ហុងគ្រី និងអាល្លឺម៉ង់ មានគោលបំណងពង្រឹងភាពជាដៃគូដ៏យូរអង្វែងរបស់ខ្លួនឱ្យកាន់តែស៊ីជម្រៅ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ -- ប្រទេសហុងគ្រី និងអាល្លឺម៉ង់បានព្រមព្រៀងគ្នាកាលពីថ្ងៃចន្ទ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងបើកទំព័រថ្មីនៃទំនាក់ទំនងរបស់ពួកគេ បន្ទាប់ពីមានកិច្ចពិភាក្សារវាងអនុនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសហុងគ្រី លោកស្រី អានីតា អឺបាន (Anita Orban) និងរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក ចូហាន់ វ៉ាដេភូល (Johann Wadephul) នៅទីក្រុងប៊ូដាប៉េស។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ រដ្ឋមន្ត្រីទាំងពីរបានលើកឡើងថា ប្រទេសទាំងពីរមានគោលបំណងពង្រឹងភាពជាដៃគូដ៏យូរអង្វែងរបស់ពួកគេ និងរួមគ្នាបង្កើតទ្វីបអឺរ៉ុបមួយដ៏រឹងមាំ មានសុវត្ថិភាព និងមានភាពប្រកួតប្រជែង។
លោកស្រី អានីតា អឺបាន បានមានប្រសាសន៍ថា ការរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីហុងគ្រី លោក ផេទឺ ម៉ាកយ៉ារ (Peter Magyar) ទៅកាន់ទីក្រុងប៊ែរឡាំងនៅថ្ងៃទី៩-១០ ខែវិច្ឆិកា បានចាប់ផ្តើមហើយ។
ភាគីទាំងពីរបានព្រមព្រៀងគ្នាពង្រឹងវេទិកាហុងគ្រី-អាល្លឺម៉ង់ បង្កើតការពិគ្រោះយោបល់ជាប្រចាំរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ និងពង្រឹងការផ្លាស់ប្តូររវាងអ្នកការទូតវ័យក្មេង។ ពួកគេក៏បានព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័នស្រាវជ្រាវគោលនយោបាយ ព្រមទាំងពិនិត្យមើលលទ្ធភាពនៃការរៀបចំឆ្នាំវប្បធម៌អាល្លឺម៉ង់-ហុងគ្រី នៅឆ្នាំ ២០២៨ផងដែរ។
ពាក់ព័ន្ធនឹងទំនាក់ទំនងសេដ្ឋកិច្ច រដ្ឋមន្ត្រីទាំងពីរបានលើកឡើងថា កិច្ចសហប្រតិបត្តិការទ្វេភាគីបានរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ជាពិសេសនៅក្នុងឧស្សាហកម្មរថយន្ត ហើយបានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត។ ពួកគេបានអំពាវនាវឱ្យមានការពង្រឹងទីផ្សារតែមួយរបស់សហភាពអឺរ៉ុប (EU) ការលើកកម្ពស់ភាពប្រកួតប្រជែងផ្នែកឧស្សាហកម្មរបស់អឺរ៉ុប និងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីធានាសុវត្ថិភាពថាមពល។
ចំពោះបញ្ហាការធ្វើចំណាកស្រុក ប្រទេសហុងគ្រី និងអាល្លឺម៉ង់បានលើកឡើងថា តំបន់របស់ពួកគេកំពុងប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំង ហើយបានកំណត់យកការបញ្ឈប់ការធ្វើចំណាកស្រុកដោយខុសច្បាប់ និងការពង្រឹងការការពារព្រំដែនខាងក្រៅរបស់សហភាពអឺរ៉ុប ជាគោលដៅរួម។
ភាគីទាំងពីរក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការពង្រីកសហភាពអឺរ៉ុប និងការធ្វើសមាហរណកម្មតំបន់បាល់កង់ខាងលិច(Western Balkans) ព្រមទាំងបានលើកឡើងពីការចូលរួមរបស់ហុងគ្រីនាពេលថ្មីៗនេះនៅក្នុងការិយាល័យរដ្ឋអាជ្ញាសាធារណៈអឺរ៉ុប (European Public Prosecutor's Office) ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងនីតិរដ្ឋ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





