អាជ្ញាធរជាតិព្រះវិហារប្រារព្ធពិធីសែនព្រេនបើកការដ្ឋានគម្រោងអភិរក្ស និងជួសជុលប្រាសាទប្រាំ
AKP ភ្នំពេញ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦--នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦នេះបានប្រារព្ធពិធីសែនព្រេន តាមប្រពៃណី បើកការដ្ឋានគម្រោងអភិរក្ស និងជួសជុលប្រាសាទប្រាំ រមណីយដ្ខាន កោះកេរ ភូមិកោះកេរ ឃុំស្រយង់ស្រុកគូលែន ខេត្តព្រះវិហារ ដំណាក់កាលទី២ ដែលមានការចូលរួមពីលោក អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋាន និងលោក ភិន ភក្ដី អនុប្រធាន នៃនាយដ្ឋានអភិរក្ស និងបុរាណវិទ្យា រួមជាមួយមន្ត្រីបច្ចេកទេស និងពលករជំនាញ ។

គម្រោងអភិរក្ស និងជួសជុលប្រាសាទប្រាំ ដំណាក់កាលទី២ នេះ មានរយៈពេល៤ខែ ហើយគ្រោងនឹងសម្រេចបាននូវការងារចំនួនបីគឺទី១ ជួសជុលប្រាសាទឥដ្ឋ ប្រាង្គខាងជើង និងកាត់លះមែកឈើខ្លះដើម្បីបន្ថយទម្ងន់, ទី២ ទល់ទ្របណ្ណាល័យថ្មបាយក្រៀមខាងជើងដែលប្រឈមហានិភ័យខ្ពស់ និងទី៣ អភិរក្សផ្ដែរប្រាសាទ និងបណ្ណាល័យចំនួន០៤ ។ការងារអភិរក្ស និងជួសជុសប្រាសាទប្រាំ គឺអនុវត្តតាមផែនការ និងអនុសាសន៍របស់អ្នកជំនាញការ អាដហុក កាលពីសម័យប្រជុំថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២៦ ដើម្បីទប់ស្កាត់ការខូចខាតរចនាសម្ព័ន្ធប្រាសាទ រក្សាតម្លៃប្រវត្តសាស្រ្ត និងសុវត្ថិភាពដល់ភ្ញៀវទេសចរណ៍។

គម្រោងអភិរក្ស និងជួសជុលប្រាសាទប្រាំ ដំណាក់កាលទី១ បានអនុវត្តន៍រួចរាល់កាលពីឆ្នាំ២០២៥ ដោយបានអភិរក្ស និងជួសជុលប្រាសាទឥដ្ឋ ប្រាង្គខាងត្បូង និងប្រាង្គកណ្ដាល ៕

ដោយ ណយ នឿន (ប្រភព៖អាជ្ញាធរជាតិព្រះវិហារ)





