ខណ្ឌដូនពេញត្រូវបានប្រកាសជ័យលាភីជាទីក្រុង និងខណ្ឌទេសចរណ៍គ្មានផ្សែងបារី
AKP ភ្នំពេញ ថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០២៦ -- ខណ្ឌដូនពេញ គឺជាខណ្ឌទី៩ នៅកម្ពុជា ដែលទទួលបានជ័យលាភីជាទីក្រុង និងខណ្ឌទេសចរណ៍គ្មានផ្សែងបារី ជាពិសេស ផ្លូវដើរជើង (Walk Street) ក្នុងខណ្ឌដូនពេញ ដែលទទួលបានពានរង្វាន់ជាផ្លូវថ្មើរជើងលំដាប់ថ្នាក់លេខ២ នៅលើពិភពលោក។
ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៏ បានបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជ័យលាភីខណ្ឌដូនពេញគ្មានផ្សែងបារី ដែលត្រូវបានទទួលស្គាល់ដោយក្រសួងទេសចរណ៍ អង្គការសុខភាពពិភពលោក (WHO) បណ្តាញទីក្រុងគ្មានផ្សែងបារីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅសាលារាជធានីភ្នំពេញ។


ឯកឧត្ដម ហួត ហាក់ បានបញ្ជាក់ថា កត្តានាំឱ្យទទួលបានជ័យលាភីនេះ គឺទី១ មកពីទីតាំងយុទ្ធសាស្ត្រស្ថិតនៅបេះដូងនៃរាជធានីភ្នំពេញ ដែលមានតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ វប្បធម៌ និងពាណិជ្ជកម្មសំខាន់ៗ (ដូចជា ព្រះបរមរាជវាំង វត្តភ្នំ និងតំបន់ទន្លេបួនមុខ)។ កត្តាទី២ គឺត្រូវបានការសហការគ្នាយ៉ាងល្អរវាងរដ្ឋបាលខណ្ឌ អាជ្ញាធររាជធានីភ្នំពេញ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជីវករ និងប្រជាពលរដ្ឋ ក្នុងការអនុវត្តបទដ្ឋានអនាម័យ បរិស្ថាន សុវត្ថិភាព និងការត្រួតពិនិត្យផលិតផលថ្នាំជក់។
ឯកឧត្ដមបានបន្ដថា បន្ទាប់ពីទទួលបានជ័យលាភីនេះហើយ វាមិនមែនជាទីបញ្ចប់នៃកិច្ចខិតខំប្រឹងប្រែងនោះទេ ប៉ុន្តែជាការចាប់ផ្តើមនៃការទទួលខុសត្រូវថ្មីក្នុងការថែរក្សា និងលើកកម្ពស់ស្តង់ដារគុណភាព បរិស្ថាន អនាម័យ និងសុវត្ថិភាពទេសចរណ៍ឱ្យកាន់តែប្រសើរឡើងជាប្រចាំផងដែរ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ខណ្ឌដូនពេញត្រូវបានស្គាល់ថា ជាទីប្រជុំជននៃរាជធានីភ្នំពេញ ដែលប្រមូលផ្តុំទៅដោយតំបន់ទេសចរណ៍ចម្រុះ រួមមាន តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ សំណង់អាគារបុរាណ និងតំបន់ទេសចរណ៍ម្ហូបអាហារជាលក្ខណៈពហុវប្បធម៌ ជាពិសេសតំបន់ទេសចរណ៍ផ្លូវថ្មើរជើងចតុមុខ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចម្រុះជាតិសាសន៍ជាច្រើនឱ្យមកសម្រាក លំហែកាយ និងទស្សនាកម្សាន្តប្រមាណជា ២០ម៉ឺននាក់ជារៀងរាល់ចុងសប្តាហ៍។

សម្រាប់ការរៀបចំប្រកាសទទួលស្គាល់ខណ្ឌដូនពេញជាទីក្រុង និងខណ្ឌទេសចរណ៍គ្មានផ្សែងបារីនាពេលនេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកទឹកចិត្តដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធ ក្នុងការបន្តខិតខំរៀបចំកែលម្អ កែច្នៃ និងបង្កើតនូវផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដែលមានភាពស្រស់ស្អាត ទាក់ទាញ បរិយាកាសបរិសុទ្ធ និងមានការគិតគូរយ៉ាងល្អិតល្អន់អំពីបញ្ហាសុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិដែលមកទស្សនាកម្សាន្ត៕
ដោយ៖ សួស សំរិត





