សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជំរុញនារីខេត្តបន្ទាយមានជ័យរួមគ្នាអនុវត្តផែនការបោះឆ្នោត ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍
AKP បន្ទាយមានជ័យ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦--សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានជំរុញឱ្យថ្នាក់ដឹកនាំ និងសមាជិកាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តបន្ទាយមានជ័យ បន្តរួមគ្នាសហការ និងខិតខំបំពេញការងារឱ្យបានល្អប្រសើរ ជាពិសេសការចូលរួមអនុវត្តផែនការការងារបោះឆ្នោតនាពេលខាងមុខ ដើម្បីចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍជាតិ។

ការលើកឡើងរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ និងសមាជិកាសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តបន្ទាយមានជ័យ នារាត្រីថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាខេត្តបន្ទាយមានជ័យ។
ជំនួបនេះ មិនត្រឹមតែជាពេលវេលាសម្រាប់ការជួបជុំប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាមួយសម្រាប់ពង្រឹងសាមគ្គីភាព ផ្សារភ្ជាប់ទំនាក់ទំនង និងលើកទឹកចិត្តដល់សមាជិកាសមាគមនារីឱ្យបន្តចូលរួមយ៉ាងសកម្មក្នុងការងារសង្គម មនុស្សធម៌ និងការអភិវឌ្ឍនៅមូលដ្ឋាន។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសម្តែងក្តីរីករាយ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅដល់ លោកជំទាវ ជ័យ ណាវី អនុប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកាសមាគមនារីគ្រប់លំដាប់ថ្នាក់។
សម្តេចបានវាយតម្លៃថា ការយកចិត្តទុកដាក់ និងការគាំទ្រពីថ្នាក់ដឹកនាំខេត្ត គឺជាកម្លាំងជំរុញដ៏សំខាន់មួយដែលអនុញ្ញាតឱ្យស្ត្រីអាចបំពេញតួនាទីរបស់ខ្លួនបានកាន់តែទូលំទូលាយ ទាំងក្នុងការងារសង្គម មនុស្សធម៌ ការជួយប្រជាពលរដ្ឋដែលជួបការលំបាក និងការលើកកម្ពស់តួនាទីស្ត្រីនៅក្នុងសង្គម។
ជាមួយគ្នានេះ សម្តេចកិត្តិសង្គហបណ្ឌិតបានថ្លែងអំណរគុណដល់ក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

សម្តេចបានចាត់ទុកការចូលរួមរបស់ក្រុមការងារទាំងនេះថា ជាផ្នែកមួយដែលបានរួមចំណែកធ្វើឱ្យការងារអភិវឌ្ឍមូលដ្ឋាន និងការបម្រើប្រជាពលរដ្ឋទទួលបានលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ និងជាមូលដ្ឋានសម្រាប់បន្តពង្រឹងសមិទ្ធផលនានានាពេលខាងមុខ។
ចំណុចសំខាន់ដែលសម្តេច ម៉ែន សំអន បានផ្តាំផ្ញើដល់នារីខេត្តបន្ទាយមានជ័យ គឺត្រូវមើលឃើញការងាររបស់សមាគមឱ្យលើសពីការងារប្រចាំថ្ងៃ។ សម្តេចបានណែនាំថា ក្រៅពីការខិតខំបំពេញការងារស្នូលប្រចាំថ្ងៃក្នុងសមាគម និងក្នុងស្ថាប័ននីមួយៗ សមាជិកាសមាគមទាំងអស់ត្រូវរួមគ្នាសហការ និងខិតខំប្រឹងប្រែងអនុវត្តផែនការការងារបោះឆ្នោតនាពេលខាងមុខ ឱ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានសង្កត់ធ្ងន់ថា ការចូលរួមអនុវត្តផែនការការងារបោះឆ្នោត មិនគួរត្រូវបានមើលឃើញដោយឡែកពីបេសកកម្មធំៗរបស់សមាគមនារីនោះឡើយ ប៉ុន្តែជាផ្នែកមួយនៃការចូលរួមក្នុងជីវភាពសង្គម និងការរួមចំណែករក្សាបាននូវបរិយាកាសសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេស។ជាពិសេស សម្តេចបានអំពាវនាវឱ្យសមាជិកាសមាគមនារីបន្តរក្សាសាមគ្គីភាព ធ្វើការជាក្រុម សហការគ្នា និងបំពេញតួនាទីដោយការទទួលខុសត្រូវ ដើម្បីឱ្យការងារដែលបានដាក់ចេញសម្រេចបានតាមគោលដៅ។
សម្រាប់ខេត្តបន្ទាយមានជ័យ ការបន្តពង្រឹងសាមគ្គីភាពរបស់សមាជិកាសមាគមនារី ការចូលរួមក្នុងការងារសង្គម និងការអនុវត្តភារកិច្ចតាមផែនការដែលបានដាក់ចេញ ត្រូវបានចាត់ទុកថាជាកម្លាំងបន្ថែមមួយក្នុងការភ្ជាប់ស្ថាប័នជាមួយប្រជាពលរដ្ឋ និងបន្តកសាងសហគមន៍ឱ្យកាន់តែមានភាពរឹងមាំ សុខដុមរមនា និងរីកចម្រើន៕
ដោយ៖ ឈុន សារ៉ាត





