សហគមន៍២០ភូមិ ក្នុងដែនជម្រកសត្វព្រៃកែវសីមាទទួលបានអណ្តូងទឹក និងប្រព័ន្ធចែកចាយទឹកស្អាតពីគម្រោងរេដបូកកែវសីមា
AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦--សហគមន៍ចំនួន ២០ភូមិ ក្នុងដែនជម្រកសត្វព្រៃកែវសីមាទទួលបានអណ្តូងទឹកស្អាត និងប្រព័ន្ធចែកចាយទឹកស្អាតតាមរយៈការគាំទ្រពីគម្រោងរេដបូកកែវសីមា។ នៅក្នុងរដូវប្រាំងប្រភពទឹកធម្មជាតិដូចជា អូរ ត្រពាំង បឹងបួរ ត្រូវបានរីងស្ងួតជាបន្តបន្ទាប់ ដែលបង្កការលំបាកដល់ប្រជាសហគមន៍ក្នុងការស្វែងរកទឹកសម្រាប់ប្រើប្រាស់ ជាពិសេសនៅតាមភូមិឃុំដាច់ស្រយាល។នេះបើតាមការបញ្ជាក់ពីគម្រោងរេដបូកកែវសីមា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ។

អ្នកស្រី មួច ពើញ ដែលជាសមាជិកសហគមន៍រស់នៅភូមិពូកេះបានលើកឡើងថា «កាលពីមិនទាន់មានអណ្តូងទឹកស្អាត ខ្ញុំប្រើទឹកថ្លុក ឬទឹកអូរ។ នៅរដូវប្រាំង ខ្ញុំមិនមានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ឡើយ ហើយត្រូវធ្វើដំណើរទៅឆ្ងាយដើម្បីដងយកមកប្រើប្រាស់ប្រចាំថ្ងៃ ហើយមានពេលខ្លះត្រូវរង់ចាំយូរទម្រាំ មានទឹកគ្រប់គ្រាន់ដើម្បីដង។»លោក ប្រូច សាមុល សមាជិកសហគមន៍ភូមិពូង៉ោល បានលើកឡើងថា «ខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់ នៅពេលដែលខ្ញុំមានអណ្តូងទឹកស្អាតប្រើប្រាស់ ពីព្រោះខ្ញុំប្រើពេលតិចដើម្បីបានទឹកស្អាតប្រើប្រាស់ ហើយសល់ពេលវេលាធ្វើការងារផ្សេងៗបានច្រើន ដូចជាធ្វើស្រែចម្ការជាដើម។» ក្រោយពីទទួលបាន អណ្តូងស្នប់ អណ្តូងម៉ូទ័រ និងប្រព័ន្ធចែកចាយទឹកស្អាតដោយថាមពលសូឡា ប្រជាសហគមន៍ក្នុងដែនជម្រកសត្វព្រៃកែវសីមា លែងមានកង្វល់ពីការប្រើប្រាស់ទឹកដូចមុនទៀតហើយ ពីព្រោះ អណ្តូងស្នប់ អណ្តូងម៉ូទ័រ និងប្រព័ន្ធទឹកស្អាតដែលគម្រោងបានជួយគាំទ្រនេះ បានផ្គត់ផ្គង់ទឹកនៅសហគមន៍នីមួយៗបានគ្រប់គ្រាន់។

ក្រៅពីការគាំទ្រផ្នែកទឹកស្អាត សហគមន៍ក្នុងគម្រោងរេដបូកកែវសីមាបានទទួលអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតដូចជាការជួសជុលផ្លូវ ដាក់អំពូលសូឡាបំភ្លឺផ្លូវ ចែកសម្ភារសិក្សាឱ្យសិស្សានុសិស្ស ផ្តល់ការបង្រៀនថ្នាក់ភាសាអង់គ្លេសក្រៅម៉ោង ផ្តល់អាហាររូបករណ៍ថ្នាក់វិទ្យាល័យដល់សិស្សានុសិស្ស ផ្តល់ពូជគោសម្រាប់ចិញ្ចឹមយកកូន ព្រមទាំងគាំទ្រជាថវិកា និងសម្ភារលើសកម្មភាពល្បាតព្រៃសហគមន៍ដែលជាគោលដៅចម្បងក្នុងការអនុវត្តគម្រោងរេដបូកកែវសីមាន ៕

ដោយ ណយ នឿន (ប្រភព៖គម្រោងរេដបូកកែវសីមា)





