ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកប្រេងឥន្ធនៈ និងស្បៀងអាហារ អំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនអ្នកបើកសាឡាងនៅឃុំដងកាំបិត
AKP កំពង់ធំ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦--ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដងកាំបិត នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំសហការី នាំយកប្រេងឥន្ធនៈ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ អំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ទៅប្រគល់ជូនអាជ្ញាធរឃុំ និងក្រុមអ្នកបើកសាឡាងដឹកជញ្ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សឆ្លងកាត់ដងស្ទឹងសែន ក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា កន្លងទៅនេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ លោកបានផ្ដល់សាឡាងចំនួនមួយគ្រឿង និងប្រេងឥន្ធនៈ តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ សម្រាប់ប្រើប្រាស់ក្នុងការដឹកជញ្ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលត្រូវធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែននៅក្នុងរដូវវស្សា ដោយធានាបានសុវត្ថិភាព ហើយកិច្ចការងារនេះ បានធ្វើនៅក្នុងរដូវវស្សាអស់រយៈពេលជាង ២ ឆ្នាំកន្លងមកហើយ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូននៅប្រេងឥន្ធនៈចំនួន ៣០០លីត្របន្ថែមទៀត សម្រាប់ប្រើប្រាស់ក្នុងខែកញ្ញា ឆ្នាំ២០២៦ និងស្បៀងអាហារ គ្រឿងឧបភោគបរិភោគសម្រាប់អ្នកបើកសាឡាងចំនួន ៣នាក់ ដោយក្នុងម្នាក់ៗទទួលបាននូវអង្ករចំនួន ២៥គីឡូក្រាម មីជាតិចំនួនមួយកេស ទឹកត្រីទឹកស៊ីអ៊ីវចំនួនពីរយួរ និងត្រីខកំប៉ុងចំនួនមួយយួរ។ ដោយឡែកប្រជាការពារចំនួន១២នាក់ ក៏ទទួលបាននូវត្រីខ កំប៉ុង ក្នុងម្នាក់ៗចំនួនមួយយួរផងដែរ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានផ្ដាំផ្ញើដល់អ្នកបើកសាឡាង និងអាជ្ញាធរដែនដី ឃុំ ត្រូវយកចិត្តទុកដាក់ថែរក្សាសាឡាងដែលបានផ្ដល់ជូននេះ ដើម្បីប្រើប្រាស់បានយូរអង្វែង ជាមួយនោះ ផងដែរ ត្រូវយកចិត្តទុកដាក់ការពារឲ្យបានសុវត្ថិភាពជូនប្រជាជន និងសិស្សានុសិស្សដែលត្រូវធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែនក្នុងរដូវវស្សានេះ។

លោក លុន យ៉េន ប្រធានក្រុមប្រឹក្សាឃុំ តំណាងឱ្យក្រុមបើកបរសាឡាងដឹកជញ្ជូន និងប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែន នៅឃុំដងកាំបិត បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដែលបានយកចិត្តទុកដាក់ផ្ដល់ជូនសាឡាង និងប្រេងឥន្ធនៈជាបន្តបន្ទាប់ សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ប្រកបដោយសុវត្ថិភាពក្នុងការឆ្លងកាត់ដងស្ទឹងសែន ក្នុងរដូវវស្សានៅក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ និងសូមគោរពជូនពរសម្ដេច លោកជំទាវ និងឯកឧត្តមប្រធានក្រុមការងារ សូមទទួលបាននូវពុទ្ធពរទាំង ៤ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ស៊ុម វណ្ណា





