រដ្ឋបាលខេត្តកំពង់ធំបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល
AKP កំពង់ធំ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦--រដ្ឋបាលខេត្តកំពង់ធំកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលជូនគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យនិងអ្នកប្រកបរបររត់ម៉ូតូកង់បី ដែលរងផលប៉ះពាល់ពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈក្រោមវត្តមានលោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោកជា វ៉ាន់ចាន់បានសម្តែងការស្វាគមន៍និងថ្លែងអំណរគុណចំពោះមូលនិធិជាតិជំនួយសង្គមនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាដែលបានយកចិត្តទុកដាក់គាំទ្រ និងពង្រឹងសមត្ថភាពដល់តួអង្គប្រតិបត្តិនៅថ្នាក់ក្រោមជាតិ ដើម្បីធានាឱ្យការអនុវត្តន៍កម្មវិធីជំនួយសង្គមប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលនិងបានកោតសរសើរចំពោះសាខាមូលនិធិជាតិជំនួយសង្គមខេត្ត មន្ទីរជំនាញ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងប្រតិបត្តិករនៅមូលដ្ឋាន ដែលបានចូលរួមអនុវត្តកម្មវិធីជំនួយសង្គមរបស់រាជរដ្ឋាភិបាលប្រកបដោយការទទួលខុសត្រូវ ជាពិសេសការផ្តល់អត្ថប្រយោជន៍ជូនប្រជាពលរដ្ឋដែលជាគ្រួសារក្រីក្រនិងងាយរងហានិភ័យ។

លោក ជា វ៉ាន់ចាន់ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានបន្តយកចិត្តទុកដាក់លើការកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ សង្គតិភាពនិងប្រសិទ្ធភាពដោយឈរលើស្មារតី"មិនបោះបង់ពលរដ្ឋណាម្នាក់"។

ការអនុវត្តន៍កម្មវិធីជំនួយសង្គមទាំងនេះមានគោលដៅលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋជួយដល់គ្រួសារក្រីក្រនិងងាយរងហានិភ័យ កាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនិងរួមចំណែកកាត់បន្ថយភាពក្រីក្រព្រមទាំងជំរុញការអភិវឌ្ឍន៍ធនធានមនុស្ស និងសេដ្ឋកិច្ចប្រកបដោយចីរភាព។ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ធំនឹងបន្តគាំទ្រ ជំរុញ ពិនិត្យ តាមដាននិងសម្របសម្រួលការអនុវត្តកម្មវិធីនៅក្នុងមូលដ្ឋានដើម្បីធានាថាប្រជាពលរដ្ឋដែលស្ថិតក្នុងក្រុមគោលដៅទទួលបានអត្ថប្រយោជន៍ពីកម្មវិធីជំនួយសង្គមរបស់រាជរដ្ឋាភិបាលបានគ្រប់គ្រាន់ ទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាព។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងការយល់ដឹងនិងសមត្ថភាពរបស់មន្ត្រី និងប្រតិបត្តិករពាក់ព័ន្ធនៅថ្នាក់មូលដ្ឋាន ក្នុងការអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបបានល្អប្រសើរទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕
ដោយ ស៊ុម វណ្ណា





