ប្រេស៊ីល និងសហរដ្ឋអាមេរិក នឹងរៀបចំកិច្ចពិភាក្សាពន្ធគយនៅចុងខែកញ្ញា
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ -- មន្ត្រីប្រេស៊ីលបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសប្រេស៊ីល និងសហរដ្ឋអាមេរិក កំពុងរៀបចំកិច្ចពិភាក្សាផ្ទាល់ជុំថ្មីមួយស្តីពីពន្ធរបស់សហរដ្ឋអាមេរិកលើទំនិញរបស់ប្រេស៊ីល ដែលទំនងជានឹងធ្វើឡើងនៅចុងខែកញ្ញា។
លោកស្រី ម៉ាស៊ីអូ អេឡាស រ៉ូសា (Marcio Elias Rosa) រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ ឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្មរបស់ប្រេស៊ីល បានមានប្រសាសន៍ថា លោកត្រូវបានគេរំពឹងថានឹងជួបជាមួយលោក ចាមីសុន ហ្គ្រៀ (Jamieson Greer) តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកក្នុងអំឡុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុម G20 ដែលនឹងប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា។
លោកស្រី អេឡាស រ៉ូសា បានប្រាប់អ្នកសារព័ត៌មានថា៖ «កិច្ចសន្ទនានេះគឺបើកចំហ ហើយប្រេស៊ីលមានឆន្ទៈក្នុងការចរចា»។ លោកបានបន្ថែមថាប្រទេសប្រេស៊ីលនឹងការពារផលប្រយោជន៍របស់ក្រុមហ៊ុន និងកម្មកររបស់ខ្លួន ខណៈពេលដែលរក្សាការសន្ទនាជាមួយភាគីអាមេរិក។
កិច្ចពិភាក្សាជុំថ្មីនេះធ្វើឡើងបន្ទាប់ពីការចាប់ផ្តើមឡើងវិញនូវកិច្ចពិភាក្សា ដែលកើតចេញពីការសន្ទនាតាមទូរស័ព្ទកាលពីខែសីហា រវាងប្រធានាធិបតីប្រេស៊ីល លោក ល្វីស អ៊ីណាស៊ីអូ លូឡា ដា ស៊ីលវ៉ា (Luiz Inacio Lula da Silva) និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។
លោកស្រី អេឡាស រ៉ូសា បាននិយាយថា ប្រទេសប្រេស៊ីលមិនទទួលយកនូវអ្វីដែលខ្លួនយល់ថាជាការដាក់ពន្ធឯកតោភាគីដោយគ្មានហេតុផលសមស្របនោះទេ ប៉ុន្តែមិនមានបំណងឆ្លើយតបវិញដោយការបិទសេដ្ឋកិច្ចរបស់ខ្លួន ឬការចូលរួមក្នុងសង្គ្រាមពាណិជ្ជកម្មឡើយ។
លោកបានមានប្រសាសន៍ថា៖ «ប្រេស៊ីលជឿជាក់លើពហុភាគីនិយមការសន្ទនា និងការចរចា។ យើងនឹងមិនបោះបង់ចោលគោលការណ៍ទាំងនោះឡើយ»។
បច្ចុប្បន្ន សហរដ្ឋអាមេរិកកំពុងអនុវត្តពន្ធបន្ថែមលើផលិតផលមួយចំនួនរបស់ប្រទេសប្រេស៊ីល ដោយអត្រាពន្ធសរុបឡើងដល់ ៣៧,៥% ក្រោមវិធានការដែលបានអនុម័តតាមរយៈការស៊ើបអង្កេតពាណិជ្ជកម្មផ្សេងៗ។
យោងតាមក្រសួងអភិវឌ្ឍន៍ ឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្មរបស់ប្រេស៊ីល បានឱ្យដឹងថា វិធានការថ្មីរបស់សហរដ្ឋអាមេរិកបានជះឥទ្ធិពលដល់ ២៣,១% នៃការនាំចេញរបស់ប្រទេសប្រេស៊ីលទៅកាន់សហរដ្ឋអាមេរិក ក្នុងកម្រិតខុសៗគ្នា៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





