ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ ដឹក នាំក្រុមការងារនាំយកកង់ និងសម្ភារសិក្សា ចែកជូនសិស្សមានជីវភាពខ្វះខាត ៨៨នាក់ នៅស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ
AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ -- ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំ ក្រុមការងារក្រសួងព័ត៌មាន ដើម្បីនាំយកកង់ចំនួន ៨៨ គ្រឿង រួមទាំងមួកសុវត្ថិភាព និងដបទឹក ចំនួន៨៨ ឈុត ទៅចែកជូនដល់សិស្សានុសិស្សដែលកំពុងជួបជីវភាពខ្វះខាត នៅក្នុងស្រុកអូរគ្រៀងសែនជ័យ ខេត្ត ក្រចេះ។ ក្នុងនោះសិស្សមកពីសាលាបឋមសិក្សាខ្សាច់លាវ បានទទួលកង់/មួកសុវត្ថិភាព/ដបទឹក ចំនួន ៣៣គ្រឿង សាលាបឋមសិក្សាចង្កប ៤៦ គ្រឿង សាលាបឋមសិក្សារំពើក ៤គ្រឿង និង ៥គ្រឿងទៀត ត្រូវបានផ្តល់ដល់សិស្សានុសិស្ស ដែលកំពុងជួបជីវភាពខ្វះខាតមកពីសាលាបឋម សិក្សាផ្សេងៗទៀត នៅក្នុងស្រុកអូរគ្រៀងសែន ជ័យ ខេត្តក្រចេះ តាមរយៈ ក្រុមការងារស្រុកអូរគ្រៀងសែនជ័យ។

ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម ហេង ចាន់ធួន រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរគ្រៀងសែនជ័យ និងឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តម នេត្រ ភក្ត្រា ដោយមានការអញ្ជើញចូលរួមពីក្រុមការងារអនុវត្តគម្រោងនៃក្រសួងព័ត៌មាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកអូរគ្រៀងសែនជ័យ ក្រុមការងារថ្នាក់ ខេត្តចុះមូលដ្ឋានស្រុកអូរគ្រៀងសែនជ័យ តំណាង អភិបាលនៃគណៈអភិបាលខេត្តក្រចេះ តំណាងមន្ទីរព័ត៌មានខេត្តក្រចេះ តំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ តំណាងអភិបាលនៃគណៈ អភិបាលស្រុកអូរគ្រៀងសែនជ័យ តំណាង ការិយាល័យអប់រំ យុវជន និងកីឡា ស្រុក អូរគ្រៀងសែនជ័យ នាយកសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល ព្រមទាំងសិស្សានុសិស្សដែលទទួលបានអំណោយទាំង នេះ សរុប ប្រមាណ ១៧០ នាក់។

គម្រោងចែកកង់ មួកសុវត្ថិភាព និងដបទឹក ដើម្បីលើកកម្ពស់ការសិក្សារបស់សិស្សនៅក្នុងសហគមន៍ គឺជាគម្រោងទទួលផលរហ័ស (QIP) ដំណាក់ កាលទី២ ដែលក្រសួងព័ត៌មានបានអនុវត្តនៅ ស្រុកអូរគ្រៀងសែនជ័យ ដោយទទួលបានជំនួយ ហិរញ្ញប្បទានពីរាជរដ្ឋាភិបាលឥណ្ឌា ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា តាមរយៈ ក្រសួងការបរទេស និងសហប្រតិបត្តិការនៃ ប្រទេសកម្ពុជា ។ គិតត្រឹមពេលនេះ គម្រោង នេះបានចែកកង់/មួកសុវត្ថិភាព/ដបទឹក សរុបចំនួន ២៨៨ ឈុត ក្នុងនោះ ២០០ឈុត នៅដំណាក់ កាលទី១ ត្រូវបានចែកនៅសាលាបឋមសិក្សា ប៉ាក្លែ ស្រែជិះ រលួស ស្រែស្បូវ និងពន្ធជា និង ដំណាក់កាលទី២ លើកទី១ ចំនួន ៨៨ឈុត ត្រូវបានយកមកចែក នៅសាលាខ្សាច់លាវ និងចង្កប រំពើក ក្នុងស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

អំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលឥណ្ឌានេះ នឹងជួយកាត់បន្ថយពេលវេលារបស់សិស្សក្នុងការ ធ្វើដំណើរទៅមកសាលារៀន លើកទឹកចិត្តសិស្សឱ្យមករៀនបានទៀងទាត់ និងជួយបង្កើនឱកាសសិក្សារបស់សិស្សដើម្បីឆ្ពោះទៅរកអនាគតកាន់តែល្អប្រសើរ ជាពិសេសជួយសម្រាលបន្ទុកគ្រួសារសិស្សានុសិស្សដែលកំពុងជួបប្រទះការលំបាក ជាពិសេសសិស្សដែលរស់នៅតំបន់ដាច់ស្រយាលក្នុងស្រុកអូរគ្រៀងសែនជ័យ ។

ក្នុងពិធីនោះ ឯកឧត្តម ប្រាក់ ថាវអមិដា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជ រដ្ឋាភិបាលឥណ្ឌា និងស្ថានទូតឥណ្ឌាប្រចាំនៅ ព្រះ រាជាណាចក្រកម្ពុជា ដែលបានផ្តល់ ហិរញ្ញប្បទានដល់ក្រសួងព័ត៌មានក្នុងការ អនុវត្ត គម្រោង ចែកកង់ មួកសុវត្ថិភាព និងដបទឹក ដើម្បី លើកកម្ពស់ការសិក្សារបស់សិស្សនៅក្នុងសហគមន៍ ដំណាក់ កាល ទី ២ នៅ ស្រុក អូរគ្រៀង សែន ជ័យ។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់ក្មួយៗជាសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ គោរពវិន័យសាលា ស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ និងមាតាបិតា ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អសម្រាប់សង្គមជាតិ។ ជាមួយគ្នានេះ ឯកឧត្តមបានណែនាំឱ្យក្មួយៗយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពក្នុងការធ្វើដំណើរលើដងផ្លូវ ជាពិសេសត្រូវពាក់មួកសុវត្ថិភាព និងប្រើប្រាស់កង់ដោយប្រុងប្រយ័ត្នរាល់ពេលធ្វើដំណើរទៅមកសាលារៀន៕




ដោយ៖ គង់ សិរីរ័ត្ន





