសុខ និងការធ្វើការរួមគ្នាជាមួយដៃគូកម្ពុជាដើម្បីកម្ចាត់បណ្តាញឆបោក ដែលបានលួចយកប្រាក់រាប់ពាន់លានដុល្លារពីប្រជាជនអាម៉េរិក និងប្រជាជននៅជុំវិញពិភពលោក។

ជាមួយគ្នានេះ ស្ថានទូតអាម៉េរិក ក៏បានបន្ថែមថា៖ «សូមចូលរួមជាមួយយើងដើម្បីស្វាគមន៍យ៉ាងកក់ក្តៅ និងជូនពរដល់ លោកឯកអគ្គរដ្ឋទូត Anderson ក្នុងពេលដែលលោកត្រៀមខ្លួនធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជា»៕
ដោយ៖ រិទ្ធី, ប្រភព៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា





