ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត និងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងក្នុងតំបន់
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ -- យោងតាមក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា ព្រះអង្គម្ចាស់ ម៉ូហាមេដ ប៊ីន សាលម៉ាន់ ប៊ីន អាប់ឌូឡាហ្សីស អាល់ ស៊ូដ (Mohammed bin Salman bin Abdulaziz Al Saud) ដែលជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត និងលោក សេបាហ្ស សារីហ្វ (Shehbaz Sharif) នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានពិភាក្សាគ្នាអំពីស្ថានភាពវិវត្តក្នុងតំបន់ និងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីកាត់បន្ថយភាពតានតឹង កាលពីថ្ងៃអាទិត្យ។
យោងតាមសេចក្តីថ្លែងការណ៍ដែលក្រសួងបានបង្ហោះនៅលើបណ្តាញសង្គមអ៊ិចបានឱ្យដឹងថា នៅក្នុងការសន្ទនាតាមទូរស័ព្ទ លោក សារីហ្វ បានថ្កោលទោសការវាយប្រហារដែលធ្វើឡើងដោយក្រុមហ៊ូធី របស់ប្រទេសយេម៉ែនមកលើប្រទេសអារ៉ាប៊ីសាអូឌីត ដោយលោកបានចាត់ទុកសកម្មភាពទាំងនោះថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រនេះ ព្រមទាំងបានបញ្ជាក់ជាថ្មីអំពីការគាំទ្រយ៉ាងពេញទំហឹងរបស់ប្រទេសប៉ាគីស្ថានចំពោះអារ៉ាប៊ីសាអូឌីត។
លោក សារីហ្វ ក៏បានថ្កោលទោសការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងឥន្ធនៈដ៏សំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត និងបានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់ប្រទេសប៉ាគីស្ថានចំពោះសន្តិសុខរបស់ព្រះរាជាណាចក្រនេះផងដែរ។
ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបានឱ្យដឹងថា បំពង់បង្ហូរប្រេង East-West Pipeline របស់ខ្លួនត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (drone) ជាច្រើនគ្រឿងដែលបាញ់ចេញពីប្រទេសអ៊ីរ៉ាក់ ដែលបណ្តាលឱ្យមានអ្នករងរបួស និងការខូចខាត។ លោក អាលី អាល់ ហ្សៃឌី (Ali al-Zaidi) នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ និងជាអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ បានសម្រេចដកតំណែងមេបញ្ជាការប្រតិបត្តិការប្រចាំខេត្តម៉ាយសាន កាលពីថ្ងៃសៅរ៍ បន្ទាប់ពីអាជ្ញាធរបានបញ្ជាក់ថា ការវាយប្រហារមកលើប្រទេសអារ៉ាប៊ីសាអូឌីតត្រូវបានធ្វើឡើងចេញពីទីតាំងមួយក្នុងខេត្តម៉ាយសាន ភាគខាងត្បូងប្រទេសអ៊ីរ៉ាក់។
ប្រទសេអារ៉ាប៊ីសាអូឌីតបានវិនិយោគយ៉ាងច្រើនលើបំពង់បង្ហូរប្រេង East-West Pipeline ដែលដឹកជញ្ជូនប្រេងឆៅពីតំបន់ផលិតប្រេងនៅភាគខាងកើតរបស់ខ្លួនទៅកាន់កំពង់ផែយ៉ាន់ប៊ូ នៅសមុទ្រក្រហម ដោយមិនចាំបាច់ឆ្លងកាត់ច្រកសមុទ្រហ័រមូសឡើយ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





