ឯកឧត្តម សុខ ពុទ្ធិវុធ បង្ហាញអនុសាសន៍៥ចំណុច សម្រាប់អាណត្តិថ្មី សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦--
ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានលើកបង្ហាញនូវអនុសាសន៍៥ចំណុចសំខាន់ៗ ក្នុងការបន្តដឹកនាំអាណត្តិថ្មី ពីឆ្នាំ២០២៦-២០៣០ របស់សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា សម្រួចគោលដៅអភិវឌ្ឍន៍ជំនាញកីឡានេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

អនុសាសន៍របស់ឯកឧត្តមប្រធាន បានធ្វើឡើង នៅក្នុងឱកាសសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាបានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិចាស់ទី៣ និងបន្តអាណត្តិទី៤ ឆ្នាំ២០២៦-២០៣០ កាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការ NOCC។
ឯកឧត្តម សុខ ពុទ្ធិវុធ បានប្តេជ្ញាដ៏មោះមុត ក្នុងការបន្តដឹកនាំអាណត្តិថ្មី ឆ្នាំ២០២៦-២០៣០នូវអនុសាសន៍៥ចំណុច រួមមាន៖ ជំរុញការអភិវឌ្ឍឱ្យខ្លាំង ស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក, បង្កើនទំនាក់ទំនងល្អជាមួយសហព័ន្អកីឡាបាញ់កាំភ្លើងអន្តរជាតិ និងអន្តរជាតិ, បង្កើតក្លឹបឱ្យច្រើន ដើម្បីបង្កើនធនធានកីឡាករ កីឡាករិនីកាន់តែសម្បូរបែប, បង្កើតទីលានស្តង់ដាអន្តរជាតិឱ្យមានមានការហ្វឹកហាត់ផ្ទាល់-ហ្វឹកហាត់តាមប្រព័ន្ធ Online និងរៀបចំរចនាសម្ព័ន្ធដឹកនាំតាមផ្នែក និងជំនាញឱ្យត្រឹមត្រូវ បង្កើត ផេក ឬ វេបសាយ សហព័ន្ធ ព្រមទាំងបង្កើតសាលាបណ្តុះបណ្តាលថ្នាលវ័យក្មេងផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ស៊ិន សូផានណាក់ អគ្គលេខាធិការ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាបានជម្រាបជូនរបាយការណ៍សង្ខេប ស្ដីពីសកម្មភាពការងារសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា អាណត្តិទី៣ ឆ្នាំ២០២២-២០២៦ ដែលសម្រេចបាននូវសមិទ្ធផលនានា រួមទាំងគោលដៅ និងផែនការសម្រាប់អាណត្តិថ្មីផងដែរ។ ចំពោះគោលដៅសំខាន់ៗរួមមាន៖ សាងសង់ទីលានស្តង់ដារអន្តរជាតិ៖ សុំគោលការណ៍ និង ការសហការជាមួយក្រសួងអប់រំយុវជន និង កីឡារ និង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីបង្កើតទីលានបាញ់កាំភ្លើងទំនើប ប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក និងមិនប៉ះពាល់ដល់បរិស្ថាន សម្រាប់ ហ្វឹកហ្វាត់ និង ត្រៀមការប្រកួតកីឡាថ្នាក់ជាតិ និង អត្តរជាតិនានា។

បណ្តុះបណ្តាលយុវជនឆ្នើម ឬ ថ្នាលយុវជន បង្កើតក្រុមយុវជនសម្រាំង (អាយុចន្លោះ ១២–១៦ ឆ្នាំចាប់ពីពេលនេះ) ដើម្បីបង្វឹកឱ្យក្លាយជាកីឡាករមានសមត្ថភាពខ្ពស់បំផុត ដើម្បីចូលរួមប្រកួតថ្នាក់អន្តរជាតិ ដណ្តើមមេដាយជូនជាតិ មាតុភូមិ។ បេសកកម្មឆ្ពោះទៅ Los Angeles 2028៖ ជ្រើសរើសអត្តពលិកឆ្នើមបំផុត ហ្វឹកហាត់កម្រិតខ្ពស់ ដើម្បីមានឱកាសទៅប្រកួតអូឡាំពិក ឆ្នាំ២០២៨ នៅអាមេរិក។ បណ្តុះបណ្តាលអាជ្ញាកណ្តាល និងមន្ត្រីបច្ចេកទេស។ វគ្គបណ្តុះបណ្តាលអន្តរជាតិ៖ បញ្ជូនគ្រូបង្វឹក និងអាជ្ញាកណ្តាលក្នុងស្រុកទៅរៀនវគ្គសិក្សារបស់សហព័ន្ធអន្តរជាតិ (ISSF) ដើម្បីទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជាផ្លូវការ។
គួរបញ្ជាក់ថា មហាសន្និបាតនេះបានបោះឆ្នោតគាំទ្រគណៈកម្មាធិការប្រតិបត្តិអណត្តិថ្មី ២០២៦-២០៣០ សរុប២៧រូប ដឹកនាំដោយឯកឧត្តម សុខ ពុទ្ធិវុធ អមដោយអនុប្រធាន៦រូប គឺឯកឧត្តម វ៉ាត់ ចំរើន, អ្នកឧកញ៉ា ទៀ ណារ៉ាវុធ, ឯកឧត្តម មៀច សុវិទ្ធិការ្យដេវីត, ឯកឧត្តម ហូ សិទ្ធីគុណ, ឯកឧត្តម លឹម ហួរនីតា និងឧត្តមសេនីយ៍ទោ កែវ ហុកលី ខណៈឯកឧត្តម ស៊ិន សូផានណាក់ ជាអគ្គលេខាធិការ អមដោយអគ្គលេខាធិការរង ៥រូប និងលោក ពៅ តិចឡេង ជាអគ្គហេរញ្ញិក និងសមាជិក១២រូប៕
ដោយ ហេង ណាលីន





