ថ្នាក់ដឹកនាំខេត្តអញ្ជើញចូលរួមក្នុងពិធីបុណ្យសលាកភត្ត ប្រគេនចង្ហាន់ដល់ព្រះសង្ឃដែលគង់ចាំវស្សា នៅវត្តមុនីរង្សីរតនារាម (វត្តមុំខាងជើង)
AKP កំពង់ស្ពឺ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦--
ឯកឧត្តម ម៉េង វ៉ាន់ឌី ទីប្រឹក្សាផ្ទាល់ឯកឧត្តម កិត្តិសេដ្ឋបណ្ឌិត ជាម យៀប និងលោកជំទាវ មហាអគ្គសទ្ធាសរណៈមណីរត៍ ឈន សាខន (ឆេង ងីម) ត្រូវជាមាតាបិតារបស់លោកជំទាវ ម៉េង វ៉ាន់ដានីន ឧត្តមភរិយាឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំង ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមយ៉ាងជ្រះថ្លាក្នុងពិធីបុណ្យ «សលាកភត្ត» ដើម្បីរៀបចំប្រគេនចង្ហាន់ និងភេសជ្ជៈផ្សេងៗ ថ្វាយ-ប្រគេនដល់ព្រះសង្ឃដែលកំពុងគង់ចាំវស្សាអស់ត្រីមាស នៅវត្តមុនីរង្សីរតនារាម ហៅវត្តមុំខាងជើង) ស្ថិតនៅក្នុងភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ពិធីបុណ្យសលាកភត្តនេះត្រូវបានរៀបចំឡើងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ក្នុងគោលបំណងដើម្បីទ្រទ្រង់ដល់ព្រះសង្ឃដែលកំពុងគង់ចាំវស្សា ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សា និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យកាន់តែមានភាពរុងរឿង និងស្ថិតស្ថេរចីរកាល។ ជាមួយគ្នានោះដែរ ក៏ជាការកសាងនូវកុសលផលបុណ្យ និងបង្ហាញពីស្មារតីរួបរួមគ្នារវាងអាជ្ញាធរដែនដី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទ ក្នុងការទ្រទ្រង់ចតុបច្ច័យដល់ព្រះសង្ឃក្នុងរដូវកាលចូលវស្សានេះ។

ពិធីបុណ្យសលាកភត្ត គឺជាទានដែលទាយកទាយិកាប្រគេនដល់ព្រះសង្ឃដោយចាប់ស្លាក (ចាប់ឆ្នោត) ដោយមិនបានកំណត់ចំពោះព្រះអង្គណាមួយឡើយ គឺព្រះសង្ឃអង្គណាបានស្លាកលេខអ្វី ក៏ទទួលវត្ថុទានតាមលេខនោះ។ ពិធីនេះបង្កើតឡើងក្នុងសម័យពុទ្ធកាល ដើម្បីរៀបចំការប្រគេនទានដោយស្មើភាពគ្នា មិនឱ្យមានការលំអៀងទៅលើព្រះសង្ឃអង្គណាមួយ។

គោលបំណងរក្សាភក្តីភាព និងសេចក្តីស្មើភាព ដើម្បីចៀសវាងការលម្អៀងក្នុងការប្រគេន ដោយមិនបែងចែកថាព្រះសង្ឃអង្គណាសក្ដិសមជាង ឬជាទីស្រឡាញ់ជាង។ ដើរតាមគំរូនិងការអនុញ្ញាតរបស់ព្រះសង្ឃក្នុងសម័យពុទ្ធកាល នៅពេលដែលមានទាយកចង់ថ្វាយទានដល់ព្រះសង្ឃទូទៅដោយមិនចាត់ចែងឬរើសអើង និងជួយឱ្យព្រះសង្ឃគ្រប់អង្គទទួលបានបច្ច័យ និងវត្ថុទានដូចៗគ្នា ព្រមទាំងបង្ហាញពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទក្នុងការទ្រទ្រង់ព្រះពុទ្ធសាសនា។ ការធ្វើទានដោយសលាកភត្តទទួលបានអានិសង្ឃដ៏ច្រើនក្រៃលែង ព្រោះជាទានដែលមិនមានការរើសអើង និងធ្វើឡើងដោយចិត្តបរិសុទ្ធ។ ដោយសារការចាប់ស្លាកធ្វើឡើងដោយចៃដន្យ ធ្វើឱ្យទាននោះមិនជាប់ពាក់ព័ន្ធនឹងលោភៈ ទោសៈ ឬមោហៈ ក្នុងការរើសព្រះសង្ឃ។ សូមឧទ្ទិសកុសលជូនដល់ញាតិទាំង៧សន្ដាន និងវិញ្ញាណក្ខន្ធកងកម្លាំងប្រដាប់អាវុធ ទាំងអស់ដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ មាតុភូមិ ក្នុងសមរភូមិការពារជាតិ៕
ដោយ៖ ម៉ែន ប៊ុនធីម





