សមត្ថកិច្ចក្រសួងមហាផ្ទៃ តាមបោសសម្អាតទីតាំង Online Scams សេសសល់តូចៗ ៨៥កន្លែង និងឃាត់ខ្លួនជនសង្ស័យជាង ១ពាន់នាក់ ក្នុងខែសីហា
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ -- នៅក្នុងប្រតិបត្តិការពេញមួយខែសីហា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចនៃក្រសួងមហាផ្ទៃបានបន្តចុះបង្ក្រាប ទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ទ្រង់ទ្រាយតូចៗ នៅសេសសល់ចំនួន ៨៥កន្លែង។

ប្រតិបត្តិការនេះបានឃាត់ខ្លួនជនសង្ស័ យចំនួន ១.២៥៥នាក់ ស្មើនឹង១៣ សញ្ជាតិ មានជាអាទិ៍ ចិន ៧៣២នាក់ វៀតណាម ៣២៣នាក់ ខ្មែរ ៩៤នាក់ ថៃ ៥៣នាក់ ឥណ្ឌូនេស៊ី ២៤នាក់ មីយ៉ាន់ម៉ា ៩នាក់ នេប៉ាល់ ៤នាក់ ម៉ាឡេស៊ី ៤នាក់ ឥណ្ឌា ៣នាក់ ប៉ាគីស្ថាន ៣នាក់ បង់ក្លាដេស ៣នាក់ កូរ៉េ ២នាក់ និងឡាវ ១នាក់ ។ នេះបើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងរយៈពេលដូចគ្នានោះដែរ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានអនុវត្តនីតិវិធីបណ្ដេញចេញជនបរទេសល្មើសច្បាប់សរុប ២.០០៥នាក់ ស្រី ៣២០នាក់ មាន ៣២សញ្ជាតិ ក្នុងនោះពាក់ព័ន្ធនឹង Online Scams មាន ៥៧៤នាក់ ស្រី ១១នាក់ ស្មើនឹង ១១សញ្ជាតិ។ ក្នុងចំណោមជនបរទេសដែលត្រូវបណ្ដេញចេញ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានសហការជាមួយស្ថានទូតចិន ដោយបណ្ដេញចេញតាមជើងយន្តហោះពិសេសចំនួន៣លើក សរុប ៤៧៣នាក់ ស្រី ២០នាក់ ក្នុងនោះពាក់ព័ន្ធនឹង Online Scams ២២៨នាក់។
នៅក្នុងខែសីហាដដែលនោះសមត្ថកិច្ចក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យរដ្ឋបាលតាមបណ្ដាគោលដៅ ៣.៦៥៧ទីតាំង មានមនុស្សសរុប ១៧.៨៣៤នាក់ និងចុះត្រួតពិនិត្យរដ្ឋបាលនៅលើដងផ្លូវ សមត្ថកិច្ចបានពិនិត្យឃាត់យានយន្តដែលសង្ស័យសរុបចំនួន ២៦៩លើក មនុស្សចំនួន ២.៧៦៣នាក់។ ការចុះអនុវត្តនេះ គឺជាផ្នែកមួយដ៏សំខាន់នៃការទប់ស្កាត់ដំណើរចល័តពីកន្លែងមួយទៅកន្លែងមួយរបស់ពួកឧក្រិដ្ឋជន ក្នុងគ្រាដែលកម្លាំងមានសមត្ថកិច្ច បាន និងកំពុងប្រើកណ្ដាប់ដៃដែកវាយកម្ទេច និងបោសសម្អាតបទល្មើសនេះដោយមិនដកដៃ។
គូសបញ្ជាក់ដែរថា ក្នុងខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចក៏បានរកឃើញ និងផាកពិន័យម្ចាស់ និងអ្នកគ្រប់គ្រងទីតាំងដែលល្មើសនឹងអនុក្រឹត្យលេខ០៣ សរុបជាទឹកប្រាក់ ៨២២.២៤០.០០០រៀល ក្នុងនោះផាកពិន័យតាមមាត្រា១៩ សរុបទឹកប្រាក់ ១.២០០.០០០រៀល និងផាកពិន័យតាមមាត្រា២០ សរុបទឹកប្រាក់ ៨២១.០៤០.០០០រៀល៕
ដោយ៖ ចាន់ សុភឿន ,ប្រភព៖ ក្រសួងមហាផ្ទៃ





