គណៈប្រតិភូនាវាកងទ័ពជើងទឹករុស្សីចូលជួបសម្ដែងការគួសមជាមួយអភិបាលរងខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦--លោក មីន កុម្ភ: អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញទទួលជួបសម្តែងការគួរសមជាមួយប្រតិភូនាវាហ្វឹកហ្វឺន "Perekop” នៃកងនាវា Baltic សហព័ន្ធរុស្សី ដឹកនាំដោយលោកឧត្តមនាវីឯក Vyacheslav SYTNIK អេវីឆេសស្លាប ស៊ីតនីត នាយទាហានជាន់ខ្ពស់គ្រប់គ្រងបេសកកម្ម និងជានាយកសាលាជាន់ខ្ពស់កងទ័ពជើងទឹករុស្សី Baltic ប្រធានប្រតិភូនាវាកងទ័ពជើងទឹករុស្ស៊ី នៅសាលប្រជុំសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃសុក្រទី១១ ខែកញ្ញា ឆ្នាំ២០២៦ ។

លោក មីន កុម្ភ: អភិបាលរងខេត្តព្រះសីហនុបានស្វាគមន៍ចំពោះវត្តមានលោកមេបញ្ជាការប្រធានប្រតិភូ និងនាវិកទាំងអស់ដែលដឹកនាំនាវារុស្ស៊ី Perekop លេខ310 បំពេញទស្សនកិច្ចជាផ្លូវការលើទឹកដីតំបន់ឆ្នេរដ៏ស្រស់បំព្រង នៃខេត្តព្រះសីហនុ។ សូមអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (កម្ពុជា រុស្ស៊ី) ដែលបានបង្កើតពីឆ្នាំ១៩៥៦។ ទោះបីប្រទេសយើងទាំង ពីរស្ថិតនៅឆ្ងាយពីគ្នា ប៉ុន្តែប្រជាជន នៃប្រទេសទាំងពីររួមរស់ប្រកបដោយភាព ស្និតស្នាល ជាដៃគូរសហប្រតិបត្តិការ និងការគាំទ្រនិងគោរពគ្នាទៅវិញទៅមកលើគ្រប់វិស័យ។

លោកអភិបាលរងខេត្តបានជម្រាបជូនពីស្ថានភាពភូមិសាស្ត្រ និងសក្តានុពលរបស់ខេត្តព្រះសីហនុបានរួមចំណែកក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចមានដូចជាវិស័យសំណង់ អចលនទ្រព្យ ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ កសិឧស្សាហកម្ម និងកំពង់ផែទឹកជ្រៅ ។ ខេត្តព្រះសីហនុ មានផ្លូវគមនាគមន៍ដ៏សម្បូរបែប ដូចជាផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ផ្លូវគោកមានផ្លូវជាតិ លេខ៣ លេខ៤ ផ្លូវ ល្បឿនលឿន និងផ្លូវដែក ផ្លូវអាកាសមានព្រលានយន្តហោះអន្តរជាតិ មានផ្លូវ រត់ប្រវែង ៣ ៣០០ម៉ែត្រ ចំពោះផ្លូវទឹក មានកំពង់ផែអន្តរជាតិទឹកជ្រៅ ក្នុងការដឹកជញ្ជូនទំនិញនាំចេញ នាំចូលក្នុងប្រទេសប្រមាណជា ៧០ភាគរយ ជាពិសេសការដឹកជញ្ជូនទៅកាន់ពិភពលោកកាន់តែមានភាពងាយស្រួល។

រាជរដ្ឋាភិបាលបានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង សំដៅប្រែក្លាយខេត្តព្រះសីហនុ ទៅជាច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្ម ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក និងជាមជ្ឈមណ្ឌលឧស្សា ហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្មជា មួយ និងការការពារ និងថែរក្សាបរិស្ថាន ដើម្បីប្រែក្លាយជាក្បាលម៉ាស៊ីនស្នូលថ្មីមួយសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ជាតិ។
លោកឧត្តមនាវីឯក Vyacheslav SYTNIK អេវីឆេសស្លាប ស៊ីតនីត នាយទាហានជាន់ខ្ពស់គ្រប់គ្រងបេសកកម្ម និងជានាយកសាលាជាន់ខ្ពស់កងទ័ពជើងទឹករុស្សី Baltic ប្រធានប្រតិភូនាវាកងទ័ពជើងទឹករុស្ស៊ី បានថ្លែងអំគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅក្នុងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរមានការរីកចម្រើន លោកសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលទាំងពីរកាន់តែធំធាត់បន្ថែមទៀត។ សហព័ន្ធរុស្ស៊ីគាំទ្រការ បោះជំហានរីកចម្រើនទៅមុខរបស់កម្ពុជា ចំពោះនាវារបស់យើងបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីពង្រឹងកិច្ច សិក្សាស្រាវជ្រាវ និងកិច្ចសហប្រតិបត្តិការរវាងកង ទ័ពជើងទឹកនៃប្រទេសទាំងពីរ។

លោកប្រធានប្រតិភូមានការសោកស្តាយចំពោះការចូលចតនាពេលនេះ មានរយៈពេលតែពីរថ្ងៃ ដោយសារតែយើងនៅមានបេសកកម្មជាច្រើនផ្សេងទៀត ដើម្បីចែករំលែក និងលើកទឹកចិត្តចំពោះការខិតខំបំពេញភារកិច្ចចំពោះមុខ ដោយជំរុញការរៀនសូត្រស្រាវជ្រាវរួមគ្នា។ ទន្ទឹមនោះលោកប្រធានគណៈប្រតិភូបានថ្លែងអំណគុណរដ្ឋបាលខេត្តព្រះសីហនុថា យើងនឹងបន្តពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កងទ័ពជើងទឹកនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។

ជាមួយគ្នានោះដែរ លោក អភិបាលរងខេត្ត ព្រះសីហនុ ក៏ជូនពរដំណើរទស្សនៈកិច្ចរបស់នាវិកកងទ័ពជើងទឹករុស្ស៊ីនៅលើ ទឹកដីតំបន់ឆ្នេរទទួលបានជោគជ័យ សុវត្ថិភាព ផាសុកភាព និងរីករាយក្នុងការស្នាក់នៅលើទឹកដីទីក្រុងតំបន់ឆ្នេរដ៏ស្រស់បំព្រងរបស់យើង ៕
ដោយ ងូ សុមុនី





