ក្រសួងអប់រំប្រកាសពីការជ្រើសរើសអ្នកផ្ដល់សេវាអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ (អវប) លើមុខវិជ្ជាភាសាអង់គ្លេស សម្រាប់គ្រូបង្រៀនមុខវិជ្ជាវិទ្យាសាស្រ្ត និងភាសាអង់គ្លេសកម្រិតមធ្យមសិក្សា
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ -- ក្រសួងអប់រំ យុវជន និងកីឡា ត្រូវការជ្រើសរើសអ្នកផ្ដល់សេវាអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំ (អវប) លើមុខវិជ្ជាភាសាអង់គ្លេស សម្រាប់គ្រូបង្រៀនមុខវិជ្ជាវិទ្យាសាស្រ្ត និងភាសាអង់គ្លេសកម្រិតមធ្យមសិក្សា ក្រោមការឧបត្ថម្ភគាំទ្រដោយគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) ដោយចាប់ទទួលពាក្យពីពេលនេះរហូតដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ នៅការិយាល័យគ្រប់គ្រងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ (CPDMO)។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងសេចក្តីជូនដំណឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា គម្រោងខាងលើនេះនឹងផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ តាមរយៈប្រព័ន្ធធនបត្រ (Voucher) ដល់គ្រូបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រ និងភាសាអង់គ្លេសកម្រិតមធ្យមសិក្សាចំនួន ៦៣៨នាក់ (២៥% ជាស្ត្រី) លើភាសាអង់គ្លេស។ កម្មវិធីនេះនឹងផ្តល់ដោយស្ថាប័នអប់រំដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកផ្តល់សេវា។ ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា សូមអញ្ជើញអង្គភាព និងស្ថាប័នដែលមានសមត្ថភាព បទពិសោធន៍ និងធនធានសមស្របចូលរួមដាក់សំណើសុំដើម្បីក្លាយជាអ្នកផ្តល់សេវាអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំ (អវប) លើមុខវិជ្ជាភាសាអង់គ្លេស សម្រាប់គ្រូបង្រៀនវិទ្យាសាស្ត្រ និងភាសាអង់គ្លេសកម្រិតមធ្យមសិក្សា។

ក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា កម្មវិធីនេះផ្តោតទៅលើការសិក្សាភាសាអង់គ្លេសសម្រាប់លើកកម្ពស់ការអប់រំស្ទែម ដោយប្រើភាសាអង់គ្លេសជាឧបករណ៍សម្រាប់ជួយគ្រូបង្រៀនឱ្យអាចប្រើប្រាស់ចំណេះដឹង និងធនធានការអប់រំស្ទែមកាន់តែទូលំទូលាយ និងយកទៅអនុវត្តក្នុងការបង្រៀនជាក់ស្តែង។ ពង្រឹងសមត្ថភាពភាសាអង់គ្លេសដែលចាំបាច់ដល់កម្រិត CEFR B2 ដើម្បីគាំទ្រការបង្រៀន និងការរៀនមុខវិជ្ជាវិទ្យាសាស្ត្រ និងភាសាអង់គ្លេសសម្រាប់ការអប់រំស្ទែម ពង្រឹងសមត្ថភាពស្រាវជ្រាវ វាយតម្លៃ និងប្រើប្រាស់ធនធានការអប់រំស្ទែមដែលមានគុណភាពពីប្រភពជាតិ និងអន្តរជាតិសម្រាប់ការបង្រៀនប្រចាំថ្ងៃពង្រឹងសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីគាំទ្រការបង្រៀន និងរៀនមុខវិជ្ជាវិទ្យាសាស្ត្រ និងភាសាអង់គ្លេស តាមទម្រង់ចម្រុះសមកាល និងអសមកាល៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)





