ឯកឧត្តម នួន ផារ័ត្ន បានណែនាំដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ខិតខំចុះត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបសកម្មភាពកាប់ទន្ទ្រាន និងកាន់កាប់ដីព្រៃដោយខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ -- ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងអាជ្ញាធរមានសមត្ថកិច្ច ខិតខំចុះត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបសកម្មភាពកាប់ទន្ទ្រាន និងកាន់កាប់ដីព្រៃដោយខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិព្រៃឈើ និងដីព្រៃឱ្យបានប្រសើរឡើង ព្រមទាំងចាត់វិធានការតាមច្បាប់ចំពោះជនល្មើស។

ឯកឧត្តមអភិបាលខេត្តបានណែនាំដូចនេះ នៅក្នុងកិច្ចប្រជុំប្រចាំខែសីហារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទតោ នៃសាលាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីអភិបាលរងនៃគណៈអភិបាលខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។
ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា កន្លងមកកម្លាំងគណៈបញ្ជាការឯករដ្ឋបាលខេត្ត ក្រុងស្រុកបានទប់ស្កាត់ និងបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងធនធានធម្មជាតិនៅក្នុងខេត្តកំពង់ធំ មានការថយចុះជាបន្តបន្ទាប់ ដែលបង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តវិធានការទប់ស្កាត់និងបង្ក្រាបរបស់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងការចូលរួមសហការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តម នួន ផារ័ត្ន បានបន្តថា នាពេលថ្មីៗកន្លងទៅនេះយើងចុះកំណត់ព្រំប្រទល់រវាងដីរដ្ឋនិងដីឯកជនរបស់ប្រជាពលរដ្ឋនៅតាមតំបន់ ដែលមានភាពចាំបា ច់និងបានអនុវត្តន៍ការងារកំណត់ព្រំប្រទល់សម្រេចបានមួយចំនួន។ ការចុះកំណត់ព្រំប្រទល់នេះដើម្បីកំណត់ទីតាំង និងព្រំដីរវាងដីរដ្ឋ និងដីឯកជនរបស់ប្រជាពលរដ្ឋឱ្យបានច្បាស់លាស់ត្រឹមត្រូវ និងស្របតាមស្ថានភាពជាក់ស្តែង ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងនិងការពារដីរដ្ឋ ទប់ស្កាត់ការទន្ទ្រានការកាន់កាប់ និងការប្រើប្រាស់ដីរដ្ឋដោយខុសច្បាប់ ព្រមទាំងចូលរួមបង្ការនិងកាត់បន្ថយវិវាទដីធ្លី និងធានាបាននូវការគោរពនិងការអនុវត្តសិទ្ធិប្រើប្រាស់ដីស្របតាមច្បាប់។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានឡើងធ្វើបទអន្តរាគមន៍ និងបញ្ជាក់ជូនអំពីលទ្ធផលសំខាន់ៗនៃការងារការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងរយៈពេលកន្លងទៅ ដោយបានបញ្ជាក់ថា ការកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិមិនមានការកើតឡើងជាថ្មីទៀតឡើយ។ ការកាយប្រឡាយក្រវាត់ព្រំដីរបស់រដ្ឋ នៅក្នុងភូមិសាស្ត្រស្រុកសន្ទុក ត្រូវបានកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សហការជាមួយកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដី និងស្ថាប័នជំនាញពាក់ព័ន្ធសម្រេចភារកិច្ចក្រោមការដឹកនាំរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ។
ជាមួយនោះដែរ ការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ត្រូវបានកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានបំពេញភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បានធ្វើឱ្យបទល្មើសនេសាទមានការថយចុះគួរឱ្យកត់សម្គាល់ ហើយទើបតែពេលថ្មីៗនេះ នៅក្នុងរដូវទឹកឡើងដោយជំនន់ទឹកភ្លៀង និងទឹកបឹងទន្លេសាបរាជចូលក្នុងព្រៃរនាមធ្វើឱ្យបទល្មើសកើតឡើងជាថ្មី ដែលបច្ចុប្បន្ននេះកងកម្លាំងកំពុងបំពេញភារកិច្ចក្នុងការបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នេះជាបន្តបន្ទាប់។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានលើកឡើងនៅបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ និងបានប្ដេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តកំពង់ធំ ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងបីនៅក្នុងខេត្ត ក្នុងការបន្តភារកិច្ចការពារធនធានធម្មជាតិ តាមបទបញ្ជារបស់សម្ដេចប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ដើម្បីជាប្រយោជន៍សម្រាប់សង្គមជាតិ និងកូនចៅយើងនៅជំនាន់ក្រោយៗទៀត៕
ដោយ ស៊ុម វណ្ណា





