បទវិចារណកថា៖ កម្ពុជាបង្ហាញការប្តេជ្ញាចិត្តមុតមាំ និងឥតងាករេក្នុងការលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
AKP ភ្នំពេញ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ -- ខណៈបច្ចេកវិទ្យាឌីជីថលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅទូទាំងអាស៊ីអាគ្នេយ៍ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានក្លាយជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយចំពោះសន្តិសុខក្នុងតំបន់ ស្ថិរភាពសេដ្ឋកិច្ច និងសិទ្ធិមនុស្ស។ បណ្តាញឆបោកដែលមានភាពស្មុគស្មាញកំពុងប្រតិបត្តិការឆ្លងកាត់ព្រំដែន ដោយឆ្លៀតឱកាសពីចន្លោះប្រហោងនៃយុត្តាធិការ និងបច្ចេកវិទ្យាថ្មីៗ។ ឆ្លើយតបនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងបង្ហាញភាពជាអ្នកដឹកនាំយ៉ាងសកម្ម និងម៉ឺងម៉ាត់ ដើម្បីកាត់ផ្តាច់ និងលុបបំបាត់បណ្តាញឧក្រិដ្ឋកម្មទាំងនេះ។

តាមរយៈការរៀបចំ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅរាជធានីភ្នំពេញ នាថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» កម្ពុជាកំពុងផ្ញើសារយ៉ាងច្បាស់លាស់ទៅកាន់សហគមន៍អន្តរជាតិថា កម្ពុជាមានឆន្ទៈនយោបាយ យន្តការស្ថាប័ន និងសមត្ថភាពអនុវត្តច្បាប់ដែលចាំបាច់ ដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែនដ៏ស្មុគស្មាញនេះ។

ព្រឹត្តិការណ៍នេះនឹងក្លាយជាចំណុចសំខាន់មួយសម្រាប់កិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់ ដោយមានការចូលរួមពីតំណាងរដ្ឋាភិបាល អង្គការអន្តរជាតិ ស្ថាប័នអនុវត្តច្បាប់ គ្រឺះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យា គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងភាគីពាក់ព័ន្ធផ្សេងៗ។ ការរៀបចំវេទិកាអន្តរជាតិនេះបង្ហាញថា កម្ពុជាទទួលស្គាល់ថា គ្មានប្រទេសណាមួយអាចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាតែឯកឯងបានទេ ប៉ុន្តែទាមទារឱ្យមានការឆ្លើយតបឆ្លងដែន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ការប្តេជ្ញាចិត្តផ្នែកនយោបាយរបស់កម្ពុជាត្រូវបានឆ្លុះបញ្ចាំងតាមរយៈលទ្ធផលប្រតិបត្តិការជាក់ស្តែង ដែលអនុវត្តតាមយុទ្ធសាស្ត្រដ៏ម៉ឺងម៉ាត់នៅទូទាំងប្រទេស និងមានការចូលរួមពីស្ថាប័នពាក់ព័ន្ធជាច្រើន។ យោងតាមលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជា បានបង្កកទ្រព្យសម្បត្តិពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយក្នុងនោះ ថវិកាជាង ៣០០លានដុល្លារអាម៉េរិក ក្នុងគណនីធនាគារ ត្រូវបានបង្កក រួមទាំងទ្រព្យសម្បត្តិពាក់ព័ន្ធផ្សេងទៀត ដែលកំពុងបន្តនីតិវិធីបង្កក និងធ្វើការវាយតម្លៃជាបន្តបន្ទាប់។
ជាមួយគ្នានេះ ដំណើរការនីតិវិធីតុលាការកំពុងប្រព្រឹត្តទៅយ៉ាងសកម្ម ដើម្បីផ្តន្ទាទោសជនល្មើសទៅតាមផ្លូវច្បាប់ជាធរមាន។ សមត្ថកិច្ចបានកសាង និងបញ្ជូនសំណុំរឿងសរុបចំនួន ៤៤៦ ករណី ទៅកាន់តុលាការ ដែលពាក់ព័ន្ធនឹងជនត្រូវចោទចំនួន ៣ ៩២៧ នាក់ រួមមានទាំងមេខ្លោង និងគូកន មកពី ២៩ សញ្ជាតិ។
ជាមួយនឹងការអនុវត្តនីតិវិធីផ្តន្ទាទោសចំពោះឧក្រិដ្ឋជន សមត្ថកិច្ច ក៏បានអនុវត្តន៍វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះមន្ត្រីអាជ្ញាធរដែលរកឃើញថាមានការជាប់ពាក់ព័ន្ធផងដែរ ក្នុងនោះ មានសំណុំរឿងចំនួន ៤ ករណី ពាក់ព័ន្ធនឹងជនសង្ស័យ ១៥ នាក់ ត្រូវបានចាត់វិធានការ រួមមាន៖ ព្រះរាជអាជ្ញារង អគ្គនាយករងអន្តោប្រវេសន៍ ស្នងការរងនគរបាលរាជធានីភ្នំពេញ អតីតអគ្គនាយកនៃក្រសួងការបរទេស ព្រមទាំងមន្ត្រីនគរបាល និងយោធាមួយចំនួនទៀត។
កងកម្លាំងសមត្ថកិច្ចជំនាញ បានអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល និងបានបើកប្រតិបត្តិការស្រាវជ្រាវ និងត្រួតពិនិត្យទីតាំងសង្ស័យសរុប ៨៣២ ទីតាំង ដោយក្នុងនោះ បានឈានទៅបើកប្រតិបត្តិការបង្ក្រាបបានចំនួន ៦៦៣ ទីតាំង។ ទន្ទឹមនេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាប និងគ្រប់គ្រងមណ្ឌលឆបោក (Scam Compounds) ធំៗចំនួន ៨៦ ទីតាំង ដែលអាជ្ញាធរមានសមត្ថកិច្ចកំពុងអនុវត្តនីតិវិធីដើម្បីឈានទៅរឹបអូសតាមច្បាប់ជាធរមាន។
លើសពីនេះ កាលពីខែមេសា ឆ្នាំ២០២៦ កម្ពុជាបានអនុម័ត ច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា ដែលកំណត់ទោសធ្ងន់ធ្ងរ រួមទាំងទោសជាប់ពន្ធនាគារអស់មួយជីវិតចំពោះបទល្មើសធ្ងន់ធ្ងរ ដើម្បីបង្កើតជារបាំងផ្លូវច្បាប់ដ៏រឹងមាំប្រឆាំងនឹងឧក្រិដ្ឋកម្មឌីជីថល។
នៅពេលសម្ពាធអនុវត្តច្បាប់កាន់តែខ្លាំង បណ្តាញឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតក៏កំពុងសម្របខ្លួនជាបន្តបន្ទាប់ ដោយបំបែកប្រតិបត្តិការទៅជាបណ្តាញតូចៗ និងលាក់លៀមជាងមុន។ ដោយទទួលស្គាល់ពីការវិវត្តនៃយុទ្ធសាស្ត្ររបស់ក្រុមឧក្រិដ្ឋជន អាជ្ញាធរកម្ពុជាបានបន្តអនុវត្តការត្រួតពិនិត្យ និងបង្ក្រាបប្រកបដោយភាពបត់បែនទូទាំងប្រទេស ដើម្បីធានាថា ក្រុមឧក្រិដ្ឋជនមិនអាចរកកន្លែងសុវត្ថិភាពសម្រាប់ប្រតិបត្តិការរបស់ខ្លួនបានឡើយ។
សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅរាជធានីភ្នំពេញនាពេលខាងមុខ នឹងបង្ហាញពីវិធីសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កម្ពុជា តាមរយៈការរួមបញ្ចូលការអនុវត្តច្បាប់ក្នុងប្រទេស កំណែទម្រង់ច្បាប់ ការចែករំលែកព័ត៌មានស៊ើបការណ៍អន្តរជាតិ ការគ្រប់គ្រងហិរញ្ញវត្ថុឌីជីថល និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងវិស័យឯកជន។ តាមរយៈការអញ្ជើញភាគីពាក់ព័ន្ធអន្តរជាតិសំខាន់ៗមកចូលរួមនៅខែកញ្ញានេះ កម្ពុជាបាននិងកំពុងជំរុញកិច្ចប្រឹងប្រែងប្រឆាំងការឆបោកក្នុងតំបន់ ពីវិធានការឆ្លើយតប ទៅជាកិច្ចសហប្រតិបត្តិការសកល និងសកម្ម។
តាមរយៈឆន្ទៈនយោបាយដ៏ម៉ឺងម៉ាត់ លទ្ធផលជាក់ស្តែងនៃការអនុវត្តច្បាប់ និងការដឹកនាំផ្នែកការទូតយ៉ាងសកម្ម រាជរដ្ឋាភិបាលកម្ពុជាកំពុងបង្ហាញដល់ពិភពលោកនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងឥតងាករេ ក្នុងការលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យបានជាស្ថាពរ៕
AKP





