ឯកឧត្តម នួន ផារ័ត្ន ឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦--
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានឧបត្ថម្ភអង្ករចំនួន៣តោន ស្បៀងអាហារគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនដល់កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងភារកិច្ចការពារបូរណភាពទឹកដី និងត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅខេត្តកំពង់ធំនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំជាច្រើនរូប។

លោកវរសេនីយ៍ទោ ស៊ុន សាម៉ុន នាយការិយាល័យទី១នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានឡើងរាយការណ៍អំពីផែនការត្រៀមកម្លាំងអន្តរាគមន៍ មធ្យោបាយ គ្រឿងបំពាក់ និងការដឹកនាំបញ្ជានៅតាមបណ្ដាកងឯកភាពនីមួយៗ ក្នុងភារកិច្ចការពារបូរណភាពទឹកដីនិងកងកម្លាំងអន្តរាគមន៍ក្នុងភារកិច្ចជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ពិសេសគ្រោះទឹកជំនន់ ក្នុងករណីដែលកើតមានឡើងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ជួយដោះស្រាយការលំបាកគ្រប់បែបយ៉ាងដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងភារកិច្ចការពារបូរណភាពទឹកដី ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងសម្រាប់កងកម្លាំងអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំនាពេលកន្លងទៅក៏ដូចជាបច្ចុប្បន្ននេះដែលបានបង្ករលក្ខណៈងាយស្រួលដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំក្នុងការបំពេញភារកិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរចំពោះកងកម្លាំងទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានគោរពយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទទាំងក្នុងភារកិច្ចការពារបូរណភាពទឹកដីទាំងក្នុងភារកិច្ចការពារទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិព្រមទាំងការអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនាពេលកន្លងទៅ បានទាន់ពេលវេលាទទួលបានលទ្ធផលយ៉ាងល្អប្រសើរគួរជាទីមោទនៈដែលមហាជនទូទៅនៅក្នុងខេត្តកំពងធំមានការកោតសរសើរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនដល់កងកម្លាំងអន្តរាគមន៍ទាំងអស់ ត្រូវប្រុងប្រៀបខ្លួនរួចជាស្រេច និងមានមធ្យោបាយ គ្រឿងបំពាក់គ្រប់គ្រាន់ ដើម្បីចល័តអន្តរាគមន៍តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ជាមួយនេះដែរ ត្រូវគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់ស្ដីពីលក្ខន្តិកៈនិងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ នឹងត្រូវសាមគ្គីឯកភាពគ្នាខ្ពស់ ក្នុងពេលបំពេញភារកិច្ច។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឱ្យឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានប្រគល់អង្ករចំនួន ៣ តោន មីជាតិចំនួន ៥០ កេស និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។ ជាមួយគ្នានេះដែរ អង្គភាពនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានឧបត្ថម្ភថវិកាមួយចំនួនផងដែរ ជូនដល់កងកម្លាំងអន្តរាគមន៍ ដើម្បីចាត់ចែងដោះស្រាយក្នុងពេលបំពេញភារកិច្ចតាមបទបញ្ជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបានជោគជ័យ ដើម្បីជាតិ និងប្រជាជនកម្ពុជា៕
ដោយ ស៊ុម វណ្ណា





