ថ្នាក់ដឹកនាំ និងអង្គភាពចំណុះក្រសួងមហាផ្ទៃបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេលខ្លីស្តីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)
AKP ភ្នំពេញថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២៦–
ថ្នាក់ដឹកនាំ និងប្រធានក្រុមការងារយេនឌ័រតាមបណ្តាអង្គភាព និងអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេលខ្លីស្តីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)។

វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) រយៈពេល២ថ្ងៃជូនដល់ថ្នាក់ដឹកនាំ និងប្រធានក្រុមការងារយេនឌ័រតាមបណ្តាអង្គភាព និងអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ បានបិទបញ្ចប់នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមវត្តមានចូលរួមពីលោកជំទាវ អុង សុភាវី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ។
វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមសរុបប្រមាណ ៩០រូប ក្នុងនោះមានស្ត្រីចំនួន ៦៥រូប ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង និងជំនាញមូលដ្ឋានរបស់មន្ត្រីរាជការ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយប្រសិទ្ធភាព ទំនួលខុសត្រូវ និងស្របតាមក្រមសីលធម៌ សម្រាប់ការអនុវត្តការងារប្រចាំថ្ងៃនៅតាមអង្គភាពសាមី។

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃគូសបញ្ជាក់ថា ក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាលសិក្ខាកាមទទួលបាននូវចំណេះដឹង និងជំនាញដូចជា ១. យល់ដឹង និងអាចបកស្រាយអំពីមូលដ្ឋានគ្រឹះនៃ AI ដំណើរវិវត្តន៍ ប្រភេទសំខាន់ៗ រួមមាន Predictive AI, Generative AI, Conversational AI និង Agentic AI ព្រមទាំងពាក្យបច្ចេកទេសសំខាន់ៗពាក់ព័ន្ធ។ ២. ស្គាល់ឧបករណ៍ AI ពេញនិយម ដូចជា ChatGPT, Claude និង Gemini ព្រមទាំងឧបករណ៍ AI ជាភាសាខ្មែរ និងអាចជ្រើសរើសប្រើប្រាស់ឱ្យសមស្របទៅនឹងការងារ។
៣. អាចសរសេរពាក្យបញ្ជា (Prompt) តាមរចនាសម្ព័ន្ធ៥ធាតុ រួមមាន តួនាទី បរិបទ កិច្ចការ ទម្រង់ និងដែនកំណត់ប្រកបដោយប្រសិទ្ធភាពសម្រាប់កិច្ចការរដ្ឋបាលប្រចាំថ្ងៃ។ ៤. អាចប្រើប្រាស់ AI ដោយសុវត្ថិភាព យកចិត្តទុកដាក់លើការការពារទិន្នន័យ និងគោរពក្រមសីលធម៌តាមគោលការណ៍៥យ៉ាងសម្រាប់មន្ត្រីរាជការ និង៥. អាចផ្ទៀងផ្ទាត់ និងវាយតម្លៃលទ្ធផលដែលបង្កើតដោយ AI មុននឹងយកទៅប្រើប្រាស់៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ)





