សហរដ្ឋអាមេរិកបន្តគាំទ្រកម្មវិធីនានានៅកម្ពុជា និងជួយបង្កើតលក្ខខណ្ឌ ពាណិជ្ជកម្ម និងការវិនិយោគ ឲ្យកាន់តែរឹងមាំរវាងប្រទេសទាំងពីរ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦--
ស្ថានទូតអាម៉េរិកប្រចាំនៅភ្នំពេញ ដឹកនាំដោយលោកស្រី Aleks Zittle ភារធារីស្ថានទូតសហរដ្ឋអាមេរិក បានរៀបចំពិធីបដិសណ្ឋារកិច្ចមួយនៅខេត្តសៀមរាប ដែលមានការចូលរួមពីសំណាក់ អ្នកជំនាញសុខាភិបាល ថ្នាក់ដឹកនាំខេត្ត អ្នកអនុវត្តការងារបោសសំម្អាតមីន និងដៃគូអាម៉េរិកផ្សេងទៀត ដើម្បីផ្លាស់ប្តូរយោបល់ និងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើសន្តិសុខសុខភាព និងការបោសសំអាតមីន រួមទាំងការគាំទ្រផ្នែកមនុស្សធម៌សម្រាប់អ្នកដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន។


ជាមួយគ្នានេះ ផ្អែកលើកិច្ចខិតខំប្រឹងប្រែងទាំងនេះ សហរដ្ឋអាមេរិកមានមោទនភាពក្នុងការប្រកាសដៃគូសហការរយៈពេល ៣ ឆ្នាំ ក្នុងទំហំទឹកប្រាក់ ៣ លានដុល្លារថ្មីមួយ ជាមួយអង្គការបោសសម្អាតមីន ជាមួយអង្គការមិនរកប្រាក់ចំណេញ APOPO។ គំនិតផ្តួចផ្តើមនេះ នឹងផ្តោតលើគ្រាប់មីន ក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ ព្រមទាំងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងខេត្តមណ្ឌលគីរី ដើម្បីរំដោះមកវិញនូវដីប្រកបដោយសុវត្ថិភាព ដីស្រែចម្ការដែលមានផលិតភាព និងសន្តិសុខដល់គ្រួសារកម្ពុជានៅពេលអនាគត។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិកមានមោទនភាពក្នុងការគាំទ្រកម្មវិធី ដែលផ្តល់លទ្ធផលជាក់ស្តែងសម្រាប់ទាំងកម្ពុជា និងសហរដ្ឋអាមេរិក។ ការងារនេះជួយកាត់បន្ថយការគំរាមកំហែងផ្នែកសុខភាព និងសន្តិសុខ ព្រមទាំងបង្កើនឱកាសអាជីវកម្ម និងការវិនិយោគរបស់សហរដ្ឋអាមេរិកនៅកម្ពុជា៕


ដោយ៖ រិទ្ធី, ប្រភព៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា





