លោក ដាវ លីឌុច រីករាយបង្ហាញវប្បធម៌ប្រវត្តិសាស្ត្រ ក្បាច់គុនបុរាណខ្មែរ ដែលនឹងដើរតួអង្គ ក្នុងភាពយន្ត «ល្បុក្កតោ អ្នកចម្បាំងអង្គរ»
AKP ភ្នំពេញ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦--លោក ដាវ លីឌុច (Dave Leduc) បានបង្ហាញក្តីរីករាយយ៉ាងខ្លាំង ក្នុងការបង្ហាញនូវវប្បធម៌កម្ពុជា ប្រវត្តិសាស្ត្រ ក្បាច់គុនបុរាណខ្មែរ ប្រាសាទបុរាណ ហើយលោកគិតថាមនុស្សជាច្រើនលើពិភពលោក និងទស្សនាខ្សែភាពយន្តនេះ។

ក្តីរីករាយរបស់លោក ដាវ លីឌុច បានធ្វើឡើងនៅក្នុងបទសម្ភាសន៍មួយ ក្រោយពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាមួយស្តីពីការផលិតភាពយន្តខ្នាតធំ «ល្បុក្កតោ អ្នកចម្បាំងអង្គរ» នៅផ្សារទំនើបជីបម៉ុងមេហ្គាម៉ល នៅដើមសប្តាហ៍នេះ ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ និងបណ្ឌិតសភាល្បុក្កតោកម្ពុជា។

លោក ដាវ លីឌុច កីឡាករយុទ្ធគុនចម្រុះ និងម្ចាស់ក្លឹបប្រដាល់ Kong នៅលើទឹកដីកោះរ៉ុងរបស់កម្ពុជានឹងដើរតួសម្តែង ក្នុងខ្សែភាពយន្តនឹងបង្ហាញអំពីក្បាច់គុនល្បុក្កតោបុរាណខ្មែរ មានចំណងជើងថា «ល្បុក្កតោ អ្នកចម្បាំងអង្គរ»។ កីឡាកររហស្សនាមស្តេចប្រដាល់ឡាតវ៉េ អះអាងថា គេនឹងត្រូវហ្វឹកហាត់អំពីក្បាច់គុនល្បុក្កតោ ជាមួយក្រុមការងារ ដើម្បីត្រៀមខ្លួនឱ្យបានល្អ សម្រាប់ការសម្តែងភាពយន្ត ដែលបង្ហាញពីវប្បធម៌ ប្រាសាទបុរាណខ្មែរ និងក្បាច់យុទ្ធគុនខ្មែររួមបញ្ចូលគ្នានេះ។

លោក ដាវ លីឌុច បានចាត់ទុកភាពយន្ត «ល្បុក្កតោ អ្នកចម្បាំងអង្គរ» ជាឱកាសរុញច្រានក្បាច់គុនល្បុក្កតោខ្មែរ ដែលមានវ័យចំណាស់ជាងប្រដាល់គុនខ្មែរ ឱ្យងើបឡើងនូវភាពល្បីល្បាញទៅកាន់ពិភពលោក។ «ខ្ញុំធ្លាប់ចូលរួមក្នុងវីដេអូឯកសារ ក៏ដូចជាការថតភាពយន្តមួយនៅមីយ៉ាន់ម៉ា ប៉ុន្តែរឿងមួយនោះមិនបានចាក់ផ្សាយនោះឡើយ។ ហើយនៅទីនេះគឺនឹងក្លាយជាខ្សែភាពយន្តដំបូងបង្អស់របស់ខ្ញុំ។
លោកគូសបញ្ជាក់បែបនេះថា «ពិតណាស់ ខ្ញុំពិតរីករាយក្នុងការបង្ហាញនូវវប្បធម៌កម្ពុជា ប្រវត្តិសាស្ត្រ ក្បាច់គុនបុរាណខ្មែរ ប្រាសាទបុរាណ ហើយខ្ញុំគិតថាមនុស្សជាច្រើនលើពិភពលោក និងទស្សនាខ្សែភាពយន្តនេះ។ ដូចដែលរដ្ឋមន្ត្រីក្រសួងទេសចរណ៍ធ្លាប់បានមានប្រសាសន៍ នោះគឺទេសចរណ៍ភាពយន្ត យើងនឹងបង្ហាញទៅកាន់ប្រទេសជាច្រើន ហើយពួកគេនឹងធ្វើដំណើរមកកម្សាន្តនៅប្រទេសកម្ពុជា ដើម្បីមើលឱ្យឃើញដោយផ្ទាល់តែម្តង។ បើសិនយើងក្រឡែកទៅមើលលើគុនខ្មែរ សម័យបច្ចុប្បន្នយើងប្រយុទ្ធដោយមានពាក់ស្រោមដៃសម្រាប់វាយគ្នា តែល្បុក្កតោដែលមានអាយុចាស់ជាងគុនខ្មែរ កាលពីសម័យបុរាណ គឺប្រើប្រាស់ខ្សែដើម្បីរុំដៃ ពេលខ្លះគឺប្រើដៃទទេទៀតផងកាលពីជំនាន់នោះ។ ដូច្នេះខ្ញុំពិតជារំភើប ដែលបានបង្ហាញអំពីដំណើរនៃការកើតឡើងនូវយុទ្ធគុនខ្មែរបុរាណ ដែលជាបុព្វបុរសក្បាច់គុនដំបូងរបស់គុនខ្មែរ»។
លោក ដាវ លីឌូច លើកឡើងបែបនេះថា៖ «ខ្ញុំគិត គឺតែមួយរួមគ្នា (គុនខ្មែរនិងល្បុក្កតោ)។ ថ្វីដ្បិតតែបច្ចុប្បន្នកីឡាគុនខ្មែរមានប្រជាប្រិយភាពខ្លាំងជាជាងល្បុក្កតោក៏ពិតមែន ប៉ុន្តែខ្ញុំពិតមានកិត្តិយសក្នុងការរួមចំណែកជួយផ្សព្វផ្សាយធ្វើឱ្យគុនល្បុក្កតោកាន់តែមានភាពល្បីល្បាញខ្លាំងឡើង។ «ពេលនេះខ្ញុំអាចចូលសម្តែងភាពយន្ត ដែលប្រមូលផ្តុំទៅដោយក្បាច់គុនបុរាណខ្មែរ វប្បធម៌ និងប្រាសាទបុរាណខ្មែរជាច្រើន ខ្ញុំពិតជាមានកិត្តិយសខ្លាំងចំពោះឱកាសរួមជាចំណែកក្នុងខ្សែភាពយន្តប្រវត្តិសាស្ត្រមួយនេះ។ ខ្ញុំជឿជាក់ថាភាពយន្តមួយនេះនឹងក្លាយជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់កម្ពុជា ហើយខ្ញុំនឹងលះបង់គ្រប់បែបយ៉ាងក្នុងការសម្តែងនូវភាពយន្តមួយនេះឱ្យបានល្អ»។

គួរបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្តសិល្បៈ និងក្រសួងទេសចរណ៍ ព្រមជាមួយបណ្ឌិតសភាល្បុក្កតោកម្ពុជាប្រកាសគាំទ្រការផលិតខ្សែភាពយន្តខ្នាតធំ «ល្បុក្កតោ អ្នកចម្បាំងអង្គរ» ដោយខ្សែភាពយន្តខ្នាតធំមួយនេះ គ្រោងចាប់ផ្តើមថតចាប់ពីខែ មករា ឆ្នាំ២០២៧តទៅ។ ឯកឧត្តម ប៉ាក់ សុខម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍បានលើកឡើងពីការគាំទ្រយ៉ាងមុតមាំ ចំពោះគំនិតផ្តួចផ្តើមរបស់ផលិតករកម្ពុជា។ ចំពោះឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានគូសបញ្ជាក់ថា ក្បាច់គុនល្បុក្កតោ គឺជាបេតិកភណ្ឌអរូបិយនៃមនុស្សជាតិ ហើយភាពយន្តខ្នាតធំនេះ គឺជារូបភាពនៃសាច់រឿងមួយដែលយើងអាចនាំទៅឱ្យពិភពលោកបានស្គាល់បន្ថែម តាមរយៈភាពយន្តខ្នាតធំនេះ កាន់តែរំលេចអំពីវប្បធម៌អរិយធម៌ ពិសេសក្បាច់គុនល្បុក្កតោរបស់ខ្មែរយើង នឹងជួយទាក់ទាញឱ្យប្រជាជននៅលើពិភពលោកចង់ដឹងចង់ឃើញពីក្បាច់គុនដ៏រស់រវើករបស់ខ្មែរផងដែរ៕
ដោយ ហេង ណាលីន





