ខេត្តបន្ទាយមានជ័យទទួលបានហេដ្ឋារចនាសម្ព័ន្ធថ្មី ជួយកសិករតភ្ជាប់ទៅទីផ្សារកាន់តែងាយស្រួល
AKP បន្ទាយមានជ័យ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦--ហេដ្ឋារចនាសម្ព័ន្ធជនបទដែលមានគុណភាព មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាខ្សែច្រវាក់ដ៏សំខាន់ក្នុងការតភ្ជាប់តំបន់ផលិតកម្ម កសិករ និងទីផ្សារ ដែលអាចរួមចំណែកកាត់បន្ថយថ្លៃដើមដឹកជញ្ជូន បង្កើនប្រសិទ្ធភាពផលិតកម្ម និងជំរុញការធ្វើពាណិជ្ជូបនីយកម្មកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព។

នេះជាការលើកឡើងរបស់ ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោង ដែលតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងពិធីប្រគល់-ទទួលកន្លែងប្រមូលផ្ដុំស្រូវ និងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេ និងកៅស៊ូ DBST ចំនួន១ខ្សែ ប្រវែង ៣,៨២គីឡូម៉ែត្រ នៃគម្រោង SAAMBAT នៅភូមិត្រាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីពីលោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងប្រតិភូអមដំណើរ លោក កែវ តារារស្មី អភិបាលស្រុកមង្គលបូរី លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ មេឃុំ មេភូមិ បងប្អូនប្រជាពលរដ្ឋ និងប្រជាកសិករជាច្រើននាក់។

ឯកឧត្តម អ៊ុក ពញ្ញា បានបញ្ជាក់ថា ការអភិវឌ្ឍន៍ផ្លូវជនបទ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រផលិតកម្ម គឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងការជួយឱ្យកសិករអាចនាំផលិតផលរបស់ខ្លួនចេញពីតំបន់ផលិតកម្មទៅកាន់ទីផ្សារបានកាន់តែងាយស្រួល រហ័ស និងចំណាយតិចជាងមុន។
ឯកឧត្តមបានលើកឡើងថា កន្លែងប្រមូលផ្ដុំស្រូវ និងផ្លូវដែលបានសាងសង់ក្រោមគម្រោង SAAMBAT នេះ នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ខ្សែសង្វាក់តម្លៃកសិកម្ម ពីការផលិត ការប្រមូលផ្ដុំ ការដឹកជញ្ជូន រហូតដល់ការចែកចាយ និងការចូលដល់ទីផ្សារ។ កត្តាទាំងនេះមានសារៈសំខាន់សម្រាប់ឱ្យកសិករអាចទទួលបានផលប្រយោជន៍កាន់តែប្រសើរពីផលិតផលរបស់ខ្លួន។
ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ការធ្វើឱ្យប្រសើរឡើងនូវផ្លូវជនបទ មិនគួរត្រូវបានមើលឃើញត្រឹមតែជាការសាងសង់ផ្លូវមួយខ្សែប៉ុណ្ណោះទេ ប៉ុន្តែត្រូវចាត់ទុកជាការវិនិយោគលើសេដ្ឋកិច្ចមូលដ្ឋាន ព្រោះនៅពេលផ្លូវមានគុណភាពល្អ កសិករអាចកាត់បន្ថយពេលវេលា និងថ្លៃដើមក្នុងការដឹកជញ្ជូនស្រូវ និងផលិតផលកសិកម្មផ្សេងៗទៅកាន់ទីផ្សារ ដែលជួយបង្កើនភាពប្រកួតប្រជែងរបស់ផលិតផល។
ជាមួយគ្នានេះ ឯកឧត្តម អ៊ុក ពញ្ញា បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធដែលបានសាងសង់ឱ្យបានល្អ និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ដើម្បីធានាឱ្យផ្លូវ និងកន្លែងប្រមូលផ្ដុំស្រូវអាចបម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានយូរអង្វែង។
ឯកឧត្តមក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចូលរួមរបស់ប្រជាកសិករ ដោយត្រូវបន្តពង្រឹងសមត្ថភាពផលិត កែលម្អគុណភាពផលិតផល និងរៀបចំផលិតកម្មឱ្យឆ្លើយតបតាមតម្រូវការទីផ្សារ។ ការផលិតបានផលច្រើនតែមួយមុខ មិនទាន់គ្រប់គ្រាន់នោះទេ ប៉ុន្តែត្រូវផ្តោតលើគុណភាព ស្តង់ដារ ការប្រមូលផ្ដុំ និងការចូលដល់ទីផ្សារដែលអាចផ្តល់តម្លៃសមរម្យដល់កសិករ។

តាមរយៈការអនុវត្តន៍គម្រោង SAAMBAT ការផ្តល់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រផលិតកម្មនៅតំបន់ជនបទត្រូវបានចាត់ទុកថា ជាយន្តការសំខាន់មួយក្នុងការបង្កើនលទ្ធភាពរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករ ក្នុងការភ្ជាប់ខ្លួនទៅនឹងសកម្មភាពសេដ្ឋកិច្ច និងទីផ្សារ។
ដោយឡែក លោក ឃ្លោក នួយ បានលើកឡើងថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវប្រវែង ៣,៨២គីឡូម៉ែត្រ និងកន្លែងប្រមូលផ្ដុំស្រូវនេះ គឺជាសមិទ្ធផលថ្មីមួយទៀតដែលបានរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេសជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផលកសិកម្មរបស់ប្រជាកសិករទៅកាន់ទីផ្សារ។
លោកបានថ្លែងអំណរគុណដល់ក្រសួងអភិវឌ្ឍន៍ជនបទ និងគម្រោង SAAMBAT ដែលបានយកចិត្តទុកដាក់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទនៅក្នុងខេត្តបន្ទាយមានជ័យ និងបានស្នើឱ្យប្រជាពលរដ្ឋរួមគ្នាថែរក្សាសមិទ្ធផលនេះ ដើម្បីប្រើប្រាស់បានយូរអង្វែង។

សម្រាប់ប្រជាកសិករនៅភូមិត្រាង និងតំបន់ជុំវិញ ផ្លូវថ្មីនេះមានន័យលើសពីការធ្វើដំណើរប្រចាំថ្ងៃ ព្រោះវាជាខ្សែតភ្ជាប់ពីចម្ការ និងស្រែទៅកាន់កន្លែងប្រមូលផ្ដុំ និងទីផ្សារ។ នៅពេលការដឹកជញ្ជូនមានភាពងាយស្រួល កសិករអាចកាត់បន្ថយការខាតបង់ពេលវេលា និងចំណាយ ហើយមានឱកាសកាន់តែប្រសើរក្នុងការរៀបចំផលិតកម្ម និងលក់ផលិតផលរបស់ខ្លួន។
សមិទ្ធផលដែលបានដាក់ឱ្យប្រើប្រាស់នាពេលនេះ មិនត្រឹមតែជាការកែលម្អសោភ័ណភាព និងការធ្វើដំណើរនៅតំបន់ជនបទប៉ុណ្ណោះទេ ប៉ុន្តែជាការពង្រឹងមូលដ្ឋានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ការបង្កើនតម្លៃផលិតផលកសិកម្ម និងការភ្ជាប់កសិករទៅកាន់ទីផ្សារឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍជនបទប្រកបដោយចីរភាព៕
ដោយ ឈុន សារ៉ាត





