ពិធីជួបជុំ Alumni របស់ AUF និងពិធីប្រគល់វិញ្ញាបនប័ត្រ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦–
ពិធីជួបជុំ Alumni របស់ AUF កម្ពុជា៖ អបអរសាទរសមិទ្ធផល និងការគាំទ្រដល់ភាពទទួលបានការងាររបស់យុវជន
នៅថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ អ្នកចូលរួមជាងមួយរយនាក់ ក្នុងនោះមាននិស្សិតមកពីសាកលវិទ្យាល័យជាសមាជិកនៃ ទីភ្នាក់ងារសាកលវិទ្យាល័យនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង (AUF) បានជួបជុំគ្នាក្នុងឱកាស ពិធីជួបជុំ Alumni លើកទី៥ របស់ AUF នៅកម្ពុជា។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅនៅមុខការិយាល័យ AUF កម្ពុជា ដែលមានទីតាំងនៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។

ក្នុងចំណោមឥស្សរជនដែលបានចូលរួម មាន សាស្ត្រាចារ្យ Nicolas MAÏNETTIនាយកប្រចាំតំបន់ AUF អាស៊ី-ប៉ាស៊ីហ្វិក, លោកស្រី Élodie WYNAR អនុព័ន្ធសហប្រតិបត្តិការផ្នែកភាសាបារាំង, លោកស្រី Isabelle BOKHARI ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោក Bun LONG អគ្គនាយករងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ITC, លោកស្រី Anh-Dao TRAN អនុព័ន្ធសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងសាកលវិទ្យាល័យ ព្រមទាំងតំណាងមកពីសាកលវិទ្យាល័យជាដៃគូរជាច្រើនផ្សេងទៀត។

វត្តមានរបស់ភ្ញៀវកិត្តិយសទាំងនេះបានបង្ហាញពីសារៈសំខាន់នៃជំនួបនេះ សម្រាប់សហគមន៍អ្នកប្រើប្រាស់ភាសាបារាំងដែលកំពុងចូលរួមចំណែកគាំទ្រយុវជននៅកម្ពុជា។
ពិធីជួបជុំបានប្រព្រឹត្តទៅជាមួយពិធីប្រគល់វិញ្ញាបនប័ត្រ ជូនដល់និស្សិតដែលបានបញ្ចប់ដោយជោគជ័យនូវវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសស្វែងរកការងារនិងសហគ្រិនភាព។

លោកអ៊ឹម ក្រាវង្ស តំណាងការិយាល័យជាតិ AUF ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ពិធីជួបជុំនេះគឺជាពិធីសម្រាប់បង្ហាញការទទួលស្គាល់ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់យុវជន។
«វិញ្ញាបនប័ត្រដែលប្អូនៗនិស្សិតទទួលនៅពេលនេះ មិនមែនគ្រាន់តែជាឯកសារមួយប៉ុណ្ណោះទេ។ វាបង្ហាញពីការប្តេជ្ញាចិត្តផ្ទាល់ខ្លួន ការខិតខំប្រឹងប្រែង ការគិតពិចារណា ការអនុវត្ត និងការព្យាយាមរបស់ខ្លួន។ វាក៏ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការចូលក្នុងទីផ្សារការងារដោយមានទំនុកចិត្តកាន់តែខ្ពស់ សកម្មជាងមុន និងមានការត្រៀមខ្លួនកាន់តែល្អប្រសើរ»។

អ្នកទទួលវិញ្ញាបនបត្រជាង៧០នាក់ បានទទួលវិញ្ញាបនប័ត្រ និងបង្ហាញពីភាពជោគជ័យរបស់អតីតនិស្សិត ដែលបច្ចុប្បន្នបានក្លាយជាម្ចាស់អាជីវកម្ម និងអ្នកជំនាញក្នុងវិស័យផ្សេងៗ ហើយបានចែករំលែកពេលវេលានិងជំនាញរបស់ពួកខ្លួនដោយសប្បុរសជួយបណ្តុះបណ្តាលយុវជនជំនាន់ថ្មី។
អ្នកទទួលវិញ្ញាបនបត្រទាំងនេះរួមមានអ្នកដែលបានចូលរួមក្នុង វគ្គបណ្តុះបណ្តាលសហគ្រិនភាពចំនួនពីរ (វគ្គខែកញ្ញា–វិច្ឆិកា ឆ្នាំ២០២៥ និងវគ្គខែឧសភា–កក្កដា ឆ្នាំ២០២៦) និង វគ្គបណ្តុះបណ្តាលបច្ចេកទេសស្វែងរកការងារពីរវគ្គ(វគ្គខែមីនា–ឧសភា ឆ្នាំ២០២៦)។
តំណាង AUF បានសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងទាំងនេះ និងបានថ្លែងអំណរគុណដល់ ស្ថានទូតបារាំងប្រចាំកម្ពុជា ចំពោះការគាំទ្រផ្នែកហិរញ្ញវត្ថុ តាមរយៈ មូលនិធិ Équipe France (FEF) ដែលបានអនុញ្ញាតឱ្យអនុវត្តសកម្មភាពជាច្រើន ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលសហគ្រិនភាព និងជំនាញទន់ ដើម្បីបង្កើនសមត្ថភាពនិងបញ្ច្រៀបនិស្សិតចូលទីផ្សារការងារ របស់យុវជន។

ពិធីជួបជុំ Alumni បានប្រមូលផ្តុំអតីតអ្នកទទួលបានការបណ្តុះបណ្តាលនានារៀបចំឡើងដោយ AUF និស្សិតវ័យក្មេង គ្រូបង្គោល អ្នកជំនាញ ព្រមទាំងដៃគូសិក្សា និងដៃគូផ្នែកសង្គមនិងសេដ្ឋកិច្ចនានា។ ជំនួបនេះបានរំលឹកថា ការចូលទីផ្សារការងារ មិនអាចកសាងឡើងដោយខ្លួនឯងតែម្នាក់ឯងបានទេ។ បណ្តាញទំនាក់ទំនង ការផ្លាស់ប្តូរ ការចែករំលែកបទពិសោធន៍ និងការជួយគ្នាទៅវិញទៅមក គឺជាធនធានដ៏មានតម្លៃ។
លោកសាស្ត្រាចារ្យ Nicolas MAÏNETTI នាយកប្រចាំតំបន់ AUF អាស៊ី-ប៉ាស៊ីហ្វិក AUF មានជំនឿយ៉ាងមុតមាំថា ភាសាបារាំងគួរតែបើកទ្វារឱកាស រួមទាំងឱកាសការងារផងដែរ។ សព្វថ្ងៃនេះ ការមានសញ្ញាបត្រតែមួយមុខមិនទាន់គ្រប់គ្រាន់ទៀតទេ។

«វិញ្ញាបនប័ត្រដែលប្អូនៗនឹងទទួល មិនមែនជាចំណុចបញ្ចប់ទេ។ វាគឺជាការអញ្ជើញឱ្យអ្នកហ៊ាន៖ ហ៊ានដាក់ពាក្យសុំការងារ ហ៊ានចាប់ផ្តើមអាជីវកម្ម ហើយពេលខ្លះហ៊ានទទួលយកការបរាជ័យ ដើម្បីចាប់ផ្តើមឡើងវិញឱ្យកាន់តែប្រសើរ។ អ្នកកំពុងចូលរួមជាមួយសហគមន៍អ្នកប្រើប្រាស់ភាសាបារាំង ដែលមានវិសាលភាពលើសពីប្រទេសកម្ពុជា ហើយ AUF នឹងនៅតែជាមួយអ្នកជានិច្ច»។
លោកនាយកប្រចាំតំបន់ AUF អាស៊ី-ប៉ាស៊ីហ្វិក ដែលការិយាល័យរបស់លោកទើបតែត្រូវបានបង្កើតឡើងនៅកម្ពុជា ក៏បានឆ្លៀតឱកាសនៃពិធីជួបជុំនិងប្រគល់វិញ្ញាបនប័ត្រនេះថ្លែងអំណរគុណដល់ ព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងទំនុកចិត្តក្នុងការទទួលស្វាគមន៍ទីស្នាក់ការនៃការិយាល័យប្រចាំតំបន់ AUF។
លោកនាយកក៏បានថ្លែងអំណរគុណជាពិសេសដល់ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដែលបានផ្តល់ទីតាំងការិយាល័យប្រចាំតំបន់ AUF អាស៊ី-ប៉ាស៊ីហ្វិកដោយលោកបានបន្ថែមថា៖
«ការដែលយើងទទួលបានការស្វាគមន៍នៅក្នុងបេះដូងនៃស្ថាប័នមួយ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រវត្តិសាស្ត្រនៃភាសាបារាំងនៅក្នុងប្រទេសនេះ គឺជាកិត្តិយស និងជាឱកាសដ៏ល្អសម្រាប់យើង។ នោះគឺជាឱកាសក្នុងការធ្វើការឱ្យកាន់តែជិតស្និទ្ធជាមួយសាកលវិទ្យាល័យ គ្រូបង្រៀន និងនិស្សិតដែលយើងកំពុងតែបម្រើផ្តល់សេវានិងអត្ថប្រយោជន៍»។
ក្នុងអំឡុងឆ្នាំនេះ សកម្មភាពជាច្រើនត្រូវបានអនុវត្តដោយមានការគាំទ្រពីដៃគូពាក់ព័ន្ធ ក្នុងនោះមាន សិក្ខាសាលាបណ្តុះបណ្តាលស្តីពីការចូលទីផ្សារការងារ វគ្គបណ្តុះបណ្តាលសហគ្រិនភាព ទស្សនកិច្ចសហគ្រាស ជំនួប Alumni សិក្ខាសាលាផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងអំពីសហគ្រិនភាព ព្រមទាំងសកម្មភាពផ្សេងៗទៀត ដូចជា វេទិកាការងារខ្នាតតូច (Mini-Forum des Carrières)ដែលបានរៀបចញឡើងនៅតាមបណ្តាសាកលវិទ្យាល័យមួយចំនួន។
មជ្ឈមណ្ឌលការងារភាសាបារាំង (CEF) ប្រចាំរាជធានីភ្នំពេញ ដែលទទួលខុសត្រូវលើការបណ្តុះបណ្តាលទាំងនេះ មានតួនាទីសំខាន់ក្នុងការគាំទ្រ និងអមដំណើរយុវជន។ មជ្ឈមណ្ឌលនេះមានសកម្មភាពសំខាន់ចំនួន ៤ផ្នែក រួមមាន៖ ការប្រឹក្សា និងការណែនាំអំពីការងារ, ការបណ្តុះបណ្តាលបន្ថែមដើម្បីពង្រឹងជំនាញទូទៅ, ការទទួលស្គាល់ជំនាញវិជ្ជាជីវៈ និងការត្រៀមបង្កើតគំរោងសហគ្រិនភាព ដើម្បីជួយយុវជនអាចធ្វើឱ្យគម្រោងរបស់ខ្លួនក្លាយជាការពិត។
តាមរយៈសកម្មភាពចម្រុះទាំងនេះ CEF បានបំពេញយ៉ាងពេញលេញនូវបេសកកម្មរបស់ AUF ក្នុងការគាំទ្រសាកលវិទ្យាល័យ និងនិស្សិតប្រើប្រាស់ភាសាបារាំង ឱ្យទទួលបានជោគជ័យ ពង្រឹងសមត្ថភាពក្នុងការទទួលបានការងារ និងអភិវឌ្ឍសមត្ថភាពក្នុងការច្នៃប្រឌិត និងនវានុវត្តន៍។
ដោយ ផែន រតនៈ





