កម្ពុជា ប្រកាសប្រឆាំង និងថ្កោលទោសយ៉ាងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម
AKP ភ្នំពេញថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦– ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ថា ជំហរផ្លូវការរបស់កម្ពុជា គឺកម្ពុជាសូមប្រកាសប្រឆាំង និងថ្កោលទោសយ៉ាងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ទោះបីជាកម្ពុជាមិនទាន់ជារដ្ឋភាគីនៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (Convention on Cluster Munitions) ក៏ដោយ។ កម្ពុជាគាំទ្រគោលបំណងនៃអនុសញ្ញានេះ ហើយមិនដែលផលិត ឬប្រើប្រាស់គ្រាប់បែកចង្កោមឡើយ។

ឯកឧត្ដម លី ធុជ ប្រធានគណៈប្រតិភូ កម្ពុជា បានបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០២៦ ។
ឯកឧត្ដមបានបន្ដថា៖ សមិទ្ធផលបោសសម្អាតកន្លងមក៖ ក្នុងរយៈពេលជាង ៣៣ឆ្នាំ កម្ពុជាបានបោសសម្អាតផ្ទៃដីរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានជាង ៣.៥០០ គីឡូម៉ែត្រការ៉េ និងបានកម្ទេចចោលយុទ្ធភណ្ឌគ្រឿងផ្ទុះរាប់លានគ្រាប់ ។ បន្ទុកមនុស្សធម៌ថ្មី (ឆ្នាំ២០២៥)៖ ក្នុងបរិបទជម្លោះព្រំដែនកម្ពុជា-ថៃ ឆ្នាំ២០២៥ ការប្រើប្រាស់គ្រាប់បែកចង្កោមដោយកងកម្លាំងយោធាថៃបានបង្កើតតំបន់រងផលប៉ះពាល់ថ្មីជិត ៤.០០០ គីឡូម៉ែត្រការ៉េ (ក្នុងនោះជិត ៣.០០០ គីឡូម៉ែត្រការ៉េ រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម)។

ផលប៉ះពាល់លើប្រជាពលរដ្ឋ៖ បង្កឱ្យប្រជាពលរដ្ឋស៊ីវិល (ជាពិសេសកសិករ) ស្លាប់ និងរងរបួស ។ ប្រជាពលរដ្ឋជាង ២០.០០០នាក់ ត្រូវផ្លាស់ទីលំនៅ និងមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន។ កិច្ចសហប្រតិបត្តិការអន្តរជាតិ៖ កម្ពុជាសម្តែងឆន្ទៈក្នុងការចែករំលែកបទពិសោធន៍លើការបោសសម្អាត ការអប់រំយល់ដឹងពីហានិភ័យ និងការជួយសង្គ្រោះជនរងគ្រោះជាមួយបណ្តាប្រទេសផ្សេងៗលើពិភពលោក ៕

ដោយ៖ សួស សំរិត




