តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ៖ បញ្ហាសិទ្ធិមនុស្ស និងមនុស្សធម៌ ដែលកើតមានពីជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងនោះ ប្រជាពលរដ្ឋកម្ពុជា ជាង ២០ ០០០ នាក់ នៅតែបន្តភៀសខ្លួន
AKP ភ្នំពេញ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានគូសបញ្ជាក់ពីផលប៉ះពាល់បន្តបន្ទាប់ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស និងមនុស្សធម៌ ដែលកើតមានពីជម្លោះព្រំដែនកម្ពុជា-ថៃ ដែលក្នុងនោះប្រជាពលរដ្ឋកម្ពុជាជាង ២០ ០០០ នាក់ នៅតែបន្តភៀសខ្លួន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលត្រូវបានបំផ្លិចបំផ្លាញ។ ការគូសបញ្ជាក់របស់ឯកឧត្តមឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បែបនេះ ក្នុងឱកាសថ្លែងបទអន្តរាគមន៍ នាសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្រោមរបៀបវារៈទី២៖ ក្នុងអំឡុងកិច្ចពិភាក្សាទូទៅស្តីពីរបាយការណ៍ប្រចាំឆ្នាំរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងបទអន្ដរាគមន៍នោះ ឯកឧត្តម កែ សុវណ្ណ បានសម្តែងនូវកង្វល់យ៉ាងធ្ងន់ធ្ងរ ដែលកងកម្លាំងប្រដាប់អាវុធថៃនៅតែបន្តសកម្មភាពខុសច្បាប់នៅក្នុងតំបន់កាន់កាប់ដែលស្ថិតក្នុងដែនដីកម្ពុជា ដោយការបង្កើតស្ថានភាពថ្មី (faits accomplis) តាមរយៈការដាក់របងលួសបន្លា កុងតឺន័រ ហេដ្ឋារចនាសម្ព័ន្ធយោធា និងស៊ីវិល និងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋថៃ មុនពេលមានការខណ្ឌសីមា និងបោះបង្គោលព្រំដែនរួមគ្នា។

ឯកឧត្តមឯកអគ្គរាជទូតក៏បានអំពាវនាវឱ្យមានការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ រួមទាំងអធិបតេយ្យភាព បូរណភាពដែនដី និងការដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីបញ្ចប់ការរងទុក្ខវេទនារបស់ប្រជាពលរដ្ឋស៊ីវិល និងសម្រេចបាននូវសន្តិភាពយូរអង្វែង៕

ដោយ៖ រិទ្ធី, ប្រភព៖ ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ





