អាជ្ញាធរខេត្តកំពង់ឆ្នាំង បើកដំណើរការសាងសង់បង្គោលភ្លើងបំភ្លឺផ្លូវប្រើថាមពលពន្លឺព្រះអាទិត្យ
AKP កំពង់ឆ្នាំង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ -- ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញពិនិត្យការដ្ឋានសាងសង់បង្គោលភ្លើងបំភ្លឺផ្លូវប្រើថាមពលពន្លឺព្រះអាទិត្យនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីព្រំប្រទល់ឃុំទឹកហូត ស្រុករលាប្អៀរ ដល់ព្រំប្រទល់ឃុំតាជេស ស្រុកកំពង់ត្រឡាច អមដំណើរដោយអាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ និងអ្នកបច្ចេកទេសអគ្គីសនីកម្ពុជាផងដែរ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានលើកឡើងនៅថ្ងៃនេះថា រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងដំឡើងអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពីពន្លឺព្រះអាទិត្យ ក្នុងរាជធានី-ខេត្ត ក្នុងនោះខេត្តកំពង់ឆ្នាំងមានការរីកចម្រើនថ្មីមួយទៀត ដែលទទួលបានគម្រោងដំឡើងអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពីពន្លឺព្រះអាទិត្យ វានឹងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ពេលយប់ បង្កើនសុវត្ថិភាពសង្គម លើកកម្ពស់សេដ្ឋកិច្ចយប់ និងទេសចរណ៍ ព្រមទាំងមិនមានបន្ទុកចំណាយលើថ្លៃអគ្គិសនីប្រចាំខែ និងងាយស្រួលដំឡើងជាងប្រព័ន្ធភ្លើងដើរដោយខ្សែកាបពីមុន។

ទន្ទឹមនឹងនេះឯកឧត្តមបានបន្តថា ដំណើរការថែទាំដើម្បីឱ្យហេដ្ឋារចនាសម្ព័ន្ធនេះនៅបន្តបំភ្លឺជូនបងប្អូនប្រជាពលរដ្ឋក្រសួងរ៉ែនិងថាមពល និងអគ្គិសនីកម្ពុជានឹងប្រគល់ជូនក្រសួងសាធារណការនិងដឹកជញ្ជូនខេត្ត ជាអ្នកគ្រប់គ្រង និងថែទាំបន្ត។ អាជ្ញាធរខេត្តបានប្រមូលកៀរគរកម្លាំងអនុវត្តន៍ការរៀបចំដំឡើងបង្គោលភ្លើងបំភ្លឺសាធារណៈតាមដងផ្លូវជាតិលេខ៥ នៅក្នុងភូមិសាស្ត្រខេត្ត និងគោលដៅរបស់អាជ្ញាធរខេត្ត មិនមែនគ្រាន់តែពង្រីកការដំឡើងតាមបណ្ដោយផ្លូវជាតិប៉ុណ្ណោះទេ តែថែមទាំងគ្រោងរៀបចំនៅតាមទីប្រជុំជនតាមដងផ្លូវបេតុង និងនៅតាមបណ្តាសង្កាត់នានានៅក្នុងក្រុងថែមទៀតផង។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានសំណូមពរដល់អាជ្ញាធរគ្រប់មូលដ្ឋាន និងប្រជាពលរដ្ឋចូលរួមសហការបន្ទាប់ពីបញ្ចប់ការសាងសង់រួច ការថែទាំដើម្បីឱ្យហេដ្ឋារចនាសម្ព័ន្ធនេះនៅបន្តបំភ្លឺជូនបងប្អូនប្រជាពលរដ្ឋជានិរន្តរ៍និងបានជាប្រយោជន៍ដល់ប្រជាពលរដ្ឋនូវសុខសុវត្ថិភាព លើកស្ទួយសោភណភាព និងសុខុមាលភាពក្នុងការរស់នៅ ជាពិសេស កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបទល្មើសផ្សេងៗផងដែរ៕

ដោយ បៃ ស៊ីថុន





