សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័នគល់ទទឹង
AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦--សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ចទំហំ៨ម៉ែត្រ X ១៦ម៉ែត្រ កម្ពស់ ១ជាន់ ស្ថិតក្នុងវត្តនិគ្រោធវ័ន គល់ទទឹង ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦។

ពិធីក្រុងពាលីបញ្ចុះបឋមសីលានេះ បានធ្វើឡើងតាមបែបព្រហ្មញ្ញសាសនា និងមានពីធីថ្វាយនូវគ្រឿងសក្ការៈ អុចធូបបួងសួងដល់បារមីវត្ថុស័ក្តសិទ្ធិ ព្រះសង្ឃសូត្រជយន្ដោ ដើម្បីជាការសុំទោស និងសុំសិទ្ធិពីព្រំដី ម្ចាស់ទីតាំង ឬបារមីវត្ថុស័ក្តិសិទ្ធិដែលថែរក្សាតំបន់នោះ មុននឹងជីកដីសាងសង់ និងសុំសេចក្ដីសុខសេចក្ដីចម្រើន ដល់ការសាងសង់អគារសាលបដិសណ្ឋារកិច្ចនេះ បានដំណើរការទៅដោយរលូន និងទទួលបាននូវសុខសុវត្ថិភាព។

ក្នុងពិធីនោះផងដែរក៏បានការយាង និងនិមន្តពីសំណាក់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា, ព្រះគ្រូមង្គលធម្មកិច្ច ភួង សុវណ្ណ ព្រះចៅអធិការវត្តនិគ្រោធវ័ន គល់ទទឹង, សម្តេចព្រះឧត្តមវង្សាបណ្ឌិត គូ សុភាព ព្រះគ្រូសូត្រស្តាំវត្តនិគ្រោធវ័ន គល់ទទឹង និងព្រះសង្ឃ២២២អង្គ ព្រមទាំង ពុទ្ធបិរស័ទជិតឆ្ងាយយ៉ាងច្រើនចូលរួមផងដែរ ។

សូមបញ្ជាក់ថា អគារសាលបដិសណ្ឋារកិច្ច គឺជាសទ្ធាជ្រះថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងអ្នកឧកញ៉ា ទៀង ផល្លាផងដែរ ។

សម្តេចកិត្តិសង្គហបណ្ឌិត រួមជាមួយថ្នាក់ដឹកនាំ ភរិយាថ្នាក់ ដឹកនាំ និងពុទ្ធបរិស័ទជិតឆ្ងាយក៏បានរាប់បាត្រព្រះសង្ឃចំនួន ២២២អង្គក្នុងឱកាសនោះផងដែរ៕
ដោយ សួស សំរិត





