ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ៖ រក្សាសាមគ្គីភាព ដើម្បីសន្តិភាព វឌ្ឍនភាព និងបូរណភាពទឹកដីខ្មែរ
AKPបន្ទាយមានជ័យថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ២០២៦–ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនាអនុប្រធានទី២ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងគូសបញ្ជាក់ថា សាមគ្គីភាពជាតិខ្មែរ គឺជាគ្រឹះដ៏រឹងមាំនៃសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និងការអភិវឌ្ឍប្រទេស។

ដូច្នេះ ប្រជាពលរដ្ឋគ្រប់រូបត្រូវរួមគ្នារក្សាសាមគ្គីភាពផ្ទៃក្នុង ឱ្យបានរឹងមាំ ជៀសវាងការបែកបាក់ និងត្រូវមានជំនឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈម និងការពារផលប្រយោជន៍ជាតិ និងប្រជាជន។
ការថ្លែងយ៉ាងដូច្នេះ របស់ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនាបានធ្វើឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នេះក្នុងឱកាសបន្តចុះជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងសមាជិកក្រុមប្រឹក្សាឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យបន្ទាប់ពីបានចូលរួមជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ចែកអំណោយជូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅទីតាំង «ភូមិរង់ចាំ» ប្រមាណ ៣ ០០០គ្រួសារ ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា សន្តិភាពមិនមែនមានត្រឹមតែការគ្មានសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានសម្រាប់ប្រជាពលរដ្ឋមានឱកាសប្រកបរបរចិញ្ចឹមជីវិត កូនចៅមានឱកាសសិក្សា និងសង្គមមានលទ្ធភាពបន្តអភិវឌ្ឍទៅមុខ។ ហេតុនេះ ការរួមគ្នារក្សាសន្តិភាព និងសាមគ្គីភាពជាតិ គឺជាការចូលរួមដ៏មានតម្លៃរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះអនាគតប្រទេសជាតិ។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងក្រុមប្រឹក្សាឃុំ ត្រូវបន្តបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានល្អ ដោយយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ មានការទទួលខុសត្រូវ និងឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ។
ជាពិសេស ត្រូវបន្តថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ ដើម្បីឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងទំនុកចិត្តក្នុងការរស់នៅ។
ក្រៅពីការយកចិត្តទុកដាក់លើសន្តិសុខ និងសុខុមាលភាពសង្គម ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ក៏បានផ្តោតសំខាន់លើការកសាងជីវភាពគ្រួសារ និងការអភិវឌ្ឍធនធានមនុស្សផងដែរ។ ឯកឧត្តមបានណែនាំឱ្យប្រជាពលរដ្ឋចាប់ផ្តើមពីការធ្វើឱ្យសមាជិកគ្រួសារមានសុខភាពល្អ មានចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីអាចប្រឈមមុខនឹងការផ្លាស់ប្តូរនៃសង្គម និងសេដ្ឋកិច្ចនាពេលអនាគត។

ជាពិសេស ឯកឧត្តមបានលើកទឹកចិត្តឱ្យយកចិត្តទុកដាក់លើការរៀនភាសាអង់គ្លេសសម្រាប់កុមារ និងយុវជន ព្រោះជំនាញភាសាបរទេស គឺជាឧបករណ៍មួយដែលអាចបើកទ្វារឱកាសសម្រាប់ការសិក្សា ការងារ និងការទទួលបានចំណេះដឹងថ្មីៗពីពិភពលោក។ ការវិនិយោគលើកុមារ និងយុវជននៅថ្ងៃនេះ គឺជាការវិនិយោគលើធនធានមនុស្ស និងអនាគតរបស់គ្រួសារ និងសង្គមនៅថ្ងៃស្អែក។
ចំពោះវិស័យកសិកម្ម ឯកឧត្តមបណ្ឌិតបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋពង្រឹងការដាំដុះដំណាំចម្រុះ ដើម្បីបង្កើនសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់គ្រួសារ ព្រមទាំងអាចបង្កើតប្រភពចំណូលបន្ថែមតាមរយៈការលក់ផលិតផលកសិកម្ម។ ការដាំដុះដំណាំចម្រុះមិនត្រឹមតែជួយកាត់បន្ថយការពឹងផ្អែកលើប្រភពអាហារខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយឱ្យគ្រួសារមានផលិតផលសម្រាប់បរិភោគ និងបង្កើនប្រាក់ចំណូលប្រចាំថ្ងៃ។

ក្នុងន័យនេះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានស្នើដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ពិនិត្យលទ្ធភាពផ្តល់ពូជដំណាំចម្រុះក្នុងតម្លៃសមរម្យ ឬទាបជូនប្រជាពលរដ្ឋ ព្រមទាំងជួយផ្ទេរចំណេះដឹង និងបច្ចេកទេសកសិកម្មដែលសមស្របទៅនឹងស្ថានភាពជាក់ស្តែងរបស់មូលដ្ឋាន។
ពីមូលដ្ឋានឃុំគោករមៀត ស្រុកថ្មពួក សារនេះបានបង្ហាញថា ការថែរក្សាសន្តិភាព និងបូរណភាពទឹកដី មិនមែនជាភារកិច្ចរបស់បុគ្គល ឬស្ថាប័នណាមួយតែឯងឡើយ ប៉ុន្តែជាកាតព្វកិច្ចរួមរបស់ប្រជាជាតិទាំងមូល តាមរយៈការរក្សាសាមគ្គីភាព ការគោរពច្បាប់ ការរួមគ្នាអភិវឌ្ឍមូលដ្ឋាន និងការកសាងជំនាន់ក្រោយឱ្យមានចំណេះដឹង និងសមត្ថភាព។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា និងក្រុមការងារ បាននាំយកអំណោយជាថវិកា អង្ករ និងសម្ភារៈចាំបាច់មួយចំនួន ចែកជូនប្រជាពលរដ្ឋចំនួន ១០០០គ្រួសារ ដើម្បីរួមចំណែកសម្រាលការលំបាក និងផ្តល់ការគាំទ្រដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕
ដោយ៖ ឈុន សារ៉ាត




