កិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្ត
AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦--កិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្តដឹកនាំដោយ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ដែលកិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីនៃទីស្នាក់ការកណ្តាល នាយក នាយិកាសាខា នាយករង នាយិការងសាខា និងមន្ត្រីទទួលបន្ទុកយុវជន និងអ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានីខេត្ត សរុបចំនួន៩៥នាក់ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។
កិច្ចប្រជុំខាងលើធ្វើឡើងក្នុងគោលបំណង បូកសរុបការងារយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត សំដៅលើការពង្រឹងការងារគ្រប់គ្រងបណ្ដាញយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានសិក្សា និងសហគមន៍ ព្រមទាំងបំផុសឱ្យសកម្មភាព យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា កាន់តែផុលផុសថែមទៀត។


លោកជំទាវអគ្គលេខាធិការ បានផ្តាំផ្ញើ និងលើកពីជំហានមួយចំនួនសម្រាប់អនុវត្តបន្តជូនអង្គប្រជុំ ក្នុងនោះរួមមាន៖
១.ពេលត្រឡប់ទៅសាខាវិញ សូមធ្វើរបាយការណ៍គោរពជូនថ្នាក់ដឹកនាំគណៈកម្មាធិការសាខា ដោយលើកពីលទ្ធផលនៃកិច្ចប្រជុំ និងសំណូមពរ តាមរយៈនាយក ឬអនុប្រធានអចិន្ត្រៃយ៍។
២.យកផែនការឆ្នាំ២០២៦ មកវាស់វែង ដោយយកទិសដៅយុទ្ធសាស្ត្រចំនួន៥ នៃការពិនិត្យពាក់កណ្តាលទីយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជា ២០២១-២០៣០ ជាមូលដ្ឋាន ដើម្បើលើកផែនការឆ្នាំ២០២៧ខាងមុខ។


៣.ការងារដែលបានធ្វើហើយ ការងារមិនអាចធ្វើបានដោយមូលហេតុអ្វី រួមជាមួយដំណោះស្រាយ និងរំលេចពីការងារដែលបានធ្វើលើសផែន។
៤.ពង្រឹង និងពង្រីកបណ្តាញយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដោយអោបក្រសោប ជំរុញ និងផ្តល់ការលើកទឹកចិត្ត គាំទ្រសកម្មភាពរបស់ពួកគាត់ និងត្រូវមានប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវ។
៥.ពេលត្រឡប់ទៅសាខាវិញ សូមរៀបចំផែនការ ដើម្បីបន្តការអនុវត្តការងារកសាងភាពធន់ក្នុងសហគមន៍៕
ដោយ ពេជ្រ សំអឿន(ប្រភព៖កាកបាទក្រហមកម្ពុជា)





