កងម៉ារីនកូរ៉េខាងត្បូងចូលរួមក្នុងសមយុទ្ធពហុជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិក និងឥណ្ឌូណេស៊ី
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ -- យោងតាមការបញ្ជាក់របស់កងម៉ារីនកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទ បានឱ្យដឹងថា កងម៉ារីនកូរ៉េខាងត្បូងបានចូលរួមក្នុងសមយុទ្ធរួមគ្នាពហុជាតិប្រចាំឆ្នាំ ដែលដឹកនាំដោយសហរដ្ឋអាមេរិក និងឥណ្ឌូណេស៊ី ដោយមានគោលបំណងបង្កើនសមត្ថភាពប្រតិបត្តិការរួមគ្នា។
សមយុទ្ធ Super Garuda Shield ដែលមានរយៈពេល ២សប្តាហ៍នេះត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី៣១ ខែសីហា រហូតដល់ថ្ងៃសុក្រ នៅតំបន់Lampung និងតំបន់ Bandung ក្នុងប្រទេសឥណ្ឌូណេស៊ី ដោយមានការចូលរួមពីកងទ័ពនៃប្រទេសចំនួន ១៥ រួមទាំងប្រទេសកូរ៉េខាងត្បូងកាណាដា និងជប៉ុន។
នេះគឺជាលើកទី២ ហើយដែលកងទ័ពកូរ៉េខាងត្បូងបានចូលរួមក្នុងសមយុទ្ធនេះ បន្ទាប់ពីបានចូលរួមជាលើកដំបូងកាលពីឆ្នាំមុន។
ក្នុងអំឡុងពេលសមយុទ្ធនេះ កងម៉ារីនកូរ៉េខាងត្បូងបានចូលរួមក្នុងសកម្មភាពហ្វឹកហ្វឺនរួមគ្នាជាច្រើន រួមទាំងការហ្វឹកហ្វឺនប្រតិបត្តិការជាក់ស្តែងនៅទីតាំងផ្ទាល់ (FTX) ដែលពាក់ព័ន្ធនឹងបេសកកម្មប្រយុទ្ធក្នុងព្រៃ និងសមយុទ្ធផ្នែកសាយប័រ ដែលត្រូវបានរៀបចំឡើងដើម្បីឱ្យកងទ័ពស្វែងយល់អំពីសមត្ថភាពវាយប្រហារ និងការពារតាមប្រព័ន្ធសាយប័រ។
សមយុទ្ធ Super Garuda Shield ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ដើមឡើយគឺជាសមយុទ្ធទ្វេភាគីរវាងសហរដ្ឋអាមេរិក និងឥណ្ឌូណេស៊ី ដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការក្នុងការប្រយុទ្ធក្នុងព្រៃ ប៉ុន្តែចាប់តាំងពីពេលនោះមក វាបានវិវត្តទៅជាសមយុទ្ធពហុជាតិទ្រង់ទ្រាយធំ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





