រដ្ឋបាលខេត្តព្រះសីហនុផ្សព្វផ្សាយការបញ្ជ្រាបការយល់ដឹងពី «សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម»
AKP ព្រះសីហនុ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦-- លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងពី «សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម» ក្រោមអធិបតីភាពឯកឧត្តម ភន បូរ៉ាមី សមាជិក ល.គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់កិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តីអនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ភ.។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយនេះ ផ្តោតសំខាន់លើគោលបំណងពង្រឹងយល់ដឹងអំពីតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ល.គ.ជ.ប.ភ.និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ដើម្បីធានារក្សាភាពរលូនក្នុងការប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធ តាមរយៈការយល់ដឹងពីការ កំណត់នូវតួនាទីឱ្យបានច្បាស់លាស់ និងបង្កើនប្រសិទ្ធភាពដឹកនាំការងារនៃការដោះស្រាយបញ្ហាភេរវកម្មដែលអាចកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយធ្វើយ៉ាងណាយើងមានផែនការសកម្មភាពដោះស្រាយទុកជាមុន។


ថ្លែងក្នុងសុន្ទរកថាបើក លោកអភិបាលរងខេត្តក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរៀបចំផែនការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយបានលើកឡើងថា សន្តិសុខមិនមែនជាលទ្ធផលនៃការឆ្លើយតបក្រោយហេតុការណ៍ទេ តែជាការត្រៀមសមត្ថ ភាពក្នុងការមើលឃើញ និងបង្ការហានិភ័យមុនពេលក្លាយជាវិបត្តិកើតឡើង ក្នុងពេលដែលបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មមានការវិវត្តយ៉ាងខ្លាំង ម្យ៉ាងទៀតការត្រៀមខ្លួនរបស់អាជ្ញាធរមូលដ្ឋាន គឺជាកត្តាសម្រេចភាពរឹងមាំរបស់ប្រទេសជាតិ។


ជាមួយគ្នានោះ លោកអភិបាលរងខេត្តព្រះសីហនុក៏បានរំលឹកនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធអគារលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្មថា «ការប្រឆាំងនឹងអំពើភេរវកម្ម គឺជាការប្រឆាំងនឹងការធ្វេសប្រហែសរបស់ខ្លួនឯង» ដូច្នេះរាល់អាជ្ញាធរក្រុង ស្រុក មិនត្រូវមានការធ្វេសប្រហែសនោះទេ គឺត្រូវត្រៀមបង្ការប្រឆាំងនឹងអំពើភេរវកម្មនៅក្នុងមូលដ្ឋានរបស់ខ្លួន៕

ដោយ ងូ សុមុនី





