រដ្ឋមន្រ្ដីការបរទេសកម្ពុជា លើកឡើងអំពីគោលបំណងរបស់កម្ពុជា ក្នុងដំណើរការផ្សះផ្សា
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ -- រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិកម្ពុជា បានលើកឡើងថា គោលបំណងចម្បងបំផុតរបស់កម្ពុជា គឺសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា និងថៃ ហើយរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងតំបន់។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាភ្នាក់ងារតំណាងកម្ពុជា នៅក្នុងសេចក្ដីថ្លែងការណ៍បើកកិច្ចប្រជុំជាមួយគណៈកម្មាធិការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) នៅសាធារណរដ្ឋសិង្ហបុរី នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ដើម្បីសម្រេចបាននូវគោលដៅនេះ កម្ពុជាមានបំណងចុះសន្ធិសញ្ញា មួយជាមួយប្រទេសថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការ និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា៖ «ជាជម្រើសផ្សេងទៀត កម្ពុជា ត្រៀមខ្លួនចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃ សម្រាប់ការ អភិវឌ្ឍន៍រួមគ្នា និងការបែងចែកធនធានដោយសមធម៌រវាងរដ្ឋទាំងពីរ ក្នុងអំឡុងពេលរង់ចាំកិច្ចព្រម ព្រៀងជាស្ថាពរស្តីពីព្រំដែនសមុទ្រ»។
ជាមួយគ្នានេះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានបន្ថែមថា ក្នុងករណីមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងជាស្ថាពរ ទាំងលើព្រំដែនសមុទ្រ និងទាំងលើការអភិវឌ្ឍរួមគ្នា កម្ពុជា សូមស្នើឱ្យគណៈកម្មការរៀបចំរបាយការណ៍ផ្តល់អនុសាសន៍ដល់ភាគីទាំងពីរ ដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ភាគីទាំងពីរក្នុងការចរចាដើម្បីសម្រេចកិច្ចព្រមព្រៀងទាំងនេះនៅ ពេលក្រោយ ដោយអនុលោមតាមកាតព្វកិច្ចរបស់ភាគីទាំងពីរក្រោមអនុសញ្ញា UNCLOS៕
ដោយ៖ រិទ្ធី





